សម្តេចប្រមុខដឹកនាំរាជរដ្ឋាភិបាលអញ្ជើញជួបសួរសុខទុក្ខអាជីវករ លោកគ្រូអ្នកគ្រូនៅសាលាគរុកោសល្យ មន្ត្រីរាជការ និងសួរសុខទុក្ខកងទ័ពយោធភូមិភាគ១ នៅក្នុងខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ នៅរយះពេលពីរថ្ងៃបន្តបន្ទាប់គ្នានេះ គឺចាប់ពីថ្ងៃ១៦សីហា រហូតមកទល់នឹងព្រឹកថ្ងៃ១៧សីហានេះ ប្រមុខដឹកនាំរាជរដ្ឋាភិបាល សម្តេចតេជោ សែន សម្តេចនៅតែបង្ហាញវត្តមានដ៏ខ្ពង់ខ្ពស់ នៅចំពោះមុខប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មន្ត្រីរាជការគ្រប់ស្ថាប័នរដ្ឋ និងកងកម្លាំងប្រដាប់អាវុធទាំង៣ ពិសេស កងទ័ពនៅក្នុងអង្គភាពយោធភូមិភាគទី១ ដោយសម្តេចចង់ដឹងអំពីភាពសុខទុក្ខ និងការរស់នៅរបស់ពលរដ្ឋ និងកងទ័ព នៅខេត្តភាគឥសានប្រទេសមួយនេះ។

នៅព្រឹកថ្ងៃ១៧សីហានេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី សម្តេចបានអញ្ជើញទៅកាន់ទីតាំងចំនួន២ នៅមុនពេលសម្តេចអញ្ជើញចាកចេញពីខេត្តស្ទឹងត្រែងនោះ គឺចុះជួបសួរសុខទុក្ខអាជីវករផ្សារសាមគ្គីស្ទឹងត្រែង និងជួបលោកគ្រូ អ្នកគ្រូ នៃសាលាគរុកោសល្យភូមិភាគស្ទឹងត្រែង នៅបន្ទាប់ពីសម្តេច បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខយោធា នៃយោធភូមិភាគ១ មន្ត្រីរាជការគ្រប់ស្ថាប័ន នៅក្នុងខេត្តស្ទឹងត្រែង កាលពីថ្ងៃ១៦សីហាម្សិលមិញនោះ។

នៅក្នុងដំណើរចុះជួបអាជីវករផ្សារសាមគ្គីនោះ សម្តេចតេជោ បានមានប្រសាសន៍ថា នៅទីកន្លែងនេះ សម្តេចធ្លាប់ជួបដោះស្រាយជាមួយអាជីវករទាំងលំបាក ហើយសម្តេចបានចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីជួយកសាងផ្សារនេះជូនអាជីវករ បានលក់ដូរប្រកបរបរចិញ្ចឹមជីវភាពឡើងវិញ នៅបន្ទាប់ពីផ្សារនេះបានរងការឆេះកំទេចនោះរួចមក។

កាលពីល្ងាចថ្ងៃ១៦សីហាម្សិលមិញនោះ នៅក្នុងសាលាខេត្តស្ទឹងត្រែង នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ សែន សម្តេចបានមានប្រសាសន៍ក្រើនរំលឹក ដល់មន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្ត ត្រូវបន្តបង្កើនកិច្ចសហប្រតិបត្តិការ ឲ្យបានជិតស្និទ្ធិជាមួយនឹងប្រជាជន មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ នៃប្រទេសឡាវ។ ការក្រើនរំលឹករបស់សម្តេចនាគ្រានោះ គឺបានធ្វើឡើងបន្ទាប់ពី នាយករដ្ឋមន្ត្រីឡាវ លោក ថោងលួន ស៊ីសូលីត បានបញ្ជាដកកងទ័ពចេញពីក្នុងទឹកដីកម្ពុជា នៅតាមតំបន់ព្រំដែន ក្រោមការស្វះស្វែងរកកិច្ចចរចារក្សាសន្តិភាព ពីសម្តេចតេជោ កាលពីថ្ងៃ១២សីហា២០១៧ កន្លងទៅនេះ និងនៅគ្រាដែលសម្តេច បានអញ្ជើញតាមជើងហោះហើរ ចុះជួបសួរសុខទុក្ខកងទ័ព នៃយោធភូមិភាគទី១ នៅខេត្តស្ទឹងត្រែង។

សម្តេចតេជោ បានពន្យល់ដល់ប្រជាពលរដ្ឋ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ទាំងអស់ ឲ្យយល់ពីតម្លៃសន្តិភាព ហើយសម្តេចបានអំពាវនាវ ឲ្យចូលរួមថែរក្សាការពារឲ្យបាន នូវសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលយើងទាំងអស់គ្នាបានខិតខំរកបានដោយកម្រ នៅក្នុងរយះពេលជាង៣៨ឆ្នាំកន្លងមកនេះ។

សម្តេចតេជោ ប្រមុខដឹកនាំរាជរដ្ឋាភិបាល បានមានប្រសាសន៍ទៀតថា នៅរយះពេលកន្លងមកនេះ បើទោះបីជាមានបញ្ហាកើតឡើងបន្តិចបន្តួច នៅតាមតំបន់ព្រំដែនប្រទេសទាំងពីរកម្ពុជា និងឡាវនោះក៏មែនពិត ប៉ុន្តែសម្តេច បានធ្វើការដោះស្រាយបញ្ចប់ ជាមួយនឹងនាយករដ្ឋមន្រ្តីឡាវ លោក ថោងលួន ស៊ីសូលីត ដោយមិនទុកឲ្យមានការពង្រីកជម្លោះកើតឡើងរហូតនោះទេ យើងខិតខំដោះស្រាយបញ្ចប់ជម្លោះ ដើម្បីឈានទៅបង្កើនកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសំរាប់ប្រទេសទាំងពីរ ជាពិសេសការសន្យារួមគ្នា ក្នុងការប្រែក្លាយតំបន់ព្រំដែន នៃប្រទេសទាំងពីរ ឲ្យក្លាយជាព្រំដែនសន្តិភាព មិត្តភាព ការផ្លាស់ប្តូរពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ ការតភ្ជាប់ប្រព័ន្ធគមនាគមន៍ និងបង្កើនកិច្ចទំនាក់ទំនងល្អ រវាង ប្រជាជនប្រទេសពីរ កម្ពុជា និងឡាវ។

សម្តេចប្រមុខដឹកនាំកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តស្ទឹងត្រែង ដែលបានចូលរួមថែរក្សាបាន នូវសន្តិសុខ សុវត្ថិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សសង្គម ក្រោមការអនុវត្តកម្មវិធីនយោបាយ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ៕

Loading...