សម្តេចតេជោ ហ៊ុន សែន អញ្ជើញស្រោចស្រពព្រះសុគន្ធវារីប្រគេនសម្តេចព្រះសង្ឃនាយករង៣ព្រះអង្គ

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្តេចព្រះនាយករង៣ព្រះអង្គ ដែលព្រះមហាក្សត្រទើបត្រាស់បង្គាប់តែងតាំងថ្មី។ ពិធីស្រោចស្រពព្រះសុគន្ធវារី ត្រូវបានប្រារព្ធធ្វើឡើងនៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក។ សម្តេចព្រះសង្ឃនាយករងទាំង៣ព្រះអង្គ ដែលបានទទួលស្រោចស្រពព្រះសុគន្ធវារីនៅថ្ងៃគឺ៖ ១)សម្តេចព្រះពោធិវ័ង្ស អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១, ២)សម្តេចព្រះវ័នរ័ត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ និង ៣) សម្តេចព្រះឧត្តមវង្សា មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី៣។

សម្តេចតេជោ ហ៊ុន សែន មានក្តីសប្បាយរីករាយក្រៃលែង ដែលបានអញ្ជើញមកចូលរួមក្នុងពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនសម្តេចព្រះនាយករង៣ព្រះអង្គនាពេលនេះ។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី មានមោទនភាពចំពោះសមិទ្ធផលផ្នែកព្រះពុទ្ធសាសនាដែលមានការរីកចម្រើនរហូតមកដល់នាពេលនេះ។

សម្តេចតេជោ បានអរព្រះគុណចំពោះព្រះអង្គទាំង២គណៈដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។ សម្តេចតេជោបានបង្ហាញនូវក្តីមោទនភាពចំពោះប្រទេសកម្ពុជាយើងដែលមិនកើនមាននូវជម្លោះសាសនាឡើយ ដែលខុសពីបណ្តាប្រទេសនានាមួយចំនួនដែលតែងតែកើតមាននូវជម្លោះសាសនា។ សន្តិភាព ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ប្រទេសមានសន្តិភាព ទើបធ្វើអោយពុទ្ធសាសនារីកចម្រើនមកដល់ពេលនេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានផ្តល់នូវការកត់សំគាល់មួយចំនួននៃរួមចំណែកក្នុងវិស័យពុទ្ធចក្រ៖
១)តាមរយៈក្របខណ្ឌនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺបានធានានូវសុខសន្តិភាព ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ដែលធ្វើអោយវិស័យទាំងពីររីកចម្រើនទន្ទឹមគ្នា។

២)ប្រជាពលកម្ពុជាមានសិទ្ធិសេរីភាពពេញលេញក្នុងការជ្រើសរើសជំនឿសាសនារបស់របស់ខ្លួនទៅតាមការជឿជាក់ទៅលើសាសនានោះ ដោយគ្មានការបង្ខិតបង្ខំ។

៣)ដោយសារតែជីវភាពរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរ ទើបធ្វើអោយពួកគាត់មានឱកាសក្នុងការធ្វើបុណ្យ ធ្វើទានគ្រប់ទីកន្លែង នឹងធ្វើអោយព្រះពុទ្ធសាសនានេះកាន់តែរីកចម្រើនទៅមុខ។

៤)នៅពេលដែលវិស័យអាណាចក្រមានការរីកចម្រើនហើយនោះ វិស័យពុទ្ធចក្រមានក៏មានការរីកចម្រើនទៅតាមហ្នឹងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍រំលឹកផងដែរពីវិស័យព្រះពុទ្ធសាសនាដែលពីអតីតកាលបានទទួលរងនូវភាពខ្ទេចខ្ទាំដោយសារសង្គ្រាម ជាពិសេសក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ដែលពេលនោះទីអារាមជាច្រើនត្រូវបានបំផ្លាញចោលស្ទើរគ្រប់ទីកន្លែង។ ប៉ុន្តែក្រោយឆ្នាំ១៩៧៩ វិស័យសាសនានេះ ត្រូវបានស្តារ និងងើបឡើងវិញបន្តិចម្តងៗរហូតមានការរីកចម្រើនដូចសព្វថ្ងៃនេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ និងកោតសរសើរដល់ព្រះសង្ឃទាំង៣ អង្គដែលត្រូវបានខិតខំប្រឹងប្រែងរបស់ព្រះអង្គក្នុងសកម្មភាពព្រះពុទ្ធសាសនាកន្លងមក។

នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានប្រគេននិងជូនអំណោយជាថវិកាមួយចំនួនដល់ ព្រះសង្ឃ និងយាយជី តាជីដែលបាននិមន្តនឹងចូលរួមក្នុងពិធីនេះផងដែរ។ នៅក្នុងឱកាសនោះដែរ សម្តេចតេជោ បានព្រគេនពរ និងជូនពរដល់ព្រះសង្ឃ យាយជីតាជី និងប្រជាពលរដ្ឋទាំងអស់សូមជួបតែសេចក្តីសុខសេចក្តីចម្រើន ។

មុននឹងបញ្ចប់ក៏មានពិធីដង្ហែព្រះសង្ឃទាំង៣ព្រះអង្គ ចំនួន៣ជុំធ្វើដំណើរមកកាន់បុស្បុក ដើម្បីទទួលការស្រោចស្រពព្រះគន្ធាវារី ដែលបានប្រារព្ធឡើងទៅតាមទំនៀមទម្លាប់ ប្រពៃណី ដ៏ល្អផូផង់របស់ខ្មែរ៕

ពិធីស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្តេចព្រះសង្ឃនាយករង៣ព្រះអង្គ

ផ្សាយផ្ទាល់(Live) ប្រសាសន៍ដេីមទាំងស្រុង​របស់​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្តេចព្រះសង្ឃនាយករង៣ព្រះអង្គ ដែលព្រះមហាក្សត្រទើបត្រាស់បង្គាប់តែងតាំង។ព្រឹកថ្ងៃសុក្រ ៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០

Posted by Samdech Hun Sen, Cambodian Prime Minister on Thursday, February 27, 2020

Loading...