សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបរដ្ឋមន្ត្រីធនធានធម្មជាតិ និងបរិស្ថានរុស្ស៊ី

ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមករា គ.ស ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Dmitry Kobylkin រដ្ឋមន្ត្រីធនធានធម្មជាតិ និងបរិស្ថាន នៃសហព័ន្ធរុស្ស៊ី។

លោក Dmitry Kobylkin បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានទទួលស្វាគមន៍រូបលោក និងគណប្រតិភូជាន់ខ្ពស់របស់រុស្ស៊ីមកកាន់កម្ពុជា។ លោក Kobylkin បានគោរពជម្រាបជូនសម្តេចតេជោថា ទំនាក់ទំនងរវាងកម្ពុជា-រុស្ស៊ី គឺមានតាំងពីយូលុងមកហើយ អាចនិយាយបានថាតាំងពីឆ្នាំ ១៩៥៦មកម្លេះ។ ទន្ទឹមនឹងនេះ លោក Kobylkin បានជម្រាបជូន សម្តេចតេជោ ផងដែរអំពីដំណើរទស្សនកិច្ចមកកម្ពុជាពេលនេះ គឺដើម្បីជួបពិភាក្សាការងារជាមួយ ឯ.ឧ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាសហប្រធាននៃគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី។ លោក Kobylkin បង្ហាញនូវការគាំទ្រ និងសហការជាមួយកម្ពុជាដើម្បីជំរុញឲ្យមានការអភិវឌ្ឍប្រកបដោយចីរភាព។

តាមគម្រោង លោក Kobylkin នឹងពិភាក្សាការងារជាមួយ ឯ.ឧ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលផ្តោតទៅលើការពិនិត្យលើលទ្ធផលដែលរដ្ឋាភិបាលទាំងពីរបានសម្រេចជាមួយគ្នាកន្លងមក ពិសេសនឹងរៀបចំផែនការថ្មីៗបន្ថែមទៀតដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែទទួលបានជោគជ័យដែលពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ច, ពាណិជ្ជកម្ម , បច្ចេកទេស រួមទាំងវិទ្យាសាស្ត្រផងដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរជូន លោក Kobylkin ដែលត្រូវបានតែងតាំងជាសហប្រធាននៃគណកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី។ ពិតណាស់ ទំនាក់ទំនងរវាងកម្ពុជា-រុស្ស៊ី គឺមានជាយូលុងណាស់មកហើយ ដែលជាសក្ខីភាពមានដូចជា សាលាតិកណូ និង មន្ទីពេទ្យសូវៀតដែលកសាងនៅកម្ពុជា។ ទំនាក់ទងរវាងប្រទេសយើងទាំងពីរកំពុងតែមានការរីកចម្រើនល្អគួរអោយកត់សម្គាល់ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានជម្រាប លោក Kobylkin បន្តពិភាក្សាការងារអោយបានស៊ីជម្រៅបន្ថែមជាមួយ ឯ.ឧ ប្រាក់ សុខុន នៅថ្ងៃស្អែកនេះ ហើយសូមពិនិត្យមើលកិច្ចសហប្រតិបត្តការលើពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងរុស្សី។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ បានជំរុញ និងលើកទឹកចិត្តឲ្យមានកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យបរិស្ថាន។ សម្តេចតេជោ បានថ្លែងអំណរគុណ និងជូពរឲ្យគណប្រតិភូជាន់ខ្ពស់ទាំងអស់ទទួលបានជោគជ័យនៅក្នុងបេសសកម្មការងារ នៅក្នុងប្រទេសកម្ពុជា៕

Loading...