សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ និងអបអរសាទរ​ ក្នុងពិធីរំលឹកខួប៣០ឆ្នាំ ​នៃថ្ងៃ​បង្កើតកងវរសេនាតូចលេខ២៤៦ ​និងខួប១១ឆ្នាំ ​នៃថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្ស

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតជូនពរ និងអបអរសាទរ ក្នុងឱកាសពិធីរំឭកខួបគម្រប់៣០ឆ្នាំ ថ្ងៃបង្កើតកងវរសេនាតូចលេខ២៤៦ និងខួបគម្រប់១១ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្ស ដែលប្រារព្ធរៀបចំឡើងនៅបញ្ជាកការដ្ឋានអង្គរក្ស នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០នេះ។

ក្នុងសារសិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «ក្នុងឱកាសដ៏នក្ខត្តឫក្សឧត្តុង្គឧត្តមនៃពិធីរំឭកខួបគម្រប់ ៣០ឆ្នាំ ថ្ងៃប្រកាសបង្កើតកងវរសេនាតូចលេខ២៤៦ និងខួបគម្រប់១១ឆ្នាំ ថ្ងៃប្រកាសបង្កើតបញ្ជាការដ្ឋានអង្គរក្ស ខណៈនេះខ្ញុំ និងភរិយា សូមចូលរួមអបអរសាទរ ប្រកបដោយមោទកភាព និងមនោសញ្ចេតនាសោមនស្សរីករាយជាអនេកប្បការ ចំពោះវឌ្ឍនភាពដ៏ធំធេងថ្មីៗ ជាបន្តបន្ទាប់ដែលថ្នាក់ដឹកនាំគ្រប់ថ្នាក់ យកនូវឆន្ទៈមនសិកាដ៏ស្រួចស្រាល់ បំពេញកាតព្វកិច្ចពោរពេញដោយវិន័យ ថ្លៃថ្នូរ មោះមុតមិនរួញរាពុះពារជម្នះឧបសគ្គទោះ ក្នុងកាលៈទេសៈណាក៏ដោយ»។

ជាមួយគ្នានេះ សម្តេចតេជោបានថ្លែងនូវការកោតសរសើរដោយស្មោះ ចំពោះឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ ព្រមទាំងមេបញ្ជាការ មេបញ្ជាការរង គ្រប់លំដាប់ថ្នាក់ ដែលបានដឹកនាំអនុវត្តភារកិច្ច ទទួលបានលទ្ធផលដ៏គាប់ប្រសើរគឺ៖ ១. បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ ការពារជូនភ្ញៀវជាតិ និងអន្តរជាតិ ដែលមកបំពេញបេសកកម្ម។ ២. ចល័តកម្លាំងអន្តរាគមន៍ សហប្រតិបត្តិការក្នុងកិច្ចការការពារបូរណភាពដែនដី បានយ៉ាងល្អប្រសើរ។ ៣. ចេះកៀរគរចលនាសប្បុរសជននានា ទាំងក្នុង និងក្រៅប្រទេស សាងសង់ជំរំជម្រករាប់រយខ្នង និងទិញមធ្យោបាយដឹកជនគ្រប់ប្រភេទ ព្រមទាំងគ្រឿងបំពាក់ជាច្រើន ដើម្បីប្រើប្រាស់លើកិច្ចការការពារសន្តិសុខ សុវត្ថិភាព ជូនរាជរដ្ឋាភិបាល ជួយកាត់បន្ថយការលំបាករបស់ខ្ញុំ និងភរិយា។ ៤. ចុះអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយផ្សេងៗ ធ្វើជាសេនាធិការឱ្យកាកបាតក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធានបានទាន់ពេលវេលា និងល្អប្រើសើរ។

៥. ជាពិសេសក្នុងបេសកកម្មធានាការពារសន្តិសុខ សុវត្ថិភាព ដល់រូបខ្ញុំ និងភរិយា ព្រមទាំងក្រុមគ្រួសារ ដោយអនុវត្តន៍តាមអភិក្រមទាំងបី របស់បញ្ជាការដ្ឋានអង្គរក្ស «១. ស្មោះត្រង់ ២. ការពារ ៣.បម្រើ។

សូមជម្រាបថា ពិធីរំឭកខួប៣០ឆ្នាំ នៃថ្ងៃប្រកាសបង្កើតកងវរសេនាតូចលេខ ២៤៦ (២៤ មិថុនា ១៩៩០ -២៤ មិថុនា ២០២០) និងខួបអនុស្សាវរីយ៍គម្រប់​១១ឆ្នាំ ថ្ងៃប្រកាសបង្កើតបញ្ជាការដ្ឋានអង្គរក្ស (០៤ កញ្ញា ២០០៩ -០៤ កញ្ញា ២០២០) បានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហ៊ុន រ៉ានី ហ៊ុនសែន នៅទីបញ្ជាការដ្ឋានអង្គរក្ស ក្រុងតាខ្មៅ ខេត្តកណ្តាល៕

Loading...