សម្តេចអគ្គមហាពញាចក្រី ហេង សំរិន “១៧ មេសា ១៩៧៥ ខួបលើកទី៤៦ ពួកខ្មែរក្រហមគ្រប់គ្រងប្រទេស”

ភ្នំពេញ÷ថ្ងៃនេះកាលពី៤៦ឆ្នាំមុន ពួកប្រល័យពូជសាសន៍ខ្មែរក្រហមបានឡើងគ្រប់គ្រងប្រទេសយើង ហើយបានបង្កវិនាសកម្មយ៉ាងធ្ងន់ធ្ងរមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តជាតិយើង ជាយុគសម័យខ្មៅងងឹតដែលពលរដ្ឋកម្ពុជាត្រូវបានរស់ក្នុងអន្លង់ទឹកភ្នែក ហូបមិនគ្រប់ ធ្វើការជាទម្ងន់ ព្រាត់ប្រាស់បងប្អូនកូនចៅ។ ក្រោមរបប «កម្ពុជាប្រជាធិបតេយ្យ» ក្លែងក្លាយនេះបានប្រល័យពូជសាសន៍ជាតិឯង កាប់សម្លាប់ពលរដ្ឋស្លូតត្រង់អស់ជាង២លាននាក់។

ថ្ងៃ១៧ មេសាឆ្នាំ១៩៧៥ ពួកអាវខ្មៅ បានបង្ខំប្រជាពលរដ្ឋចាកចេញពីទីក្រុងភ្នំពេញ ទៅតាមបណ្តាខេត្ត និងជម្លៀសទៅកាន់ទីជនបទ ដោយបង្ខំឱ្យធ្វើការជាទម្ងន់ ដូចគោក្របី ទាំងយប់ទាំងថ្ងៃ និងគ្មានពេលសម្រាក។ សិទ្ធិសេរីភាពពលរដ្ឋ រួមទាំងសិទ្ធិរស់រាន នៅក្នុងរបបយង់ឃ្នងនោះគឺគ្មានទេ សូម្បីតែការស្លៀកពាក់ខោអាវ ក៏ពួកគេតម្រូវឱ្យស្លៀកពាក់តែខោអាវពណ៌ខ្មៅមួយពណ៌ មួយកំប្លេគត់។ ក្រៅពីបង្ខំឱ្យពលរដ្ឋធ្វើការគ្មានថ្ងៃសម្រាក របបព្រៃផ្សៃនេះក៏បានធ្វើទារុណកម្ម និងសម្លាប់ប្រជាពលរដ្ឋតាមអំពើចិត្តដោយចោទថាជាខ្មាំង។ របបនេះមិនឱ្យមានការគោរពជំនឿសាសនាឡើយ ហើយសូម្បី រូបិយប័ណ្ណក៏គ្មានដែរ វត្តអារាម សាលារៀន មន្ទីរពេទ្យក៏ត្រូវពួកនេះ វាយកម្ទេចចោលសឹងគ្មានសល់។

ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ យើងសល់តែបាតដៃទទេហើយបានរួមគ្នាកសាង អភិវឌ្ឍន៍ប្រទេសជាតិ ដោយឆ្លងកាត់ ជំនះឧបសគ្គរាប់រយជំពូក ទម្រាំមានសុខសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។ ជាង៤០ឆ្នាំមកនេះ ដៃម្ខាងយើងខំកសាង និងអភិវឌ្ឍន៍ប្រទេស ហើយដៃយើងម្ខាងទៀតខិតខំទប់ស្កាត់មិនឱ្យរបបនេះវិលមកសារជាថ្មី ដោយយើងបារម្ភនិងខ្លាចជាទីបំផុតនូវពាក្យថា «ប្រជាធិបតេយ្យក្លែងក្លាយ»នោះ។

ក្នុងន័យនេះ សូមបងប្អូនជនរួមជាតិចងចាំនូវព្រឹត្តិការណ៍១៧មេសា ១៩៧៥ ហើយរួបរួមគ្នាថែរក្សាសុខសន្តិភាពដែលយើងកំពុងមានសព្វថ្ងៃនេះឱ្យបានស្ថិតស្ថេរ គង់វង្សជាអមតៈ ដើម្បីយើងមានឱកាសអភិវឌ្ឍន៍ប្រទេសជាតិរបស់យើងឱ្យកាន់តែសម្បូរសប្បាយ រុងរឿង និងរីកចម្រើនទៅមុខទៀត។

នៅក្នុងកាលៈទេសៈដែលយើងកំពុងប្រយុទ្ធប្រឆាំងជាមួយសត្រូវគ្មានស្រមោលជំងឺកូវីដ-១៩នេះ សូមបងប្អូន កូនក្មួយ ជនរួមជាតិទំាងអស់ថែរក្សាសុខភាព គោរពឱ្យបានខ្ជាប់ខ្ជួនរាល់វិធានការរបស់រាជរដ្ឋាភិបាល ដើម្បីសេចក្តីសុខខ្លួនយើង ក្រុមគ្រួសារយើងនិងសង្គមជាតិយើង ជាពិសេសយើងនាំគ្នាចាក់វ៉ាក់សំាងការពារជំងឺកាចសាហាវនេះឱ្យបានគ្រប់ៗគ្នា ដើម្បីយកឈ្នះកូវីដ-១៩ ហើយយើងនឹងបានវិលទៅរកជីវភាពជាប្រក្រតីវិញក្នុងពេលឆាប់ៗនេះ៕

Loading...