សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ “ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥”

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវ “ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥” ដែលបានធ្វើឡើងនៅវិមានសន្តិភាព រាជាធានីភ្នំពេញមុននេះបន្តិច។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សេចក្តីព្រាងអំពីក្របខ័ណ្ធគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ គឺជាផែនទីបង្ហាញផ្លូវរយៈកាលវែង ដែលផ្តោតលើសសរស្តម្ភចំនួនពីរគឺ ប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម។ ចក្ខុវិស័យរយៈពេលវែងរបស់រាជរដ្ឋាភិបាល សម្រាប់ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម គឺការកសាងប្រព័ន្ធគាំពារសង្គមមួយដែលមានប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុ ដើម្បីបម្រើដល់គោលនយោបាយ កាត់បន្ថយ និងទប់ស្កាត់ភាពក្រីក្រ ភាពងាយរងគ្រោះ រួមចំណែកដល់ការអភិវឌ្ឍ និងគាំពារធនធានមនុស្សអោយកាន់តែរឹងមាំ និងទូលំទូលាយ ព្រមទាំងជម្រុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។ សម្តេចបានបន្តថា នេះគឺជាការកំណត់ផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងការធានាអោយបាននូវសន្តិសុខ ប្រាក់ចំណូល និងកាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រជាជនសំដៅលើកកម្ពស់សុខុមាលភាព។

គោលដៅ នៃក្របខណ្ឌគោលនយោបាយនេះ គឺធ្វើការបន្ស៊ី ប្រមូលផ្តុំ និងពង្រឹងកម្មវិធីដែលមានស្រាប់ ដើម្បីបង្កើនប្រសិទ្ធភាព តម្លាភាព និងសង្គតិភាពនៃរបប ឬកម្មវិធីទាំងឡាយ ក្នុងប្រព័ន្ធ គាំពារសង្គមទាំងមូល រួមទាំងការពង្រីកវិសាលភាពដែលតូចចង្អៀតនៅឡើយ ដើម្បីឆ្លើយតបនឹងតម្រូវការសេវាថែទាំសុខភាព ព្រមទាំងហានិភ័យផ្សេងៗទៀត។ លើសពីនេះទៅទៀតគោលនយោបាយនេះក៏បានឆ្លុះបញ្ចាំងពីវឌ្ឍនភាព និងសមិទ្ធិផលនានាដែលទទួលបានជោគជ័យនាពេលកន្លងមក ទន្ទឹមនឹងការកំណត់អំពីបញ្ហាប្រឈមដែលកំពុងតែជួបប្រទះ ព្រមទាំងបញ្ហាប្រឈមជាយថាហេតុដែលអាចកើតមានឡើងថ្ងៃអនាគត ដើម្បីជាមូលដ្ឋាន និងកំណត់យុទ្ធសាស្រ្ត ឆ្លើយតបនឹងបញ្ហាប្រឈម ទាំងនោះ ដោយផ្អែកលើទិដ្ឋភាពបួនគឺ សមធម៌ ភាពទ្រទ្រង់បាននៃថវិកា ប្រសិទ្ធភាព និងចីរភាព។

ទាក់ទងទៅនឹងគោលនយោបាយនេះ សម្តេចតេជោ ហ៊ុន សែន បានអោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាលចាប់ផ្តើមមុនគ គឺការគាំពារសុខភាពស្ត្រីមានផ្ទៃពោះ ពីព្រោះពួគគាត់ពិតជាត្រូវការជំនួយជាចាំបាច់ហើយពួកអាចជួបបញ្ហាប្រឈមជាច្រើនអំឡុងពេលពរពោះរហូតដល់សំរាលកូន ដូច្នេះក្រសួងសេដ្ឋកិច្ច និងក្រសួងពាក់ព័ន្ធនានាត្រូវចាប់ផ្តើមធ្វើពីរឿងនេះមុនគេ ថាត្រូវផ្តល់អោយគេមួយខែប៉ុន្មាន? តែទោះជាយ៉ាងណា ការដោះស្រាយបញ្ហានេះ តម្រូវអោយមានលក្ខខ័ណ្ឌច្បាស់លាស់មួយចំនួន។ ជាមួយគ្នានោះ បញ្ហាជនពិការ ក៏នឹងត្រូវចាប់ផ្តើមជាបន្តបន្ទាប់ផងដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសសន៍ផងដែរថា វឌ្ឍនភាពសេដ្ឋកិច្ច នាពេលបច្ចុប្បន្ន ស្របតាមសេដ្ឋកិច្ចពិភពលោកត្រូវបានរំពឹងនឹងមានភាពរឹងមាំឡើងវិញជាលំដាប់ និងបានដាក់ចេញនូវគោលដៅប្រកបដោយមហិច្ឆតារបស់ខ្លួន គឺការផ្លាស់ប្តូរកម្ពុជាពីប្រទេសដែលមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ហើយ និងទៅជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដែលស្តែងចេញពីការដាក់អោយដំណើរការបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្រ្តីរាជការស៊ីវិល (ប.ជ.ស) បេឡាជាតិអតីតយុទ្ធជន (ប.ជ.អ) និងមូលនិធិជនពិការ(ម.ជ.ព) ព្រមទាំងអនុម័តយុទ្ធសាស្រ្តជាតិគាំពារសង្គមសម្រាប់ជនក្រីក្រ និងងាយរងគ្រោះដែលជាមូលដ្ឋានគ្រឹះសម្រាប់ការដាក់អោយដំណើរការកម្មវិធីជាតិគាំពារសង្គមមួយចំនួន។

ជាចុងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានថ្លែអំណរគុណដល់ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ដៃគូនានា និងស្ថាប័នពាក់ព័ន្ធគ្រប់ក្រសួងទាំងអស់ដែលបានចូលរួមរៀបចំនូងឯកសារដ៏សំខាន់នេះ ដើម្បីបំរើប្រយោជន៍សង្គមជាតិយើងទាំងមូល៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ

Loading...