សហគមន៍ពីរបន្ថែមទៀតនៅខេត្តរតនគិរីជំទាស់គម្រោងស្រាវជ្រាវរ៉ែមាស

ខេត្តរតនគិរី ៖សហគមន៍ជនជាតិដើមភាគតិចចំនួនពីរភូមិបន្ថែម ទៀត មិនអនុញ្ញាតឲ្យក្រុមហ៊ុនស្រាវជ្រាវរ៉ែលោហៈរបស់ប្រទេសអូស្ត្រាលី ចូលទៅស្រាវជ្រាវនៅតំបន់អ្នកភូមិរស់នៅឡើយ។ ចំណែកតំណាងក្រុមហ៊ុន រក្សាគោលការណ៍ពិភាក្សាដោយសន្តិវិធីជាមួយសហគមន៍ និងស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធ ដើម្បីសម្របសម្រួលបញ្ហានេះ។
រហូតមកទល់នឹងបច្ចុប្បន្ននេះ តួលេខនៃសហគមន៍ជនជាតិដើមភាគតិចនៅខេត្តរតនគិរី ដែលជំទាស់មិនឲ្យក្រុមហ៊ុន អង្គរ ហ្គោល (Angkor Gold) ចូលទៅសិក្សាស្រាវជ្រាវរ៉ែលោហៈនៅតំបន់អ្នកភូមិរស់នៅ កើនឡើងដល់បីសហគមន៍ហើយ។
កាលពីខែធ្នូ សហគមន៍ជនជាតិដើមភាគតិចនៅភូមិគងធំ និងភូមិប្លង់ ក្នុងឃុំប៉ាតេ បានតវ៉ាទាមទារឲ្យក្រុមការងារស្រាវជ្រាវរបស់ក្រុមហ៊ុន ដកទីតាំងចេញពីភូមិ និងមិនអនុញ្ញាតឲ្យធ្វើការស្រាវជ្រាវនៅតំបន់អ្នកភូមិរស់នៅទេ បើទោះបីក្រុមហ៊ុនមានអាជ្ញាប័ណ្ណស្របច្បាប់យ៉ាងណាក្តី។
តំណាងក្រុមហ៊ុន លោក ម៉ា សំអាត មានប្រសាសន៍ថា ក្រុមហ៊ុនបានយល់ព្រមដកទីតាំងបណ្ដោះអាសន្នចេញពីភូមិដែលសហគមន៍ ជំទាស់ និងផ្តល់ព័ត៌មាននេះជូនមន្ត្រីក្រសួងរ៉ែ និងថាមពល ដើម្បីជួយអន្តរាគមន៍សម្របសម្រួលជាមួយសហគមន៍ដោយសន្តិវិធី។ លោកបន្តថា ក្រុមហ៊ុននៅតែប្រកាន់យកគោលការណ៍ពិភាក្សាស្វែងរកដំណោះស្រាយជាមួយ សហគមន៍ និងទទួលខុសត្រូវលើផលប៉ះពាល់ ប្រសិនការសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុន បង្កផលប៉ះពាល់ណាមួយដល់សហគមន៍៖ «ភូមិប្លង់ និងភូមិប៉ាតេ ក្នុងហ្នឹងប៉ះពាល់ពីរភូមិ។ យើងចាប់ផ្ដើមចុះធ្វើខែ១២ ទៅគាត់ឃាត់មិនឲ្យចូលទៅ ប៉ុន្តែកាលពីខែ៨ យើងធ្វើទីស្នាក់ការកន្លែងស្នាក់នៅក្នុងនៅទេ»។
កាលពីចុងខែកក្កដា ឆ្នាំ២០១៥ សហគមន៍ភូមិតាំម្លូ ឋិតក្នុងឃុំញ៉ាង ស្រុកអណ្ដូងមាស បានបដិសេធដាច់ខាតទៅនឹងការសម្របសម្រួលរបស់មន្ត្រីអាជ្ញាធរ មូលដ្ឋាន តំណាងក្រុមហ៊ុន និងមន្ត្រីអង្គការសង្គមស៊ីវិល ទាក់ទិនគម្រោងសិក្សាស្រាវជ្រាវរ៉ែមាសរបស់ក្រុមហ៊ុន អង្គរ ហ្គោល ដែលទទួលបានអាជ្ញាប័ណ្ណស្រាវជ្រាវរ៉ែមាសនៅតំបន់នោះ បើទោះបីការសម្របសម្រួលឈរលើគោលការណ៍បីចំណុច ស្ដីពីដំណោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋជាមុនក្ដី។ គោលការណ៍បីចំណុចនោះរួមមាន ការបង្កើតក្រុមការងារមានតំណាងសហគមន៍ពី ៥ ទៅ ៧នាក់ ចូលរួមតាមដានពិនិត្យសកម្មភាពស្រាវជ្រាវរ៉ែរបស់ក្រុមហ៊ុន បង្កើតក្រុមទស្សនកិច្ចសិក្សាសហគមន៍ ស្វែងយល់ពីតំបន់កំពុងសិក្សាស្រាវជ្រាវរ៉ែលោហៈរបស់ក្រុមហ៊ុន និងការចុះកិច្ចព្រមព្រៀងធានាផ្លូវច្បាប់ ប្រសិនក្រុមហ៊ុនបង្កផលប៉ះពាល់ប្រជាពលរដ្ឋ។
មេឃុំប៉ាតេ លោក រម៉ាម យុត បញ្ជាក់ថា អ្នកភូមិព្រួយបារម្ភពីផលប៉ះពាល់ ទើបជំទាស់មិនឲ្យក្រុមហ៊ុនចូលទៅស្រាវជ្រាវនៅតំបន់នោះ។ លោកថា អាជ្ញាធរឃុំបានពន្យល់អ្នកភូមិទាក់ទិនគម្រោងសិក្សា ដែលរាជរដ្ឋាភិបាលផ្តល់អាជ្ញាប័ណ្ណ និងលក្ខខណ្ឌធានាចំពោះផលប៉ះពាល់ ប៉ុន្តែអ្នកភូមិនៅតែមិនយល់ស្រប៖ «ទេខ្ញុំដោះស្រាយអត់ចេញ ខ្ញុំថាឲ្យស្រុកខេត្តដោះស្រាយទៅ បើខ្ញុំដោះស្រាយ គេថាភូមិ-ឃុំត្រូវរ៉ូវគ្នាហើយ។ ខ្ញុំអត់ហ៊ានទេ ឲ្យអ្នកពីក្រៅទៅសង្ស័យបាន»។
ក្រសួងរ៉ែ និងថាមពល បានចេញអាជ្ញាប័ណ្ណឲ្យក្រុមហ៊ុន អង្គរ ហ្គោល សិក្សាស្រាវជ្រាវរ៉ែលោហៈលើផ្ទៃដីទំហំជិត ២០០គីឡូម៉ែត្រក្រឡា (១៨៧គីឡូម៉ែត្រការ៉េ) នៅ តំបន់បរខាំ ស្រុកអណ្ដូងមាស ស្រុកបរកែវ និងស្រុកអូរយ៉ាដាវ ចាប់ពីថ្ងៃចេញអាជ្ញាប័ណ្ណរហូតដល់ចុងខែធ្នូ ឆ្នាំ២០១៦ ក្នុងនោះបានហាមឃាត់ដាច់ខាតការស្រាវជ្រាវទៅលើដីកម្មសិទ្ធិរបស់ រដ្ឋ ដែលកំណត់ថា ជាតំបន់វប្បធម៌ ទីតាំងប្រវត្តិសាស្ត្រ និងតំបន់បេតិកភណ្ឌជាតិ។ ដោយឡែកក្នុងការស្រាវជ្រាវទៅលើផ្ទៃដីជាកម្មសិទ្ធិឯកជន ក្រុមហ៊ុនត្រូវមានកិច្ចព្រមព្រៀងជាមួយម្ចាស់កម្មសិទ្ធិស្ដីពីមិន ជ្រៀតជ្រែក និងប៉ះពាល់ដល់ទ្រព្យសម្បត្តិ ព្រមទាំងធ្វើការទូទាត់សំណងការខូចខាតទាំងឡាយ ដែលបណ្ដាលមកពីសកម្មភាពរបស់ក្រុមហ៊ុន។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក ម៉េង សក្តិធារ៉ា មានប្រសាសន៍បញ្ជាក់ថា លោកបានទទួលព័ត៌មាន និងការស្នើសុំកិច្ចអន្តរាគមន៍ពីតំណាងក្រុមហ៊ុន អង្គរ ហ្គោល រួចហើយ ក៏ប៉ុន្តែក្រុមហ៊ុនមិនទាន់ផ្ញើផែនទីទាក់ទិនតំបន់ប្រតិបត្តិការ ស្រាវជ្រាវរ៉ែដែលអ្នកភូមិជំទាស់ មកក្រសួងនៅឡើយ។ លោកថា ក្រសួងនឹងចាត់ក្រុមការងារចុះសម្របសម្រួលករណីទាំងអស់នោះជាមួយ សហគមន៍ នៅពេលក្រុមហ៊ុនផ្ញើឯកសារពាក់ព័ន្ធមកដល់ក្រសួង៖ «គាត់ មករាយការណ៍ផ្ទាល់មាត់ហើយ ប៉ុន្តែយើងសុំឲ្យគាត់ផ្តល់ផែនទីទីតាំងដែលគាត់ត្រូវចូល ទំហំប្រតិបត្តិការកន្លែងណាខ្លះឲ្យមក។ យើងនឹងចុះទៅជួបប្រជាជនសម្របសម្រួលរឿងហ្នឹង»។
ក្រុមហ៊ុន អង្គរ ហ្គោល ប្រទេសអូស្ត្រាលី សិក្សាស្រាវជ្រាវរយៈពេល ១០ឆ្នាំ។ ក្រុមហ៊ុននេះរកឃើញមានសក្ដានុពលរ៉ែមាស លាតសន្ធឹងពីស្រុកអូរយ៉ាដាវ រហូតទៅដល់ព្រំដែនប្រទេសវៀតណាម និងឡាវ។ បច្ចុប្បន្ន ក្រុមហ៊ុន មេស្កូ ហ្គោល (Mesco Gold) នៃប្រទេសឥណ្ឌា កំពុងស្នើសុំអាជ្ញាប័ណ្ណធ្វើអាជីវកម្មរ៉ែមាសនេះដែរ។
មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្ត រតនគិរី លោក ឆាយ ធី កត់សម្គាល់ថា កន្លងទៅនេះ គម្រោងវិនិយោគដីសម្បទានសេដ្ឋកិច្ចជាច្រើន បានបំពានសិទ្ធិរស់នៅ និងរំលោភដីធ្លីសហគមន៍ ទើបធ្វើឲ្យសហគមន៍បាក់ស្មារតី មិនចង់ឲ្យក្រុមហ៊ុនណាមកវិនិយោគនៅតំបន់ពួកគាត់រស់នៅទៀតឡើយ។ លោកថា ក្រុមហ៊ុន អង្គរ ហ្គោល គឺជាក្រុមហ៊ុនដំបូងដែលគោរពទៅលើគោលការណ៍ពិភាក្សាដោះស្រាយផល ប៉ះពាល់សហគមន៍ជាបឋម។ ហេតុនេះ ក្រុមហ៊ុន និងអាជ្ញាធរពាក់ព័ន្ធ ត្រូវព្យាយាមបង្ហាញឲ្យអ្នកភូមិឃើញជាក់លាក់ពីគម្រោងសិក្សា ស្រាវជ្រាវរបស់ក្រុមហ៊ុន ដែលមិនបង្កផលប៉ះពាល់ ឬដោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋពិតប្រាកដ៖ «ក្រុមហ៊ុន រ៉ែនេះសហការល្អជាមួយអាជ្ញាធរ សង្គមស៊ីវិល។ សូម្បីប្រជាពលរដ្ឋ ក៏គាត់សហការយ៉ាងជិតស្និទ្ធ ប៉ុន្តែពលរដ្ឋបាក់ស្បាត ឲ្យតែមានក្រុមហ៊ុនចូលមក ធ្វើឲ្យខាតបង់ផលប្រយោជន៍ពួកគាត់»។
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម ថ្លែងបញ្ជាក់កាលពីថ្ងៃទី៣ ខែកុម្ភៈ ថា នឹងផ្តល់អាជ្ញាប័ណ្ណធ្វើអាជីវកម្មរ៉ែមាសនៅភូមិពាក់ នៅពេលឆាប់ៗនេះ បន្ទាប់ពីសហគមន៍បានយល់ព្រមឲ្យក្រុមហ៊ុន មេស្កូ ហ្គោល បើកការដ្ឋានធ្វើអាជីវកម្មរ៉ែមាសនៅតំបន់អ្នកភូមិរស់នៅ។ ចំណែកក្រុមការងារនៃគណៈកម្មការទី៩ រដ្ឋសភា ក៏បានថ្លែងគាំទ្រគម្រោងផ្តល់អាជ្ញាប័ណ្ណធ្វើអាជីវកម្មរ៉ែមាសនៅ ភូមិពាក់ នេះដែរ ដើម្បីជំរុញឲ្យមានការអភិវឌ្ឍជូនប្រជាពលរដ្ឋនៅមូលដ្ឋាន៕

image-INddex21

Loading...

Leave a Reply

Your email address will not be published. Required fields are marked *