សម្តេចហ៊ុន សែន និងគណៈប្រតិភូអញ្ជើញដល់ប្រទេសសិង្ហបុរី

សិង្ហបុរី៖ នៅម៉ោង១០:៥៥នាទីព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញមកដល់ប្រទេសសឹង្ហបុរី (Singapore) ប្រកបដោយសុវត្ថិភាពហើយ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗមួយចំនួនទៀតដែលមានរយៈពេល៣ថ្ងៃ (១៣-១៥ វិច្ឆិកា)។

កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធនេះ គឺប្រព្រឹត្តទៅក្រោមមូលបទ «ភាពរឹងមាំ និង នវានុវត្តន៍របស់អាស៊ាន»។

ក្រៅអំពីការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន សម្តេចតេជោប្រមុខដឹកនាំនឹងអញ្ជើញចូលរួមកិច្ចប្រជុំពាក់ព័ន្ធជាច្រើនផ្សេងទៀតដូចជាៈ កិច្ចប្រជុំកំពូលក្រៅផ្លូវការអាស៊ាន-អូស្រ្តាលី, កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២១, កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២០ , កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី លើកទី៣, កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២១ , កិច្ចប្រជុំកំពូលក្រៅផ្លូវការអាស៊ាន-ឥណ្ឌា, កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៦, កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២១, កិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៣ (ពេញអង្គ), កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (ចង្អៀត), និងកិច្ចប្រជុំថ្នាក់ដឹកនាំ នៃភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ លើកទី២ ព្រមទាំងកិច្ចប្រជុំផ្សេងៗមួយចំនួនទៀត៕

Loading...