ភ្នំពេញៈ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ព្រះរាជសាររំលែកទុក្ខ និងព្រះរាជទ្រព្យ ចំនួន ៣.០០០ ដុល្លារ ជូនលោក ហួរ ឡាវី ស្វាមីសពអ្នកស្រី ងួន សុផាន្នី ដែលបានទទួលមរណភាព នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ដោយជំងឺកូវីដ១៩ COVID-19។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការ របស់ព្រះបរមរាជវាំង ដែលបានបង្ហាញ កាលពីយប់ថ្ងៃសុក្រ ទី១៩ មីនា ២០២១។
ព្រះរាជសាររំលែកទុក្ខ មានខ្លឹមថាៈ «សម្តេចម៉ែ ប្រោសព្រះរាជទាន ព្រះរាជសាររំលែកទុក្ខ ចំពោះមរណភាព នៃភរិយា លោក ហួរ ឡាវី» សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ព្រះរាជសាររំលែកទុក្ខ និងព្រះរាជទ្រព្យ ចំនួន ៣.០០០ ដុល្លារ ជូនលោក ហួរ ឡាវី ស្វាមីសពអ្នកស្រី ងួន សុផាន្នី ដែលបានទទួលមរណភាព នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ដោយជំងឺកូវីដ ១៩ (COVID-19)។
ក្នុងព្រះរាជសារលិខិត សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ក្រោយពីបានទទួលដំណឹងដ៏ក្រៀមក្រំអំពី អ្នកស្រី ងួន សុផាន្នី ព្រះអង្គ សូមសម្តែងការសោកស្តាយ និងសូមចូលរួមរំលែកមរណទុក្ខ ដ៏ក្រៀមក្រំជាមួយ ក្រុមគ្រួសារនៃសព ។ មរណភាពរបស់ អ្នកស្រី ងួន សុផាន្នី គឺជាការបាត់បង់ភរិយា និងម្តាយដ៏ល្អប្រពៃមួយរូប ដែលជាទីគោរព ស្រលាញ់នៃបុត្រ ព្រមទាំងបងប្អូន និងញាតិមិត្តទាំងឡាយ។
ចំណែក ហ្វេសប៊ុករបស់ កញ្ញា វី ឌីណែត ក៏បានរៀបរាប់ថាៈ « ខ្ញុំម្ចាស់ វី ឌីណែត ជាកូនស្រី សពអ្នកម៉ាក់ ងួន សុផាន្នី និងជាតំណាងលោក ប៉ា ហួរ ឡាវី សូមគោរពថ្លែងអំណរ ព្រះរាជគុណ ដ៏ខ្ពង់ខ្ពស់បំផុត ចំពោះសម្តេចហ្លួងម៉ែ ដែលបានប្រោសប្រទាន ព្រះរាជទ្រព្យ ចំនួន ៣.០០០ ដុល្លារ សំរាប់ចាត់ចែង ពិធីបុណ្យឧទ្ទិសកុសល ដល់សពអ្នកម៉ាក់ និងផ្ញើ ព្រះរាជសាររំលែកទុក្ខ ដល់ក្រុមគ្រួសារខ្ញុំម្ចាស់។ ជំនួសមុខអោយក្រុមគ្រួសារទាំងមូល ខ្ញុំម្ចាស់ សូមថ្វាយព្រះពរសម្តេចហ្លួងម៉ែ សូមព្រះអង្គទទួល នូវជន្នាយុយឺនយូរ ជាងរយ ព្រះវស្សា សុខភាពពេញបរិបូរណ៍ ដើម្បីគង់ជាម្លប់ដល់កូនចៅ ចៅទួត និងប្រជាជនខ្មែរ ទាំងអស់»។
សូមជម្រាបថា សម្រាប់ពិធីបុណ្យ សព ឧទ្ទិសកុសល ដល់អ្នកស្រី ងួន សុផាន្នី ភរិយា លោក ហួរ ឡាវី ក៏ត្រូវបានព្រះសង្ឃ គង់នៅវត្តនិគ្រោធវ័ន ហៅ គល់ទទឹង បានជួយរៀបចំពិធី បង្សុកូលឧទ្ទិសកុសល ជូនដល់សព អ្នកស្រី ងួន សុផាន្នី ផងដែរ៕