សហគមន៍តំបន់ការពារធម្មជាតិណាមលៀរ ទទួលបានពូជជ្រូក មាន់ និងសម្ភារកសិកម្មពីក្រសួងបរិស្ថាន

ខេត្តមណ្ឌលគិរី ៖ សហគមន៍តំបន់ការពារធម្មជាតិ (CPA) នៃដែនជម្រកសត្វព្រៃភ្នំណាមលៀរ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ បានទទួលពូជជ្រូកជនជាតិ ឬជ្រូកកណ្ដុរ ចំនួន៥៤ក្បាល និងផ្ដល់ជូនសត្វមាន់ដល់ប្រជាសហគមន៍១១គ្រួសារ ចំនួន១១០ក្បាល ព្រមទាំងសម្ភារកសិកម្មពីគម្រោងរបស់អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន ដើម្បីជួយលើកស្ទួយប្រាក់ចំណូលប្រចាំថ្ងៃ និងកម្រិតជីវភាពរស់នៅរបស់ប្រជាសហគមន៍។

លោក រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ក្រសួងបរិស្ថាន បានរៀបចំគម្រោងចិញ្ចឹមជ្រូកជនជាតិ ឬជ្រូកកណ្ដុរ នៅក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ ដើម្បីផ្ដល់ជូនដល់ប្រជាសហគមន៍យកទៅចិញ្ចឹមជាលក្ខណៈគ្រួសារ និងប្រពៃណី សំដៅជួយលើកកម្ពស់កម្រិតជីវភាពរស់នៅប្រចាំថ្ងៃ។ លោកបានឲ្យដឹងទៀតថា ការផ្ដល់ជូនពូជជ្រូក មាន់ និងសម្ភារកសិកម្មនាថ្ងៃនេះ ជាការឆ្លើយតបតម្រូវការរស់នៅប្រចាំថ្ងៃរបស់សហគមន៍ ហើយក្រសួងបរិស្ថាន តាមរយៈអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក៏បានរៀបចំវគ្គបណ្ដុះបណ្ដាលទៅលើបច្ចេកទេសចិញ្ចឹមស្ដីពីផលិតកម្មជ្រូកផងដែរ។

លោក ឈឹម កាន អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា តាងនាមគណៈអភិបាលខេត្តមណ្ឌលគិរី សូមសម្ដែងនូវក្ដីរីករាយចំពោះគម្រោងចិញ្ចឹម និងការផ្ដល់ពូជជ្រូកជនជាតិ និងមាន់ ដើម្បីឲ្យប្រជាសហគមន៍តំបន់ការពារធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ យកទៅចិញ្ចឹមជាលក្ខណៈគ្រួសារ និងដើម្បីបង្កើនប្រាក់ចំណូល។ លោក បានជំរុញឲ្យប្រជាសហគមន៍ដែលទទួលបានពូជជ្រូកជនជាតិ និងមាន់នាថ្ងៃនេះ ត្រូវខិតខំថែរក្សាជ្រូកតាមការណែនាំនិងបច្ចេកទេសឲ្យបានល្អ។ លោក ក៏បានណែនាំដល់ប្រជាសហគមន៍ត្រូវចូលរួមថែរក្សា អភិរក្សធនធានធម្មជាតិ វប្បធម៌ និងប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិច ដើម្បីទាក់ទាញវិស័យទេសចរណ៍ដ៏មានសក្ដានុពលនៅក្នុងខេត្តមណ្ឌលគិរីនេះ។

លោក ខៀវ បូរិន អគ្គនាយក នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានបានមានប្រសាសន៍ផងដែរថា អគ្គនាយកដ្ឋានមូលដ្ឋាន បានអនុវត្តគម្រោងលើកកម្ពស់ជីវភាពសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីបង្កើនប្រាក់ចំណូល និងពង្រីកមុខរបរប្រជាសហគមន៍តំបន់ការពារធម្មជាតិ សំដៅកាត់បន្ថយសម្ពាធនៃការប្រើប្រាស់ធនធានធម្មជាតិ និងចូលរួមចំណែកក្នុងការអភិរក្សជីវៈចម្រុ៕

Loading...