សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថានៅក្នុងពិធីបុណ្យទន្លេនៅខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នៅល្ងាចថ្ងៃសៅរ៍ ៦ រោច ខែ ផល្គុន ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបើក “ពិធីបុណ្យទន្លេលើកទី ៦” នៅទីរួមខេត្តបាត់ដំបងដែលមានរយៈពេល ៣ ថ្ងៃ គឺចាប់ពី ថ្ងៃទី ១៣-១៥ ខែមីនា ឆ្នាំ ២០២០ នៅ ទី រួម ខេត្តបាត់ដំបង ក្រោមប្រធានបទ « ទន្លេ នៃសន្តិភាព និង ទន្លេនៃវិបុលភាព » ។

សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ និងថ្លែងអំណរគុណដល់ក្រសួងទេចរណ៍ដែលបានសហការជាមួយបណ្តាខេត្តនានាក្នុងការរៀបចំឲ្យមានជាបុណ្យទន្លេជារៀងរាល់ឆ្នាំ។ សម្តេចតេជោក៏បានកោតសរសើរផងដែរចំពោះគណៈកម្មាធិការរៀបចំបុណ្យទន្លេដែលបានចូលរួមសហការគ្នាកន្លងមក ហើយសម្តេចតេជោ បានប្រកាសថាសម្រាប់បុណ្យទន្លេនៅឆ្នាំក្រោយ នឹងត្រូវធ្វើឡើងនៅខេត្តកំពង់ឆ្នាំង។ សម្តេចតេជោបានស្នើសុំឲ្យខេត្តផ្សេងៗទៀត ខិតខំប្រឹងប្រែងអភិវឌ្ឍន៍ខេត្តនីមួយៗ ដើម្បីត្រៀមខ្លួនទទួលរៀបចំបុណ្យទន្លេនាឆ្នាំបន្តបន្ទាប់ទៀត។

សម្តេចតេជោបន្តថា បច្ចុប្បន្នវិស័យទេសចរណ៍កម្ពុជាកំពុងមានការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ធ្វើឲ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញបំផុតដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិយើង។ ជាក់ស្ដែងក្នុងឆ្នាំ២០១៩ ចំនួនភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាមានប្រមាណជា ៦,៦លាននាក់ កើនឡើង៣ដងធៀបនឹង១០ឆ្នាំមុនដែលមានចំនួនប្រមាណ២,១៦លាននាក់ប៉ុណ្ណោះ។

វិស័យទេសចរណ៍គឺជាមាសបៃតង និងជាសសរស្ដម្ភនៃសេដ្ឋកិច្ចជាតិ ចំណូលពីទេសចរណ៍អន្តរជាតិឆ្នាំ២០១៩ មានចំនួន៤,៩១៩ លានដុល្លារ ឬស្មើហ្នឹងជិត១៣%នៃផលិតផលសរុបក្នុងស្រុក។ ការរីករាលដាលនៃជំងឺកូវីដ១៩ បានបង្កអោយមានផលប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចជាសកល និងវិស័យទ្រទ្រង់សំខាន់ៗដូចជាវិស័យសេវាកម្មដែលក្នុងវិស័យទេសចរណ៍ផងដែរ។

នៅដើមឆ្នាំ២០២០នេះ ភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាបានធ្លាក់ចុះប្រមាណជា ៣០.៧% ក្នុងនោះទេសចរចិនបានធ្លាក់ចុះក្នុងរង្វង់៤០% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០១៩។ តាមទិន្នន័យនេះបើប្រៀបធៀបជាមួយគោលដៅទេសចរណ៍ក្នុងតំបន់ប្រទេសជិតខាងកម្ពុជាអត្រានៃការធ្លាក់ចុះចំនួនភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាគឺមានកំរិតស្រាលនៅឡើយ។

នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោក៏បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនដូចខាងក្រោម៖

១)ត្រូវរួមគ្នារក្សាឲ្យបាននូវវត្តមានជាអចិន្ត្រៃយ៍នៃសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ គ្មានសន្តិភាព គ្មានការអភិវឌ្ឍន៍ គ្មានការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ពោលគឺគ្មានអ្វីៗទាំងអស់។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋរួមគ្នារក្សាការពារនូវសន្តិភាពដែលរកបានដោយលំបាក នឹងមិនត្រូវឲ្យប្រទេសណាមួយ ឬក្រុមណាមួយបំផ្លាញសន្តិភាពនៅក្នុងប្រទេសកម្ពុជាឡើយ។ សន្តិភាពធានាឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យមានសុខដុមសុខមាលភាពសង្គមល្អប្រសើរជាមួយនឹងជីវភាពរស់នៅសម្បូរសប្បាយរុងរឿងជារៀងរហូត។

២)ត្រូវបន្តធ្វើការអភិវឌ្ឍក្រុងបាត់ដំបងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេស ត្រូវរក្សាឲ្យបាននូវអត្តសញ្ញាណទីក្រុងបេតិកភណ្ឌដែលនឹងគ្រោងដាក់បញ្ចូលក្នុងបញ្ជីទីក្រុងបេតិកភណ្ឌរបស់អង្គការយូណេស្កូ (UNESCO)។ ត្រូវរួមគ្នាថែរក្សាឲ្យបាននូវបណ្ដាសំណង់បុរាណ ផ្ទះបុរាណ និងស្ពានបុរាណក្នុងខេត្តដោយមិនត្រូវឲ្យមានការកែប្រែខុសពីស្ថានភាពដើមឡើយ។ ត្រូវបន្តជំរុញកំណត់អត្តសញ្ញាណនៃគោលដៅទេសចរណ៍អាទិភាពរួមមានទេសចរណ៍ផ្ទះបុរាណ តំបន់ផ្ទះសំណាក់សត្វស្លាប តំបន់ប្រាសាទបាណន់ រមណីយដ្ឋានភ្នំសំពៅ ផ្ទះសំណាក់ហ្វូងសត្វប្រចៀវរាប់លានក្បាលចេញពីរូងពេលមុនថ្ងៃរៀបលិច រួមទាំងលក្ខណៈពិសេសរបស់ម្ហូបអាហារប្រចាំតំបន់ក្នុងខេត្តនេះផងដែរ។

៣)ត្រូវបន្តកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដែលបំរើអោយវិស័យទេសចរណ៍ រួមមានអាកាសយានដ្ឋាន ផ្លូវរថភ្លើង ផ្លូវថ្នល់ ទឹកស្អាត អគ្គិសនី សណ្ឋាគារ និងរមណីយដ្ឋានផ្សេងៗតាមរយៈការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ តាមផ្លូវគោក ផ្លូវដែក និងផ្លូវអាកាស ហើយត្រូវធ្វើការពិនិត្យលទ្ធភាពក្នុងការរៀបចំព្រលានយន្តហោះបាត់ដំបងឡើងវិញដោយជំរុញឲ្យសមត្ថកិច្ចជំនាញពិនិត្យឲ្យបានហ្មត់ចត់លើការងារដ៏មានសារសំខាន់នេះទេ។

៤)ត្រូវបន្តរក្សាឲ្យមានសន្តិសុខសណ្ដាប់ធ្នាប់សង្គមគ្រប់តំបន់ទេសចរណ៍តាមបណ្ដាខេត្តជាប់ស្ទឹង ជាប់ទន្លេសាប ត្រូវខិតខំរក្សាឲ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់សង្គម បង្កាទប់ស្កាត់បញ្ហាគ្រឿងញៀន ការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែន ក្រុមបងតូចបងធំនិងការលួចឆក់ប្លន់នានាដើម្បីធានាសុវត្ថិភាពភ្ញៀវទេសចរទាំងក្នុងនិងក្រៅប្រទេស។

៥)ត្រូវជំរុញការផលិតក្នុងស្រុកដើម្បីផ្គត់ផ្គង់ទេសចរដែលជាគោលដៅ«នាំចេញនៅនឹងកន្លែង»។ ត្រូវបន្តជំរុញការផលិតតាមស្តង់ដារ ហើយត្រូវបង្កើតឲ្យមានខ្សែក្រវាត់បៃតងក្នុងតំបន់ទេសចរណ៍តាមរយៈការបណ្ដុះបណ្ដាលប្រជាពលរដ្ឋដើម្បីទទួលបាននូវបច្ចេកទេសនៃការដាំដុះ ការចិញ្ចឹមត្រីនិងសត្វសម្រាប់ផ្គត់ផ្គង់ដល់ទេសចរ។ ត្រូវផ្សារភ្ជាប់កសិកម្មជាមួយទេសចរតាមរយៈការជំរុញ និងការអភិវឌ្ឍវិស័យកសិទេសចរណ៍ឲ្យកាន់តែរីកចម្រើនជាមួយនឹងការបណ្ដុះបណ្ដាលជំនាញទេសចរផ្នែកបដិសណ្ឋារកិច្ចស្វាគមន៍ និងជំនាញចម្អិនម្ហូបអាហារជាដើម។

៦)ជាមួយនឹងស្ថានការណ៍វិវឌ្ឍន៍ថ្មីៗនៃការរីករាលដាលជំងឺកូរវិត១៩ នៅក្នុងតំបន់ និងពិភពលោកសម្ដេចតេជោ បានអំពាវនាវដល់បងប្អូនជនរួមជាតិ សូមរក្សានូវភាពស្ងៀមស្ងាត់ ការពារសុខភាព ធ្វើអនាម័យជាប្រចាំដើម្បីសុខភាពខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារ ហើយអាចការពារបាននូវជម្ងឺគ្រប់ប្រភេទ។ សូមបងប្អូនជនរួមជាតិផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវព័ត៌មានពិត ដើម្បីបំបាត់នូវព័ត៌មានក្លែងក្លាយដែលធ្វើឲ្យមានភាពចលាចលវឹកវរ និងអសន្តិសុខសង្គម។ រាជរដ្ឋាភិបាលដែលមានក្រសួងសុខាភិបាលជាសេនាធិការបានធ្វើកិច្ចសហប្រតិបត្តិការជាមួយអង្គការសុខភាពអន្តរជាតិនានាជាពិសេសអង្គការសុខភាពពិភពលោក ដោយមានវិធានការយ៉ាងម៉ឺងម៉ាត់បំផុតក្នុងការការពារនិងត្រៀមលក្ខណៈសម្បត្តិដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងសកលនេះ។ សូមបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសចូលរួមទាំងអស់គ្នាដើម្បីការពារសុខភាពរៀងៗខ្លួន និងក្រុមគ្រួសារអោយបានល្អប្រសើរ ជាជាងការភ័យខ្លាចជ្រុលហួសហេតុដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅ សុខមាលភាពសង្គម និងភាពសុខដុមរមនានៃជាតិសាសន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

មុននឹងបញ្ចប់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេចរណ៍ជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីបុណ្យទន្លេលើកទី៦នៅខេត្តបាត់ដំបងទាំងអស់គ្នា ជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា។ បន្ទាប់មកសម្តេចតេជោបានអញ្ជើញទស្សនាការអុចកាំជ្រួចអបអរសាទរបុណ្យទន្លេលើកទី៤ និងទស្សនាការសម្តែងសិល្បៈកម្សាន្តផ្សេងៗ នៅក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង៕

Loading...