សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប.) លើកទី៧៥

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប.) លើកទី៧៥ ក្រោមមូលបទ «អនាគតដែលយើងទាំងអស់គ្នាចង់បាន សហប្រជាជាតិដែលយើងត្រូវការ៖ ធានា ឡើងវិញកិច្ចប្រឹងប្រែងរួមដើម្បីពហុភាគីនិយម – ប្រឈមនឹងជំងឺកូវីដ-១៩ តាមរយៈសកម្មភាពពហុភាគី ដែលមានប្រសិទ្ធភាព» នឹងប្រព្រឹត្តទៅពីថ្ងៃទី២២ ដល់ ២៩ ខែកញ្ញា ឆ្នាំ២០២០ នៅទីក្រុងញូវយ៉ក តាមរយៈប្រព័ន្ធវីដេអូថតទុកជាមុន ។

នៅមុនមហាសន្និបាតអ.ស.ប. លើកទី៧៥ សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំជាន់ខ្ពស់ដើម្បីអបអរសាទរខួបលើកទី៧៥ នៃអ.ស.ប. នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០២០ ដែលផ្តោតលើសារៈសំខាន់នៃពហុភាគីនិយមក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល ក្នុងអំឡុងពេលនៃផលប៉ះពាល់សង្គម-សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរមិនធ្លាប់មាន ដែលបណ្តាលមកពីជំងឺរាត ត្បាតកូវីដ១៩ នយោបាយវូបនីយកម្ម បញ្ហាសិទ្ធិមនុស្សតាមបៀបវារៈភូមិសាស្ត្រនយោបាយ និងការ ប្រកួតប្រជែងរវាងមហាអំណាចដែលបន្តធ្វើអោយប៉ះពាល់ដល់សមត្ថភាពក្នុងការការពារសិទ្ធិមនុស្ស ជាមូលដ្ឋាន និងការធ្វើឲ្យសម្រេចគោលដៅនៃរបៀបវារៈឆ្នាំ២០៣០ នៃប្រទេសកំពុងអភិវឌ្ឍន៍ និងសារៈសំខាន់នៃការគោរពធម្មនុញ្ញសហប្រជាជាតិ។

នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងថ្លែងសុន្ទរកថាក្នុងឱកាស កិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអ.ស.ប. ដោយផ្តោតលើចំណុចសំខាន់ៗរួមមាន៖ ផលប៉ះពាល់ នៃជំងឺកូវីដ-១៩ លើការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ពិភពលោក និងការរិះរកវិធីនិងមធ្យោបាយ សម្រាប់ស្តារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺរាតត្បាតនេះ សារៈសំខាន់នៃពហុភាគីនិយមសម្រាប់សន្តិភាព និងវិបុលភាពពិភពលោក ការកើនឡើងនូវទណ្ឌកម្មឯកតោភាគីដែលគំរាមកំហែងដល់ច្បាប់អន្តរជាតិ ការប្រែប្រួលអាកាសធាតុ និងបញ្ហាភារវកម្ម និងសមិទ្ធផលរបស់កម្ពុជានៅក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការលើកកម្ពស់និងថែរក្សាសន្តិភាព និងអធិបតេយ្យជាតិ ៕

 

Loading...