សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់ឲ្យ ឯកឧត្ដម ហ៊ុន ម៉ាណែត អំណោយអាវរងា ជូនដល់កងកម្លាំងប្រដាប់អាវុធទិសយោធភូមិភាគទី៥

(បន្ទាយមានជ័យ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បាននាំយកអាវរងារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនដល់កងកម្លាំងប្រដាប់អាវុធទិសយោធភូមិភាគទី៥ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងនាមសម្តេច ទាំងទ្វេ បានពាំនាំការផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ដែលជានិច្ចជាកាលសម្តេចទំាងពីរតែងគិតគូរអំពីសុខទុក្ខ និងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋទាំងអស់នៅមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងក្រុមគ្រួសារ ព្រមទាំងអតីតយោធិនរបស់យើង ហើយសម្តេចទាំងទេ្វរបានផ្តាំផ្ញើ និងជម្រុញដល់ស្ថាប័នពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ឱ្យយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូន ដើម្បីដោះស្រាយឱ្យទាន់ពេលវេលា។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងរយៈកាលមួយឆ្នាំកន្លងមកនេះ កងកម្លាំងទាំងអស់ប្រចំាទិសយោធភូមិភាគទី៥ បានចូលរួមក្នុងកិច្ចការអាទិភាពចាំបាច់ជាច្រើនដូចជា ការការពារនូវចលនាប៉ុនប៉ងបំផ្លិចបំផ្លាញសុខសន្តិភាព និងស្ថិរភាពសង្គមរបស់អ្នកនយោបាយជ្រុលនិយមមួយចំនួន, ការចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់នូវជម្ងឺរាតត្បាតកូវីដ១៩តាមរយៈ ការល្បាត ត្រួតពិនិត្យ និងណែនាំដល់ពលរដ្ឋដែលធ្វើការឆ្លងដែនចូលមកក្នុងប្រទេសឲ្យទទួលបាននូវការត្រួតពិនិត្យសុខភាពទៅតាមទីកន្លែងដែលអាជ្ញាធរខេត្តនិងក្រសួងសុខាភិបាលបានរៀបចំ, ព្រមទាំងបានដើរតួរនាទីសំខាន់ហើយនំាមុខក្នុងការប្រតិបត្តិការរហ័សដល់ការជួយប្រជាពលរដ្ឋក្នុងពេលមានគ្រោះទឹកជំនន់កន្លងមកក្នុងខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ បន្ថែមលើកិច្ចការស្នូលរបស់ខ្លួនដែលជាការងារការពារបូរណភាពទឹកដី, ការចូលរួមជាប្រចំាក្នុងការការពារសុខសន្តិភាព ធានាបានស្ថិរភាព និងសន្តិសុខ តាមបណ្តោយព្រំដែន។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានណែនាំកងកម្លាំងទាំងអស់ចូលរួមអនុវត្តតាមការអំពាវនាវរបស់សម្តេចតេជោ និងអាជ្ញាធរមានសមត្ថកិច្ចក្នុងការបន្តកិច្ចការពារ និងប្រុងប្រយ័ត្នខ្ពស់ចំពោះជម្ងឺរាតត្បាតកូវីដ១៩ ដោយអនុវត្តទៅតាមវិធានសុខាភិបាលនានាជាប្រចាំ ដើម្បីបន្តធានាបាននូវសុវត្ថិភាពរបស់បុគ្គលខ្លួនឯងក៏ដូចជាក្រុមគ្រួសារ ព្រមទាំងអង្គភាពទាំងមូល។ សូមមេត្តាបន្តយកចិត្តទុកដាក់ក្នុងការចូលរួមជួយស្តារទ្បើងវិញនូវហេដ្ឋាចរនាសម្ព័ន្ធ និងការត្រៀមខ្លួនជាស្រេចក្នុងការបង្ការ និងឆ្លើយតបគ្រោះមហន្តរាយនានា។

សូមបន្តនូវស្មារតីស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ និងរដ្ឋាភិបាលស្របច្បាប់ ការពារសុខសន្តិភាព ព្រមទាំងប្រឆាំងដាច់ខាតនូវរាល់ការប៉ុនប៉ងនានាក្នុងការបំផ្លាញសន្តិភាពដ៏ពេញលេញ ដែលរាមច្បងជំនាន់មុនបានកសាងយ៉ាងលំបាកទម្រាំបានបន្សល់មកដល់យើងក្នុងពេលបច្ចុប្បន្ន ដូច្នេះយើងមានភារកិច្ចបន្តការកសាងសុខសន្តិភាពនេះតទៅមុខ ដើម្បីទុកជាកេរ្តិ៍ដំណែលឱ្យកូនចៅជំនាន់ក្រោយៗរបស់យើងទៀត ដោយឈរលើស្មារតីតបស្នងសងគុណដល់ប្រជាពលរដ្ឋ និងរដ្ឋាភិបាល ដែលបានផ្តល់នូវឱកាស និងសេចក្តីទុកចិត្តដល់យើង។

នាឱកាសឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងការកោតសរសើរ និងអរគុណ ថ្នាក់ដឹកនាំគ្រប់កម្រិតនៃរដ្ឋបាលខេត្ត, យោធភូមិភាគ, កងរាជអាវុធហត្ថ, កងនគរបាលជាតិ, ក៏ដូចជាកងម្លាំងរបស់យើងទាំងអស់ដែលបានបំពេញភារកិច្ចរបស់ខ្លួនក្នុងទិសយោធភូមិភាគទី៥ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បងប្អូនក្នុងការអនុវត្តទាំងភារកិច្ចស្នូល និងភារកិច្ចចំពោះមុខ ដោយចុះជួយសង្រ្គោះប្រជាពលរដ្ឋរបស់យើងទាន់ពេលវេលាក្នុងដំណាក់កាលដ៏លំបាកនៃគ្រោះមហន្តរាយដែលបណ្តាលមកពីជម្ងឺរាតត្បាតកូវីដ១៩ និងគ្រោះទឹកជំនន់នាពេលកន្លងមក។ សូមបងប្អូនទទួលបាននូវជោគជ័យក្នុងការបំពេញតួនាទីភារកិច្ចជាកងកម្លាំងប្រដាប់អាវុធរបស់ជាតិ និងប្រជាជន នៅក្នុងការការពារសុខសន្តិភាព ស្ថិរភាព បូរណភាពទឹកដីជូនមាតុភូមិយើង៕

 

Loading...