សហគមន៍តំបន់ការពារធម្មជាតិ ទទួលបានវគ្គបណ្ដុះបណ្ដាលស្ដីអំពីផែនការគ្រប់គ្រង

ខេត្តមណ្ឌលគិរី ៖ រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៧-២៨ ខែមករា ឆ្នាំ២០២១ ការិយាល័យអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សហការជាមួយអង្គការ WCS បានសម្របសម្រួលរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំផែនការគ្រប់ព្រៃសហគមន៍តំបន់ការពារធម្មជាតិ (CPA) អូរពុងរូង នៅចំណុចទីតាំងរោងសហគមន៍ CPA អូរពុងរូង ស្ថិងក្នុងភូមិត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែនជម្រកសត្វព្រៃកែវសីមា។

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងបង្កើននូវការយល់ដឹង និងសមត្ថភាពសម្រាប់ជួរគណៈកម្មការសហគមន៍ ក្នុងការគ្រប់គ្រងផ្ទៃដីសហគមន៍អូរពុងរូង សំដៅបង្កើនការយល់ដឹងពីទស្សនទាន និងដំណើរការរៀបចំផែនការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ និងការយល់ដឹងពីការប្រើប្រាស់វិធីសាស្ត្រប៉ាន់ប្រមាណធនធានធម្មជាតិដោយមានការចូលរួម និងតម្រូវការប្រើប្រាប់ធនធានធម្មជាតិ សម្រាប់រៀបចំផែនការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ។

វគ្គបណ្តុះបណ្តលនេះ ស្ថិតក្នុងជំហានទី៦ ស្តីពីការរៀបចំផែនការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ ក្នុងនោះមានចំនួន ០៨ចំណុច គឺ៖
១-បើកវគ្គបណ្តុះបណ្តាលដល់ជួរគណៈកម្មការសហគមន៍
២-ការកំណត់តំបន់គ្រប់គ្រង
៣-ការសិក្សាប៉ាន់ប្រមាណពីធនធានធម្មជាតិ ដោយមានការចូលរួម
៤-ការសិក្សាប៉ាន់ប្រមាណពីតម្រូវការប្រើប្រាស់ធនធានធម្មជាតិក្នុងតំបន់សហគមន៍
៥-កិច្ចពិភាក្សារៀបចំសេចក្តីព្រាងផែនការគ្រប់គ្រង
៦-ការពិគ្រោះយោបល់លើសេចក្តីព្រាងផែនការគ្រប់គ្រងជាមួយសមាជិកសហគមន៍
៧-កិច្ចពិគ្រោះយោបល់លើសេចក្តីព្រាងផែនការគ្រប់គ្រងជាមួយអ្នកពាក់ព័ន្ធ
៨-ការសុំទទួលស្គាល់ផែនការគ្រប់គ្រង៕

Loading...