សម្តេចតេជោ ហ៊ុន សែន អញ្ជើញកាត់ឫសសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនៅវត្តព្រះឥន្ទសាមគ្គីធម៌ នៅស្រុកអង្គស្នួល ខេត្តកណ្តាល

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញកាត់ឫសសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានានៅវត្ត ព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

សមិទ្ធិផលដែលនឹងសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ថ្ងៃនេះ កើតចេញពីការរួមកម្លាំងមហាសាមគ្គី ជាធ្លុងមួយរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទទាំងក្នុង និងក្រៅប្រទេស ជាពិសេសក្រោមការដឹកនាំ របស់សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា ដែលជាព្រះគ្រូចៅអធិការ បានធ្វើឲ្យទីអារាមនេះ មានការរៀបចំ និងកែលម្អឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ រួមមានរោងឧបោសថ ១ខ្នង កុដិព្រះសង្ឃ ២ខ្នង ផ្ទះបាយ ១ ខ្នង អាគារប៉ុស្តិ៍សុខភាព ១ខ្នង និងសមិទ្ធិផលមួយចំនួនទៀត។ ក្រៅពីនោះ ក៏នៅមានសមិទ្ធិផលធំៗមួយចំនួនទៀត ក្នុងនោះមានព្រះវិហារ ១ខ្នង និងអគារសិក្សា ១ខ្នង កម្ពស់ ៣ជាន់ មាន ១៨បន្ទប់ និងអគារអន្តេវាសិកដ្ឋាន ១ខ្នង កំពុងដំណើរការសាងសង់ ក៏ដូចជាផ្លូវបេតុងចូលវត្ត ១ខ្សែ ប្រវែងជិត ៤០០ម៉ែត្រ ចាក់ដីក្នុងបរិវេណវត្ត ដោះស្រាយថ្លៃជាវស្រះទឹកប្រគេនវត្ត និងរៀបចំប្រព័ន្ធលូក្នុងវត្ត ដែលជាអំណោយរបស់សម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផងដែរ។

ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ពិតជាសប្បាយរីករាយដែលបានអញ្ជើញចូលរួម កាត់ឫសសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានានៅវត្តព្រះឥន្ទសាមគ្គីធម៌។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម និងការខិតខំប្រឹងប្រែងរបស់ សម្តេចព្រះសង្ឈរាជ ចៅអធិការ សប្បុរសជន ពុទ្ធបរិស័ទទាំងក្នុងនឹងក្រៅប្រទេសដែលបានផ្តល់នូវជំនឿជឿជាក់រួបរួមសាមគ្គីក្នុងការកសាងសមិទ្ទផលនានា។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំង បំផុតចំពោះសុខដុមនីកម្មសាសនាដើម្បីធានាថាកម្ពុជាមិនមានជំលោះជាតិសាសន៍ និង សាសនាណាមួយកើតឡើងឡើយ។ ទន្ទឹមនឹងនេះក្នុងវិស័យព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា គឺមាន២និកាយ ដែលមាន ព្រះសង្ឈមកពីគណៈមហានិកាយ និងព្រះសង្ឃធម្មយុត្តកនិកាយ ដែលនិកាយទាំងពីរនេះបានចូលរួមយ៉ាងសំខាន់ក្នុងការចូលរួមកសាងសង្គមជាតិ និងអប់រំទូន្មានប្រជាពលរដ្ឋឲ្យសាងអំពើល្អ និងរួមស់ជាមួយគ្នាប្រកបដោយភាពសុខសាន្ត។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ទីវត្តព្រះឥន្ទសាមគ្គីធម៌ គឺជាកន្លែងដែលបានបម្រើវិស័យព្រះពុទ្ធសាសនាផង និងបានចូលរួមផ្តល់នូវការអប់រំដល់កូនចៅប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះបានយ៉ាងច្រើនផងដែរ។ ដើម្បីជួយសម្រួលនិងរួមចំណែកកាត់បន្ថយដល់ការចំណាយក្នុងវត្តអារាមនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួងអប់រំខេត្តកណ្តាលបញ្ជូលឈ្មោះគ្រូជាប់កិច្ចសន្យាចំនួន២៧នាក់នៅក្នុងវត្តនេះ ទៅក្នុងក្របខណ្ឌពេញសិទ្ធនៅក្នុងក្រសួងអប់រំចាប់ពីពេលនេះទៅ។

នាឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានប្រគេន និងជូនអំណោយជាថវិកាមួយចំនួនដល់ ព្រះសង្ឃ យាយជីតាជី យុវជនកាយរឹទ្ធ សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ដែលបានចូលរួមក្នុងពិធីយ៉ាងសប្បាយរីករាយក្រៃលែង។

សម្តេចតេជោ ហ៊ុន សែន បានព្រគេនពរ និងជូនពរដល់ព្រះសង្ឃ យាយជី តាជី និងប្រជាពលរដ្ឋទាំងអស់សូមជួបតែសេចក្តីសុខសេចក្តីចម្រើន និងទទួលបាននូវពុទ្ធពរទាំង៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Loading...