សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតបារាំងថ្មី

ភ្នំពេញ៖ នៅវិមានសន្តិភាព ព្រឹកថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកស្រី អ៊ីវ៉ា ង្វៀនប៊ិញ (Eva Ngauyen Binh) ឯកអគ្គរដ្ឋទូតបារាំងថ្មីប្រចាំកម្ពុជា។

លោកស្រី Eva Ngauyen Binh បានថ្លែងអំណរគុណចំពោះសម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានផ្តល់កិត្តិយសនិងពេលវេលាដ៏មានតម្លៃដល់លោកស្រីបានជួបពិភាក្សាការងារ។ ទន្ទឹមនឹងនេះ លោកស្រី បានសម្តែងនូវការអបអរសាទរចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំចុះបញ្ជីតំបន់ប្រាសាទ សំបូរព្រៃគុកជាបេតិកភណ្ឌពិភពលោក។

លោកស្រីឯកអគ្គរដ្ឋទូតថ្មីបារាំងក៏បានវាយតម្លៃខ្ពស់ ចំពោះកងកម្លាំងរក្សាសន្តិភាពកម្ពុជា ដែលកំពុងបម្រើការក្រោមឆ័ត្រអង្គការសហប្រជាជាតិ (UN) យ៉ាងសកម្ម និងមានគុណភាព ដែលទទួលបាននូវ ការគាំទ្រនិងគោរពយ៉ាងខ្លាំង។ លើសពីនោះទៅទៀត លោកស្រីរីករាយចំពោះកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងបារាំងលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ លោកស្រីឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា រយៈពេល៣ឆ្នាំកន្លងមកនេះទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងកម្ពុជា និងបារាំង បានកើនឡើងទ្វេរដង។ ចំពោះបេសកកម្មរបស់លោកស្រីមកកាន់កម្ពុជា នៅពេលនេះគឺដើម្បីខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពធ្វើយ៉ាងណាឲ្យទំនាក់ទង រវាងប្រទេសទាំងពីរកាន់តែរឹងមាំ ខ្លាំងឡើងរួមទាំងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណចំពោះលោកស្រីឯកអគ្គរដ្ឋទូត ដែលបានប្តេជ្ញាចិត្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ អោយកាន់តែល្អរឹងមាំ។ សម្តេចតេជោ ក៏បានស្នើសុំឲ្យជម្រុញកិច្ចសហប្រតិបត្តិការ ជាពិសេសចំពោះការងារក្រោមឆ័ត្រ អង្គការ សហប្រជាជាតិ(UN) ក្នុងការផ្លាស់ប្តូរព័ត៌មាន រវាងគ្នាទៅវិញទៅមក ហើយស្នើសុំឲ្យលោកស្រីយក ចិត្តទុកដាក់ផងដែរលើការអភិរក្សប្រាង្គប្រាសាទ ជាពិសេសគឺតំបន់ប្រាសាទសំបូរពៃ្រគុក ដែលទើប តែបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក រួមទាំងបន្តជំរុញនូវកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។

មុននឹងបញ្ចប់កិច្ចពិភាក្សា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអរគុណប្រទេសបារាំង ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសន្តិភាព និងការស្តារនិងអភិវឌ្ឍន៍ប្រទេសកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានជូនពរលោកស្រីទទួលបានជោគជ័យនៅក្នុងបេសកកម្មការទូតនៅ ក្នុងប្រទេសកម្ពុជា៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ

Loading...