សម្តេចពិជ័យសេនា ទៀ បាញ់ ដឹកនាំគណៈប្រតិភូ នាំយកអំណោយម៉ាសចំនួន២លាន១សែន និងបរិក្ខារពេទ្យចំនួន១២ជូនរដ្ឋាភិបាល និងប្រជាជនឡាវ

(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ដែលកំពុងធ្វើចត្តាឡីស័កនៅគេហដ្ឋាន បានចាត់តាំងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ជាតំណាង ដើម្បីដឹកនាំគណៈប្រតិភូនាំយកអំណោយម៉ាសចំនួន២លាន១សែន និងបរិក្ខារពេទ្យចំនួន១២ជូនរដ្ឋាភិបាល និងប្រជាជនឡាវ នៅព្រឹកថ្ងៃច័ន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ។

នៅក្នុងដំណើរនាំយកអំណោយម៉ាសចំនួន២លាន១២សែននិងបរិក្ខារពេទ្យសរុបចំនួន១២មុខ ជូនលោក ថងលុន ស៊ីសុលីត នាយករដ្ឋមន្រ្តីឡាវ ពីសំណាក់សម្តេចពិជ័យសេនា ទៀ បាញ់ មានការអមដំណើរដោយលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាលផង ។

សូមជំរាបថា នៅយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានផ្ញើលិខិតផ្លូវការពិសេសមួយ ជូនលោក ថងលុន ស៊ីសុលីត នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយថ្លែងអំណរគុណចំពោះការហៅទូរស័ព្ទសួរសុខទុក្ខរបស់លោក ថងលុន ស៊ីសុលីត និងបញ្ជាក់អំពីការជួយឧបត្ថម្ភរបស់កម្ពុជា ជូនមិត្តឡាវ នូវម៉ាសចំនួន២លាន និងបរិក្ខាពេទ្យចំនួន១២មុខ ៕

 

 

Loading...