(ភ្នំពេញ)៖ ថ្លែងក្នុងកិច្ចប្រជុំ ប្រមុខរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្ដីពី«ហិរញ្ញប្បទានរបៀបវារៈការអភិវឌ្ឍដោយចីរភាព ឆ្នាំ ២០៣០ ក្នុងកាលៈទេសៈកូវីដ-១៩ និង ពេលខាងមុខ» សម្តេចតេជោបានសម្តែងនូវ ក្តីរីករាយ ដែលបានចូលរួមកិច្ចប្រជុំស្តីពី «ហិរញ្ញប្បទានរបៀបវារៈការអភិវឌ្ឍដោយចីរភាព ឆ្នាំ ២០៣០ ក្នុងកាលៈទេសៈកូវីដ-១៩ និង ពេលខាងមុខ» ។ ជាការពិត, វឌ្ឍភាពដែលសម្រេចបានក្រោមក្របខណ្ឌនៃរបៀបវារៈនេះ កំពុងទទួលរងការបំផ្លាញ ដោយសារផលប៉ះពាល់ជាអវិជ្ជមានដ៏ធ្ងន់ធ្ងរ មកលើសង្គម និង សេដ្ឋកិច្ច បណ្ដាលមកពីជំងឺកូវីដ -១៩ ។
ការបន្ទុចបង្អាក់នេះ កើតឡើងដោយសារមូលហេតុចម្បងៗមួយចំនួន រួមមាន ៖ (១).ការថមថយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនីមួយៗ ឈរលើភាពចាំបាច់ក្នុងការបង្វែរទិសដៅអាទិភាពគោលនយោបាយ និង ធនធាន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩; និង (២).ការកើនឡើងនូវការប្រកាន់យកគោលការណ៍គាំពារនិយមជ្រុលរបស់ប្រទេសមហា-អំណាចមួយចំនួន ដែលកំពុងតែបំផ្លាញប្រព័ន្ធពហុភាគីនិយម, សកលភាវូបនីយកម្ម និង ក្របខ័ណ្ឌនៃកិច្ច-សហការជាអន្តរជាតិផ្សេងទៀត ហើយក៏ជាដំណើរបញ្រ្ចាស់ទិសនៃកិច្ចប្រឹងប្រែងសំដៅសម្រេចឲ្យបាននូវរបៀបវារៈឆ្នាំ ២០៣០ ។
ក្នុងឱកាសនោះសម្តេចបានចាប់ អារម្មណ៍ថា ក្នុងបរិការណ៍បែបនេះ, ពេលវេលាកំណត់នៅឆ្នាំ ២០៣០ ដើម្បីសម្រេចឱ្យបាននូវបង្គោលចរ និង គោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព ប្រហែលជានឹងគប្បីត្រូវបានពិចារណាពន្យា ។ ច្បាស់ណាស់ថា, ការណ៍នេះ ទាមទារឱ្យមានការវាយតម្លៃឡើងវិញក្នុងគ្រប់ទិដ្ឋភាពទាំងអស់, ទាំងក្នុងក្រប- ខ័ណ្ឌនៃវេលាកំណត់, ទិសដៅយុទ្ធសាស្ត្រ, ផែនការអនុវត្ត និង ធនធាន សម្រាប់ការសម្រេចបាននូវរបៀបវារៈរបស់យើង បន្ទាប់ពីស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ មានភាពធូរស្បើយ ។
លើមូលដ្ឋាននេះ ខ្ញុំសូមគូសរំលេចនូវការងារជាអាទិភាពមួយចំនួន ពាក់ព័ន្ធនឹងបញ្ហាហិរញ្ញប្បទានដែលជាមធ្យាបាយមួយដ៏សំខាន់សម្រាប់បម្រើឲ្យកិច្ចប្រឹងប្រែងរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការឈានទៅសម្រេចបាននូវរបៀបវារៈឆ្នាំ ២០៣០ ដូចខាងក្រោម ៖
ទី១. ការប្រែក្លាយការគំរាមកំហែងពីជំងឺកូវីដ-១៩ ទៅជាឱកាសសម្រាប់ការកែទម្រង់នៅក្នុងប្រទេសនីមួយៗ ដើម្បីពង្រឹងភាពប្រកួតប្រជែងនៃសេដ្ឋកិច្ច, បង្កបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ច និង ពង្រឹងការប្រមូលចំណូលរដ្ឋ ។ ទន្ទឹមនេះ, យើងត្រូវធ្វើអាទិភាវូបនីយកម្មចំណាយថវិកាជាតិ ដោយផ្តោតលើវិស័យពាក់ព័ន្ធដោយត្រង់ជាមួយគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព ២០៣០ ជាអាទិ៍ អប់រំ, សុខាភិបាល, ការគាំពាសង្គម, កសិកម្ម និង ហេដ្ឋារចនាសម្ព័ន្ធ ។
ទី២. ការលើកកម្ពស់គោលនយោបាយពាណិជ្ជកម្ម និង កិច្ចសម្រួលពាណិជ្ជកម្ម ព្រមជាមួយនឹងការ-ផ្តល់ភាពអនុគ្រោះដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីធានាថា ផលប្រយោជន៍ដែលកើតចេញពីសកលភាវូប- នីយកម្ម ត្រូវបានវិភាជប្រកបដោយសមធម៌ និង ប្រសិទ្ធភាព ។ ក្នុងស្មារតីនេះ, ពិភពលោកចាំបាច់ត្រូវបន្តជំរុញ និង គាំទ្រគោលការណ៍សកលភាវូបនីយកម្ម តាមរយៈការបើកចំហពាណិជ្ជកម្មអន្តរជាតិ ឲ្យកាន់តែទូលំទូលាយ និង ការគាំទ្រប្រព័ន្ធពហុភាគីនិយម ឲ្យកាន់តែខ្លាំងក្លា ។
ទី៣. ការបន្តពង្រឹងស្ថិរភាព និង ពិពិធកម្មវិស័យហិរញ្ញវត្ថុ, នវានុវត្តន៍, និង ការលើកកម្ពស់តួនាទី និង ជវភាពរបស់វិស័យឯកជន ដើម្បីបំពេញតម្រូវការផ្នែកហិរញ្ញវត្ថុសម្រាប់បម្រើឲ្យគោលដៅនៃរបៀបវារៈឆ្នាំ ២០៣០ តាមរយៈការដាក់ចេញនូវវិធានការលើកទឹកចិត្ត និង ជំរុញការវិនិយោគ និង រំហូរមូលធនឯកជន ទៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ពិសេស ការជំរុញការវិនិយោគផ្ទាល់ពីបរទេស និង ការលើកកម្ពស់យន្តការភាពជាដៃគូរវាងវិស័យរដ្ឋ និង ឯកជន។
ទី៤. ការបន្តធានាឲ្យបាននូវនិរន្តភាពនៃការផ្តល់ជំនួយអន្តរជាតិ ជាពិសេស ជំនួយផ្នែកហិរញ្ញវត្ថុ ចំពោះប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីបន្តជំរុញចលនការនៃកិច្ចការកែទម្រង់បម្រើឲ្យរបៀបវារៈឆ្នាំ ២០៣០ ។
ទី៥. ការបន្តពង្រឹងភាពជាម្ចាស់របស់ប្រទេសកំពុងអភិវឌ្ឍន៍ តាមរយៈកសាងភាពជាដៃគូរវាងបណ្តាតួអង្គអភិវឌ្ឍន៍ទាំងអស់, ទាំងដៃគូអភិវឌ្ឍន៍ទ្វេភាគី, ពហុភាគី, វិស័យឯកជន និង តួអង្គអភិវឌ្ឍន៍ដទៃទៀត ។ បន្ថែមលើនេះ, យើងក៏ត្រូវធានាឱ្យបានផងដែរ នូវភាពស៊ីចង្វាក់គ្នា, ប្រកបដោយតម្លាភាព និង ការទទួល-ខុសត្រូវ, រវាងគោលនយោបាយរបស់ដៃគូអភិវឌ្ឍន៍, ទាំងទ្វេភាគី និងពហុភាគី, ជាមួយនឹងឤទិភាពនៃគោល-នយោបាយជាតិ នៅក្នុងបរិបទនៃជំងឺកូវីដ-១៩ និង ក្នុងរយៈពេលវែងហួសពីនេះ ដើម្បីគោលដៅនៃការ-អភិវឌ្ឍប្រកបដោយចីរភាព ។
ក្នុងបរិបទនេះ, ច្បាស់ណាស់ថា ពិភពលោកនឹងមិនអាចបន្តនិរន្តរភាពប្រកបដោយសុខសន្តិភាព និង ភាពសុខុដុមរមនា ដោយគ្មានវត្តមានរបស់អង្គការសហប្រជាជាតិ ដែលរឹងមាំ និង ទទួលបាននូវការគោរពពេញលេញពីបណ្តាប្រទេសជាសមាជិកទាំងអស់ នោះឡើយ ។
ក្នុងស្មារតីនេះ, កម្ពុជាបន្តគាំទ្រយ៉ាងមោះមុតលើតួនាទីរបស់អង្គការសហប្រជាជាតិ ព្រមទាំងសូមលើកទឹកចិត្តដល់អង្គការសហប្រជាជាតិ ឲ្យសកម្មបន្តបំពេញតួនាទីរបស់ខ្លួន ក្នុងការគាំទ្រដល់រដ្ឋជាសមាជិកទាំងអស់ ជាពិសេសដល់ប្រទេសកំពុងអភិវឌ្ឍន៍ ។
មុននឹងបញ្ចប់, ខ្ញុំសូមគូសបញ្ជាក់សារជាថ្មីថា កម្ពុជាត្រៀមរួចជាស្រេច ដើម្បីរួមចំណែកជាមួយដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធទាំងអស់, ទាំងទ្វេភាគី និង ពហុភាគី, ក្នុងកិច្ចប្រឹងប្រែងស្តារស្ថានភាពសង្គម-សេដ្ឋកិច្ច និង លើកស្ទួយនូវវិបុលភាពសម្រាប់ទាំងអស់គ្នា ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ ។ ខ្ញុំជឿជាក់ថា កិច្ចប្រឹងប្រែង និង កិច្ចសហការគ្នា ដែលកាន់តែមានភាពប្រទាក់ក្រឡា, ស្អិតរមួត និង ឆ្លើយតបគ្នាទៅវិញទៅមកកាន់តែខ្ពស់ នឹងជួយឱ្យយើងអាចសម្រេចបាននូវចក្ខុវិស័យនៃការអភិវឌ្ឍប្រកបដោយចីរភាព ជាក់ជាមិនខាន ទោះជាអាចត្រូវប្រឈមនឹងការពន្យាពេលខ្លះក៏ដោយ ៕