សម្ពោធរូបសំណាក «ស្ត្រីអង្គុយឱបកូន»នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក

(ភ្នំពេញ) ៖ មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក បានសម្ពោធរូបសំណាក “ស្ត្រីអង្គុយឱបកូន ក្នុងស្ថានភាពភ័យរន្ធត់និងអស់សង្ឃឹមក្នុងឆាកជីវិត” ធ្វើឡើងអំពីស្ពាន់មានកម្ពស់២ម៉ែត្រ។ ពិធីសម្ពោធរូបសំណាក «ស្ត្រីអង្គុយឱបកូន» បានធ្វើឡើង ក្រោមវត្តមាន លោក ឃួង ស្រេងអភិពាលរាជធានីភ្នំពេញ មន្ត្រីរាជការ និង ប្រជាពលរដ្ឋ ជាច្រើននាក់ ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ ។

បើតាមរបាយការណ៍ របស់លោកស្រី រស់ សុភារ៉ាវី ប្រធានមជ្ឍមណ្ឌលប្រល័យពូជសាសន៍ជើងឯក បានឲ្យដឹងថា រូបសំណាកស្ត្រីអង្គុយឱបកូនក្នុងស្ថានភាពភ័យរន្ធត់និងអស់សង្ឃឹមក្នុងឆាកជីវិតនេះ ធ្វើឡើងអំពីស្ពាន់មានកម្ពស់២ម៉ែត្រ មានខឿនពីរថ្នាក់ កម្ពស់១,២២ម៉ែត្រ ថ្នាក់ទី១ កំពស់១,៨៦ម៉ែត្រ បណ្ដោយ ៤,២០ម៉ែត្រ កំរាលផ្ទៃខាងលើ៩ម៉ែត្រការ៉េនិងស៊ុបូកថ្មលាងពណ៌ប្រផេះបិតម៉ាបពណ៌ខ្មៅនៅជញ្ជាំងទាំងបួនទិស ដោយមានចារិកអក្សរជាភាសាខ្មែរនិងអង់គ្លេសដែលមានខ្លឹមសារ ស្ដីពីការចងចាំគ្មានថ្ងៃភ្លេចនូវរបបកម្ពុជាប្រជាធិបតេយ្យ ១៧ខែ ០៤ឆ្នាំ ១៩៧៥ ថ្ងៃ០៦ខែ ០១ឆ្នាំ១៩៧៩ ។ ថ្នាក់ទី២ កម្ពស់០,៣៦០ ម៉ែត្រ បណ្ដោយ ៤,២ម៉ែត្រ ផ្ទៃ កម្រាលថ្មម៉ាបពណ៌ប្រផេះខ្មៅ ។ រូបសំណាកនេះមានកំពស់សរុប៣,២២ម៉ែត្រ និងបានប្រើប្រាស់រយៈពេលនៃការសាងសង់ចំនួន ០៦ខែ ។

ថ្លែងក្នុងឱកាសនោះ លោក ឃួង ស្រេង បានអំពាវនាវដល់យុវជននិងប្រជាពលរដ្ឋទាំងអស់រួមគ្នាទប់ស្កាត់ ការធ្វើបដិវត្តន៍ពណ៌ ការបម្រើមនោគមន៍វិទ្យាបរទេសនិងប្រឆាំងរាល់ការជ្រៀតជ្រែកពីសំណាក់កងកម្លាំងអមិត្តនិងមិនឲ្យមានក្រុមណាមួយឬចលនាណាមួយទាញសង្គមជាតិរបស់យើងឲ្យធ្លាក់ក្នុងវិបត្តិកលិយុគដូចពេលអតីត កាល៣ឆ្នាំ៨ខែនិង២០ថ្ងៃទៀតទេ បើទោះក្នុងតម្លៃណាក៏ដោយ ។

លោក ឃួង ស្រេង បានថ្លែងថា នៅក្នុងប្រទេសកម្ពុជាយើង និយាយដោយឡែកនៅរាជធានីភ្នំពេញ ក្នុងពេលអតីតកាលនៃរបបប៉ុលពត គឺបានធ្វើឲ្យរាជធានីភ្នំពេញ ក្លាយជាទីក្រុងខ្មោចប្រជាពលរដ្ឋត្រូវបានជម្លៀសទៅកាន់ជនបទគ្មានសល់ បញ្ញាវ័ន្តត្រូវបានសម្លាប់រង្គាល ប្រជាជនអត់អាហារស្គមស្គាំង មានតែស្បែកនិងឆ្អឹង សកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្មគ្រប់ប្រភេទត្រូវបានលុបបំបាត់និងមានសង្គ្រាមឈ្លបនឹងចលនាឧទ្ទាមពាសពេញប្រទេស ហើយហេដ្ឋារចនាសម្ព័ន្ធនានាត្រូវបានបំភ្លេចបំផ្លាញដល់ចំណុចសូន្យ។ ដូច្នេះសូមអំពាវនាវឲ្យបងប្អូនជនរួមជាតិទាំងអស់រក្សាឲ្យបានសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ធ្វើយ៉ាងណាកុំឲ្យរបបប្រល័យពូជសាសន៍វិលមកជាលើកទីពីរម្ដងទៀត។

លោកអភិបាលរាជធានី មានប្រសាសន៍ថា ការកសាងរូបសំណាកស្ត្រីកំពុងអង្គុយអោបកូនស្ថិតនៅក្នុងបរិវេណមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកនេះគឺដើម្បីរំលឹកឡើងវិញនូវ សច្ចធម៌ប្រវត្តិសាស្ត្រនៃជីវិតរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទូទៅ ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតចន្លោះឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ ដែលត្រូវព្រាត់ប្រាស់ក្រុមគ្រួសារ ប្រពន្ធព្រាត់ប្ដី ប្ដីព្រាត់កូន ហើយក៏មិនដឹងថាត្រូវព្រាត់ស្លាប់ឬ ព្រាត់រស់ រីឯអ្នកនៅរស់ក៏រង់ចាំតែពេលត្រូវបានគេយកទៅសម្លាប់ប៉ុណ្ណោះ ពោលគឺជីវិតមានតែក្តីអស់សង្ឃឹមនិងភាពភ័យរន្ធត់គ្រប់ពេលវេលា។ ដូច្នេះយើងត្រូវតែចុងចាំគ្មានថ្ងៃបំភ្លេចនឹងត្រូវផ្សព្វផ្សាយដល់មនុស្សជំនាន់ក្រោយឲ្យបានយល់ដឹងកុំឲ្យរបបព្រៃផ្សៃនេះវិលត្រឡប់មកលើសង្គមជាតិយើងជាលើកទី២ទៀតឲ្យសោះ ៕

Loading...