សម្តេច​តេ​ជោ ជួប​អ្នកកាសែត នា​ថ្ងៃអាទិត្យ ទី​២១​មករា ចាប់ផ្តើម​ពី​ម៉ោង ៣ រសៀល

ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន បានចេញ​សេចក្តីជូនដំណឹង​ថា ការចូលរួម​ពិធី​ជួបជុំ​រវាង​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​អ្នកសារព័ត៌មាន លើក​ទី​២ នឹង​ចាប់ផ្តើម​នៅ​ម៉ោង ៣ រសៀល ថ្ងៃអាទិត្យ ទី​២១ ខែមករា ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ ក្នុង​រាជធានី​ភ្នំពេញ​។​ ​តាមរបៀប​វារៈ ដែល​បាន​គ្រោងទុក ចាប់ពី​ម៉ោង ៣ រសៀល ជាការ​ចុះឈ្មោះ​អ្នកចូលរួម ភ្ញៀវកិត្តិយស​អញ្ជើញ​ដល់ គណៈអធិបតី​អញ្ជើញ​ដល់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ នាយករដ្ឋមន្ត្រី អញ្ជើញ​ដល់ ចាប់ផ្តើម​ប្រារព្ធ​ពិធី​។​ ​

ពិធី​ជួបជុំ​នេះ នឹង​ចាប់ផ្តើម​ដោយ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ឡើង​មានប្រសាសន៍​ជម្រាបជូន​សម្តេច​តេ​ជោ និង​អង្គពិធី ពាក់ព័ន្ធ​នឹង​ស្ថានភាព​អ្នកសារព័ត៌មាន ក្នុង​ឆ្នាំកន្លងមក​។ បន្ទាប់មក សម្តេច​តេ​ជោ នឹងមាន​ប្រសាសន៍​សំណេះ​សំ​ណា​ល​ជាមួយ​អ្នកសារព័ត៌មាន​។ ក្រោយមក នឹងមាន​ពិធី​ពិសារ​អាហារ​ពេល​ល្ងាច រវាង​សម្តេច​តេ​ជោ និង​ក្រុម​អ្នកសារព័ត៌មាន​។​ ​ជាមួយគ្នា​នោះ នាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ នៃ​ក្រសួង​ព័ត៌មាន ក៏បាន​ជូនដំណឹង​ដល់​អ្នកសារព័ត៌មាន ឲ្យ​អញ្ជើញ​ទៅដល់​ទីតាំង​ប្រារព្ធ​ពិធី​ឲ្យ​បាន​មុន​ម៉ោង ៤ រសៀល ជៀសវាង​ការកកស្ទះ​ចរាចរណ៍​។

ក្នុងនោះ ចំពោះ​អ្នកសារព័ត៌មាន ដែល​ចុះឈ្មោះ​ហើយ តែ​មិនទាន់បាន ក៏​អាច​ទទួល​ប័ណ្ណ​ចូលរួម​ពិធី​នេះ នៅ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ ឬក៏​ទូរទស្សន៍​ទាក់ទង​មន្ត្រី​ព័ត៌មាន តាម ៣ ផ្នែក គឺ​សម្រាប់​ទស្សនា​វ​ដ្តី កាសែត សមាគម និង​ក្លិប​អ្នកកាសែត សម្រាប់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍ និង​សម្រាប់​ផ្នែក​គេហទំព័រ និង Freelance​។​ ​សូម​រម្លឹកថា តាម​គម្រោង ក្រសួង​ព័ត៌មាន បានរៀបចំ​ពិធី​ជួបជុំ​រវាង​សម្តេច​តេ​ជោ ហ៊ុនសែន និង​អ្នកសារព័ត៌មាន លើក​ទី​២ នេះ ដោយមាន​អ្នកចូលរួម​ប្រមាណ ២​ពាន់​នាក់​។

ក្នុងនោះ ក្រៅពី​អ្នកសារព័ត៌មាន ក៏មាន​អ្នកនាំពាក្យ​តាម​ក្រសួង​ស្ថាប័ន​ជាតិ ព្រមទាំង​ថ្នាក់​ខេត្ត​រាជធានី ចូលរួម​ផងដែរ​។​ ​កាលពី​ឆ្នាំ​២០១៧ សម្តេច​តេ​ជោ ហ៊ុនសែន បាន​ជួប​ជាមួយ​អ្នកសារព័ត៌មាន​ជាង ១​ពាន់​នាក់ លើកដំបូង កាលពី​ថ្ងៃទី​១៤ ខែមករា នៅ​សណ្ឋាគារ សុខា ភ្នំពេញ នៅ​ជ្រោយចង្វារ​៕

Loading...