សម្តេចតេជោ ហ៊ុន សែន អញ្ជើញបន្តចុះសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត ២ម៉ឺននាក់នៅខេត្តកណ្តាល

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃពុធ ៦រោច ខែកក្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ២០១៨
នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ ១៧,៩១២នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ នៅក្នុងខេត្តកណ្តាល។ កិច្ចសំណេះសំណាលនេះ បានធ្វើឡើងនៅភូមិក្រាំងស្បូវ ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ នៅទីតាំងនេះមានរោងចក្រសហគ្រាសទាំង១២វិនិយោគដោយអ្នកវិនិយោគមកពីប្រទេសចិនចំនួន១០និងខ្មែរចំនួន២ ដូចជារោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៥, ផលិតស្បែកជើងចំនួន១, ផលិតបាត ស្បែកជើងចំនួន ១, បោះពុម្ពលើសម្លៀកបំពាក់ចំនួន២, ផលិតដែកសំណង់ចំនួន១ និងរោងចក្រផលិតបារីចំនួន២។ ផលិតផលផលិតចេញពីរោងចក្រទាំងនេះ ត្រូវបាននាំចេញទៅកាន់ ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់នៅ ក្នុងទីផ្សារក្នុងប្រទេសផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកូនក្មួយទាំងអស់ដែលបានគោរពស្រលាញ់ សម្តេចតេជោរហូតមក។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ក៏បានអរគុណម្ចាស់រោង ចក្រទាំងអស់ដែលបានអនុញ្ញាតឲ្យកូនក្មួយកម្មករបានឈប់សំរាកនៅល្ងាចថ្ងៃនេះដោយមានប្រាក់ឈ្នួលពេញ។នេះគឺបានបង្ហាញពីក្តីស្រឡាញ់និងយកចិត្តទុកដាក់ព្រមទាំងសាមគ្គីភាពល្អរវាងកម្មករ និងម្ចាស់រោងចក្រ។

ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយយ៉ាងខ្លាំងដែលបានអញ្ជើញមកជួបជាមួយបងប្អូន កូនក្មួយនៅទីនេះ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា នៅពេលដែល សម្ដេច ជាប់ឆ្នោតជានាយករដ្ឋមន្ត្រីក្នុងអាណត្តិទី៦នេះ និងក្នុងអាណត្តិជាបន្តបន្ទាប់ខាងមុខ គឺសម្តេចប្រមុខដឹកនាំ នឹងបន្តអញ្ជើញចុះ ជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករកម្មការិនីនៅទូទាំង ប្រទេស។ ក្នុងនាមសម្ដេចជាអ្នកដឹកនាំប្រទេស សម្តេចនៅតែបន្តខិតខំជំរុញ និងលើកកម្ពស់ជីវភាព របស់កម្មករ កម្មការិនីឲ្យល្អប្រសើរជាបន្តបន្ទាប់។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថ្លែងអំណរគុណចំពោះកូនក្មួយកម្មករកម្មការិនីដែលបានទៅចូលរួមបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅដែលបានអនុវត្តតាម លទ្ធិប្រជាធិបតេយ្យ ជាពិសេសការចូលរួមថែរក្សាសន្តិភាពពិតប្រាកដតាមរយៈការបោះឆ្នោតឲ្យ គណបក្សប្រជាជនកម្ពុជា។ ព្រោះសន្តិភាពគឺជាមូលដ្ឋាននៃការអភវិឌ្ឍ បើគ្មានសន្តិភាពទេ ក៏មិនមានការអភិវឌ្ឍដែរ ។

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍អំពីគុណតំលៃនៃនយោបាយឈ្នះ-ឈ្នះ ដែលឆ្នាំនេះ គឺជាខួប២០ឆ្នាំនៃការដាក់ចេញនយោបាយ ឈ្នះ-ឈ្នះ ដែលនាំមកនូវការបញ្ចប់សង្គ្រាម ស្វែង រកសន្តិភាព និងការអភិវឌ្ឍ ដែលនៅចុងឆ្នាំ២០១៨នេះ កម្ពុជានឹងរៀបចំព្រឹត្តិការណ៍ប្រារព្ឋធ្វើពិធី បុណ្យដ៏ធំមួយដើម្បីរំលឹកដល់ខួប ២០ឆ្នាំជោគជ័យនៃនយោបាយ ឈ្នះ-ឈ្នះ ដែលមានចំនួន៣ថ្ងៃ គឺនៅថ្ងៃទី ២៩,៣០,៣១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ផងដែរថា នៅឆ្នាំ ២០១៩ខាងមុខនេះ កូនក្មួយកម្មករ កម្មការិនីដែលត្រូវតាមលក្ខខណ្ឌការងារនោះគឺនឹងទទួលបានប្រាក់សោធននិវត្តន៍ដូចមន្ត្រីរាជកាដែរ។ សម្តេចតេជោបានសំណូមពរឲ្យកូនក្មួយកម្មករទាំងអស់ត្រូវរក្សាសៀវភៅការងារឲ្យបានល្អ ពីព្រោះការ ទទួលបានប្រាក់សោធននិវត្តន៍គឺត្រូវអនុវត្តតាមរយៈសៀវភៅការងារដែលបញ្ជាក់អំពីរយៈពេលដែលបានបំរើការងារ គឺមិនមែនទើបចាប់ផ្តើមធ្វើការងារហើយទទួលបានប្រាក់សោធននិវត្តន៍នោះឡើយ។

ជាថ្មីម្តងទៀត សម្តេចតេជោនាយករដ្ឋមន្រ្តី បានបន្តដាក់ចេញនូវអនុសាសន៍សំខាន់ៗ ១០ចំណុចដូច ខាងក្រោមៈ

១)ត្រូវអនុវត្តបើកប្រាក់ខែអប្បបរិមាដល់កម្មករក្នុងឆ្នាំ ២០១៨ គឺ ១៧០ ដុល្លារ បើក្រុមហ៊ុន ផ្តល់ជូនកម្មករលើសនេះគឺរិតតែល្អប្រសើរ។ ប៉ុន្តែចាប់ពីឆ្នាំ២០១៩ ទៅ គឺប្រាក់ខែអប្បបរិមាកម្មករគឺ ១៨២ ដុល្លារសហរដ្ឋអាមេរិក ដែលត្រូវបើក២អាទិត្យម្តងៗ។

២)ត្រូវអនុវត្តការចុះពិនិត្យនៅតាមមន្ទីពេទ្យរដ្ឋចំពោះការពិនិត្យសុខភាព និងការព្យាបាល កម្មករកម្ម ការិនី រោងចក្រ រួមទាំងកីឡាករ កីឡាការិនី ក្រុមប្រឹក្សាភូមិ ឃុំ ក៏ត្រូវបានអនុវត្តដូចគ្នាជា ពិសេសរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រសួងការងារត្រូវធ្វើអោយបានម៉ត់ចត់។

៣)ត្រូវអនុវត្តចំពោះស្រ្តីមានផ្ទៃពោះសំរាលកូនគឺនឹងទទួលបានពេលវេលាឈប់សម្រាក ពីការងាររយៈ ពេល៣ខែ ហើយទទួលបានប្រាក់ខែ ១២០% (៥០% ដោយក្រុមហ៊ុន និង ៧០%ដោយបេឡាជាតិ) ក្រសួងពាក់ព័ន្ធត្រូវតាមដានការងារឲ្យបានដិតដល់ចំពោះការអនុវត្តសកម្មភាពនេះ។

៤)ត្រូវអនុវត្តចំពោះកម្មការិនីសម្រាលបានកូន(១)គឺទទួលថវិកា៤០ម៉ឺនរៀលនិងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើសម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៉ឺនរៀល។ បើសម្រាលបាន កូន(៣)គឺទទួលបានថវិកា១លាន២សែនរៀលហើយបូកប្រាក់ឧបត្ថម្ភចំនួន៥លានរៀលទៀតពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានជម្រាបផងដែរថា នៅពេលដ៏ខ្លី ខាងមុខនេះ ចំពោះកូនក្មួយកម្មការិនីក្រីក្របំផុតនោះគឺនឹងទទួលបាននូវប្រាក់ឧបត្ថម្ភប្រមាណ ៧៦០,០០០៛ (១៩០ដុល្លារ)។

៥)ត្រូវអនុវត្តចំពោះរបបសន្តិសុខសង្គម ដោយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ តទៅ កម្មករកម្មករនី មិនចាំបាច់បង់ទៀតទេ គឺម្ចាស់ក្រុមហ៊ុនជាអ្នកបង់ជំនួស ១០០%។

៦)អនុវត្តតាមដានមើលបញ្ហា ទឹក ភ្លើង គឺត្រូវខិតខំបន្ត តទឹកតភ្លើងដល់ផ្ទះរបស់កម្មករយើង ដែលនៅ ឆ្ងាយដែលមិនទាន់ទៅដល់ឲ្យបានគ្រប់គ្រាន់ និងតំលៃផ្ទះជួលដល់កម្មករកម្មការិនីកុំ អោយមានការ ឡើងថ្លៃក្នុងឆ្នាំ២០១៨ ពីព្រោះកន្លងមកយើងមានកំណត់រួចរាល់ហើយ។

៧)អនុវត្តប្រាក់សោធននិវត្តន៍ ចាប់ពីឆ្នាំ ២០១៩ ទៅក្មួយកម្មករ និងទទួលបានប្រាក់ ចូលនិវត្តន៍(ប្រាក់រឺត្រែត)ដូចច្នេះក្នុងរយៈពេល១ឆ្នាំ(២០១៨)ត្រូវត្រៀមរៀបចំអោយហើយដើម្បីឲ្យដំណើរការបានល្អនៅក្នុងឆ្នាំ២០១៩នូវរបបសោធននិវត្តន៍នេះ។

៨)អនុវត្តចូលរួមបន្តយកចិត្តទុកដាក់និងដោះស្រាយបញ្ហាផ្សេងៗដែលបងប្អូនពលករទៅក្រៅប្រទេសជួយសម្រួលនូវបែបបទលិខិតបទដ្ឋានផ្លូច្បាប់នានា និងដើម្បីទទួលបាននូវល័ក្ខខ័ណ្ឌការងារល្អ ប្រសើរ។

៩)ក្រសួងការងារត្រូវចុះអនុវត្តតាមដានភ្លាមៗឲ្យបានដិតដល់ និងចូលរួមដោះស្រាយបញ្ហាប្រឈម នានាចំពោះកម្មករនៅពេលដែលម្ចាស់រោងចក្ររត់ចោល។ ក្នុងនោះគឺត្រូវដោះស្រាយផ្តល់ប្រាក់ឈ្នួល ជាបន្ទាន់ដល់កម្មករដែលបានធ្វើការក្នុងពេលដែលថៅកែរោងចក្របានរត់ចោល ហើយត្រូវបន្តដោះ ស្រាយបញ្ហានានាជាមួយម្ចាស់រោងចក្រដោយផ្ទាល់។ ទន្ទឹមនឹងនោះដែរ គឺត្រូវជួយរកការងារធ្វើដល់ក ម្មករ កម្មការិនីអោយបានឆាប់បំផុត។ ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យ បង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខសុវត្ថិភាពកម្មកក្នុងពេលធ្វើដំណើរតាមរថយន្តម៉ៅការដឹកកម្មករ។ រថយន្តស៊ីឈ្នួល ដឹកកម្មករ ទាំងអស់ត្រូវតែមានការប្រុង ប្រយ័ត្នខ្ពស់ក្នុងការធានាដល់ សុវត្ថិភាព កម្មកររួមដំណើរក្នុងពេលបើកបរ។

១០)ត្រូវបន្តដោះស្រាយជួយពលករដែលកំពុងធ្វើការនៅក្រៅប្រទេសធ្វើយ៉ាងណាអោយកម្មករធ្វើការបានស្របច្បាប់។ សូមបងប្អូនកុំយល់ច្រឡំឬគិតថាខុស ក្នុងពេលដែលបងប្អូនកូនក្មួយទៅ ធ្វើការនៅប្រទេសគេ។ សូម្បីប្រទេសថៃក៏គេបញ្ជូនកម្មករទៅធធ្វើការនៅបរទេសដូចជានៅប្រទេសកូរ៉េ ជប៉ុន រីឯប្រទេសហ្វីលីពីនក៏បានបញ្ជូនពលរដ្ឋអោយទៅធ្វើការនៅបរទេសដូចជានៅកម្ពុជា និងនៅ សហរដ្ឋអាមេរិកជាដើម។ ពលរដ្ឋគេបាននាំមកវិញនូវប្រាក់ចំណូលជាច្រើនសម្រាប់ប្រទេសគេ គឺមិន មែនជាការខ្មាសអៀនឬអាក្រក់អ្វីទេ។បច្ចុប្បនេះរាជរដ្ឋាភិបាលកម្ពុជាកំពុងបានខិតខំស្វែករកទីផ្សាការងារក្រៅប្រទេសផងដែរដូចជាកូរ៉េ ជប៉ុន និងប្រទេសមជ្ឍឹមបូពា ដូចជាប្រទេសអារ៉ាប់ជាដើម ដើម្បីផ្តល់ការងារដល់បងប្អូនខ្មែរឥស្លាមបានទៅធ្វើការនៅទីនោះ។កន្លងរាជរដ្ឋាភិបាលក៏បានជួយដោះស្រាយនឹងនាំយកកាន់ប្រទេសវិញចំពោះបងប្អូនកម្មករមួយវចំនួនដែលចាញ់បោកមេខ្យល់បោកយកទៅធ្វើការងារដោយខុសច្បាប់។

នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់គ្រប់សហជីប និងអង្គការក្រៅរដ្ឋាភិបាលទាំងអស់ ដែលជាប់ពាក់ព័ន្ធពាក្យបណ្តឹង សូមញ្ជូនសំណើរទាំងអស់នោះទៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីឲ្យក្រសួង សហការធ្វើការជាមួយក្រសួងយុត្តិធម៌ និងតុលាការដោះស្រាយបញ្ហាទាំងនេះអោយឲ្យបានចប់យ៉ាងយូរត្រឹមដំណាច់ឆ្នាំ២០១៨។

មុនបិទកម្មវិធី សម្តេចតេជោ ហ៊ុន សែន បានជូនពរបងប្អូនកូនក្មួយកម្មករ កម្មការិនី និយោជក ទាំងអស់ជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា។ ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភ នូវប្រាក់លើកទឹកចិត្តមួយចំនួនដល់កូនក្មួយកម្មការិនីមានផ្ទៃពោះចំនួន ៧០២ នាក់ទៀតផង៕

Loading...