ភ្នំពេញៈ សម្តេច ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា កាលពីដើមខែ មេសា បានផ្ញើរលិខិតអបអរសមភាគីវៀតណាមថ្មី គឺ លោក វឿន ឌិញហ៊ុយ (Vương Đình Huệ) ប្រធានរដ្ឋសភា នៃប្រទេសវៀតណាម ។
នៅក្នុងលិខិតដែលបានផ្ញើចេញកាលពីថ្ងៃទី០១ ខែមេសា សម្តេច ហេង សំរិន បានសរសេរ ថា តាងនាមរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចសូមសម្តែង នូវ អំណរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះ លោកប្រធាន ដែលត្រូវបានបោះឆ្នោតជ្រើស តាំងជាប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាពេលកន្លងទៅថ្មីៗនេះ សម្រាប់នីតិកាលទី១៤ ។
សម្តេចបានសង្កត់ធ្ងន់ថា ” ខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ ដ៏ច្បាស់លាស់របស់ ឯកឧត្តមប្រធាន នៅក្នុងស្ថាប័ននីតិបញ្ញត្តិ នៃសាធារណរដ្ឋសង្គម និយមវៀតណាម ទំនាក់ទំនងមិត្តភាពយូរអង្វែង ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិ ការគ្រប់ជ្រុង ជ្រោយរវាងស្ថាប័ននីតិប្បញ្ញត្តិ និងប្រទេសទាំងពីរ នឹងបន្តរីកចម្រើនលូត លាស់បន្ថែមទៀត នាពេលអនាគតដើម្បីបម្រើផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជន ភូមិផងរបងជាមួយគ្នា នៃប្រទេសទាំងពីរជាមិត្ត” ។
ឆ្លៀតឱកាសនេះ សម្តេច ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់វៀតណាមដែលបាន ផ្តល់ជំនួយជាម៉ាស់មុខចំនួន ៣៩០.០០០ម៉ាស់ ដល់កម្ពុជាសម្រាប់ប្រើប្រាស់ដើម្បីចូលរួម ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបាននិងកំពុងញាំញីប្រទេសជាច្រើននៅ លើពិភពលោក ៕