សហគមន៍ការពារព្រៃឈើជាំពេនខេត្តព្រះវិហារថាមានអ្នកលួចចូលកាប់ឈើខុសច្បាប់

ខេត្តព្រះវិហារ៖សហគមន៍ការពារព្រៃឈើជាំពេន នៅស្រុករវៀង ខេត្តព្រះវិហារ បានដាក់វេនគ្នាដើរល្បាតការពារព្រៃទំហំជិត ២ពាន់ហិកតារ ដែលនៅជាប់ដែនជម្រកសត្វព្រៃបឹងពែរ រយៈពេលកន្លះខែមកហើយគិតមកដល់ពេលនេះ។
ការលើកគ្នាដើរល្បាត គឺនៅស្របពេលដែលមានមនុស្សខ្លះមកពីខេត្តកំពង់ធំ តែងនាំគ្នាលួចចូលទៅកាប់ឈើ ដើម្បីយកទៅជួញដូរខុសច្បាប់ ឯមន្ត្រីជំនាញ និងសមត្ថកិច្ច ហាក់មិនសូវអើពើក្នុងរឿងបង្ក្រាបនោះ។
ប្រជាសហគមន៍ការពារព្រៃឈើជាំពេន នៃភូមិបង្កើនផល ស្រុករវៀង បានសង្ស័យទៅលើមន្ត្រីអភិរក្សដែនជម្រកសត្វព្រៃបឹងពែរ ថាហាក់ដូចជាមានការឃុបឃិតជាមួយនឹងក្រុមអ្នកកាប់ឈើខុសច្បាប់ ជាហេតុធ្វើឲ្យក្រុមអ្នកប្រព្រឹត្តិបទល្មើស កាន់តែបង្កើនការលួចចូលទៅកាប់ឈើក្នុងតំបន់ការពារកាន់តែខ្លាំង ឡើងៗ។
តំណាងជនជាតិដើមភាគតិចកួយ នៃសហគមន៍ជាំពេន គឺលោក រ៉ូ លីន។ លោកមានប្រសាសន៍កាលពីរសៀលថ្ងៃពុធ ទី១៦ ខែកញ្ញា ថា បច្ចុប្បន្នក្រុមអ្នកជួញដូរឈើខុសច្បាប់ តែងលួចចូលទៅកាប់ឈើនៅក្នុងតំបន់ព្រៃសហគមន៍ជាញឹកញាប់។ តំណាងសហគមន៍ដដែលបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែកញ្ញា កន្លងទៅ ក្រុមសហគមន៍ធ្លាប់បានព័ន្ធចាប់អ្នកកាប់ឈើខុសច្បាប់ចំនួន ៨នាក់ ព្រមទាំងរឹបអូសបានឈើ ៥៣ចម្រៀក គោយន្តចំនួន ២គ្រឿង និងអាវុធស្នាតេះផង យកទៅប្រគល់ជូនមន្ត្រីអភិរក្សដែនជម្រកសត្វព្រៃបឹងពែរ ក៏ប៉ុន្តែ ៣ថ្ងៃក្រោយមក មន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃ បានដោះលែងអ្នកកាប់ឈើទាំងនោះ ដោយមិនបញ្ជូនទៅតុលាការទេ ជាហេតុធ្វើឲ្យក្រុមអ្នកកាប់ឈើយកទៅជួញដូរខុសច្បាប់មិនរាងចាល ហើយនៅតែលួចចូលទៅកាប់ឈើស្ទើរតែរៀងរាល់ថ្ងៃ៖ «១ថ្ងៃមាន ម៉ាស៊ីនអារឈើ២ ឬ ១ ហើយប៉ុន្មាននេះ គឺលួចឆ្មក់ចូលកាប់រហូត។ ថ្ងៃនេះពួកខ្ញុំកំពុងតែលើកកម្លាំងទៅយាមទាំងយប់ទាំងថ្ងៃ»។
ក្រុមសហគមន៍បានសង្ស័យទៅលើមន្ត្រីឧទ្យានុរក្ស ថាអាចមានការឃុបឃិតគ្នាជាមួយជនដែលកាប់ឈើខុសច្បាប់ ក៏ប៉ុន្តែមន្ត្រីដែនជម្រកសត្វព្រៃបឹងពែរ បានបដិសេធចោលចំពោះការចោទប្រកាន់នោះ ថាជារឿងមិនពិត។
នាយដែនជម្រកសត្វព្រៃបឹងពែរ លោក យ៉ាន់ ប៊ុនសឿន បដិសេធថា លោក និងមន្ត្រីការពារឧទ្យានជាតិ មិនបានឃុបឃិតជាមួយជនដែលលួចចូលកាប់ឈើខុសច្បាប់ទាំងនោះទេ។ លោក យ៉ាន់ ប៊ុនសឿន បញ្ជាក់ថា ជារៀងរាល់ពេល គឺមន្ត្រីរបស់លោក រួមទាំងសមត្ថកិច្ចចម្រុះ តែងសហការជាមួយសហគមន៍ការពារព្រៃឈើជាំពេន ប៉ុន្តែការដោះលែងអ្នកកាប់ឈើចំនួន ៨នាក់កន្លងទៅ គឺធ្វើតាមច្បាប់ ដោយផាកពិន័យយកប្រាក់ជូនរដ្ឋ៖ «អាហ្នឹងមិន មែនដោះលែង ដោយគ្មានមូលហេតុទេ គឺផាកពិន័យយកបង់ចូលរដ្ឋ។ ខ្ញុំអម្បាញ់មិញ គឺដាក់ទាំងកម្លាំងដែនជម្រកសត្វព្រៃ ទាំងកម្លាំងប៉ូលិស ទាហាន ទៅជួយបង្ក្រាបអ្នកកាប់ឈើជាមួយនឹងសហគមន៍»។
ទោះយ៉ាងណា នាយដែនជម្រកសត្វព្រៃបឹងពែរ មិនបានបញ្ជាក់ឲ្យច្បាស់លាស់ថា តើការផាកពិន័យលើអ្នកកាប់ឈើ ដែលសហគមន៍ចាប់មកប្រគល់ឲ្យនោះ បានទឹកប្រាក់ចំនួនប៉ុន្មានឡើយ?
មន្ត្រីផ្នែកតស៊ូមតិរបស់អង្គការពន្លកខ្មែរ លោក ប៉ិក សោភ័ណ អះអាងថា ចាប់តាំងពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ ឆ្នាំ២០១៣ រហូតមកដល់ពេលនេះ គឺសកម្មភាពកាប់ឈើយកទៅជួញដូរខុសច្បាប់ នៅតែកើតមានតាមបណ្ដាស្រុកជាច្រើននៃខេត្តព្រះវិហារ មិនមានថយចុះទេ។ អង្គការពន្លកខ្មែរដដែលអះអាងថា បើទោះបីជាថ្មីៗនេះ រដ្ឋាភិបាលបានប្រកាសលុបចោលដីសម្បទានសេដ្ឋកិច្ចខ្លះក៏ដោយ ក៏គេនៅតែព្រួយបារម្ភទៅលើការបាត់បង់ព្រៃឈើបន្តទៅទៀត ពីព្រោះតែព្រៃឈើជាច្រើនកន្លែងនៃខេត្តព្រះវិហារ ដែលស្ថិតក្នុងតំបន់ការពារ នៅតែទទួលរងការគំរាមកំហែង ហើយគ្មានការបង្ក្រាប៕

image1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *