សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែ ឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលមានការអញ្ជើញចូលរួមពីឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្រ្តីសំខាន់ៗជាច្រើនរូបទៀត។ កិច្ចប្រជុំគឺបានធ្វើអស់ពេលជាង៣ម៉ោង ដែលបានអនុម័តទាំងស្រុងទៅលើសេចក្ដីព្រៀងច្បាប់ និងសំណើរសុំការយល់ព្រមពីគណរដ្ឋមន្ត្រី ដែលបានលើកឡើងនៅក្នុងរបៀបវារៈរួមមាន៖

១)សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្រ្តី

២)សេចក្តីព្រាងច្បាប់ស្តីពីសញ្ជាតិ

៣)សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា៣ មាត្រា២៣ មាត្រា៣០ មាត្រា៣៣ មាត្រា៣៤ មាត្រា៣៥ មាត្រា៣៦ មាត្រា៣៧ មាត្រា៣៨ មាត្រា៣៩ និងមាត្រា៤០ នៃច្បាប់ស្តីពីការគ្រប់គ្រង និងការធ្វើអាជីវកម្ម ដែលត្រូវបានប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៧០១/០៩ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០១។

៤)បញ្ហាផ្សេងៗ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញត្តិលើ «កិច្ចព្រមព្រៀងស្តីពីការបង្កើតអង្គការសហប្រតិបត្តិកការព្រៃឈើអាស៊ី( AFoCO)»។

កិច្ចប្រជុំពេញអង្គគណរដ្ឋមន្ត្រីចុងក្រោយនៃអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី ៥ គឺនៅថ្ងៃទី២៥ ឧសភា ២០១៨ ខាងមុខនេះ។

ដោយពេលនេះ ជារដូវភ្លៀងធ្លាក់ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវយកចិត្តទុកដាក់ពីសុខភាព ហើយត្រូវចុះចែកអាវភ្លៀង និងសម្ភារៈតម្រូវការផ្សេងៗអោយបានគ្រប់គ្រាន់ និងទាន់សភាពការណ៍ដល់កងទ័ពដែលកំពុងឈរជើងការពារប្រប្រទេសនៅតាមព្រំដែន។ ជាពិសេសជាងនេះទៅទៀត សម្តេចតេជោនាយករដ្ឋមន្រ្តី សូមរំឮកដល់មន្រ្តីទាំងអស់ត្រូវយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ និងចូលរួមកសាងអំពើល្អនៅក្នុងសង្គមជាតិ៕

 

Loading...