សហគមន៍ព្នងរងការបាញ់គំរាមពីក្រុមកាប់ឈើខុសច្បាប់

ខេត្តមណ្ឌលគិរី ៖សហគមន៍ព្នងភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានស្ទាក់ឃាត់រទេះដឹកជញ្ជូនឈើខុសច្បាប់មួយគ្រឿងដែលប៉ុនប៉ងដឹកជញ្ជូនឈើចេញពីព្រៃសហគមន៍ ក៏ប៉ុន្តែក្រុមជនល្មើសប្រើប្រាស់អាវុធបាញ់គំរាមសហគមន៍មិនឲ្យចូលជិត រួចទម្លាក់ឈើចេញពីរទេះគោយន្ត ហើយបើកគេចចេញពីកន្លែងកើតហេតុ។

សហគមន៍ ភូមិពូលុ អំពាវនាវសុំឲ្យសមត្ថកិច្ចពាក់ព័ន្ធនៃអាជ្ញាធរខេត្តមណ្ឌលគិរី ស្វែងរកជនល្មើសមួយក្រុមស្លៀកពាក់យោធា ប្រើប្រាស់អាវុធបាញ់គំរាម ខណៈក្រុមសហគមន៍ល្បាតព្រៃប្រទះឃើញពួកគេកំពុងដឹកជញ្ជូនឈើចេញពីព្រៃ កាលពីទៀបភ្លឺថ្ងៃទី១៥ ខែសីហា។

មិនមាននរណាម្នាក់មានគ្រោះថ្នាក់ក្នុងការបាញ់គំរាមនេះទេ ក៏ប៉ុន្តែឈើប្រភេទលេខ១ ជាង ២០ដុំ មានបរិមាណឈើជាង ៣ម៉ែត្រគីប ត្រូវបានសហគមន៍រកឃើញនៅចម្ងាយប្រមាណ ១០០ម៉ែត្រពីកន្លែងជនល្មើសផ្ទុះអាវុធ។

តំណាងសហគមន៍លោក ច្រើង តុលា រៀបរាប់ថា ក្រុមជនល្មើសមិនស្គាល់អត្តសញ្ញាណ ប៉ុន្តែសហគមន៍សង្ស័យទៅលើជនជាតិចាមរស់នៅតំបន់វល្លិយោង មានទីតាំងក្បែរព្រៃសហគមន៍គឺជាអ្នកប្រព្រឹត្តលួចចូលកាប់ឈើក្នុងព្រៃ និងប្រើប្រាស់អាវុធសម្រាប់ការពារបទល្មើសនេះទៀតផង។

លោកបន្តថា សហគមន៍បានទូរស័ព្ទទៅប៉ូលិសប៉ុស្តិ៍មកជួយអន្តរាគមន៍ ប៉ុន្តែក្រុមជនល្មើសបានគេចខ្លួនមុនពេលសមត្ថកិច្ចមកដល់កន្លែងកើតហេតុ៖ «គោយន្តហ្នឹងបាត់ហើយ ដោយសារយប់មិញហ្នឹងប្រជាពលរដ្ឋគាត់ចង់មកឃាំង គេបាញ់មួយគ្រាប់។ នៅតែឈើឃើញទាំងអស់ អ្នកកាន់កាំភ្លើងគេថតអត់បាន ដោយសារយប់គេបាញ់ ប្រជាពលរដ្ឋអត់ហ៊ានថតទេ។ អ្នកដែលជួបប្រជាពលរដ្ឋផ្ទាល់ជនជាតិចាម»។

សហគមន៍ភូមិពូលុ បានចុះបញ្ជីកំណត់អត្តសញ្ញាណជនជាតិដើមព្នង ទទួលស្គាល់ផ្លូវការដោយក្រសួងអភិវឌ្ឍន៍ជនបទ។ សហគមន៍អភិរក្សព្រៃតំបន់នោះដើម្បីចុះបញ្ជីជាព្រៃគោរពបូជា និងជាព្រៃត្រៀមបម្រុងសហគមន៍ ក៏ប៉ុន្តែប៉ុន្មានឆ្នាំកន្លងទៅ ព្រៃនេះត្រូវបានជនល្មើសលួចកាប់ធ្វើអាជីវកម្មក្នុងប្រទេស និងលួចដឹកជញ្ជូនឆ្លងដែនទៅលក់ឲ្យឈ្មួញនៅប្រទេសវៀតណាម មានព្រំដែនជាប់នឹងតំបន់នោះ។

ទាក់ទិនទៅនឹងការបង្ក្រាបបទល្មើសព្រៃឈើនេះ នាយរងនគរបាលប៉ុស្តិ៍ឃុំប៊ូស្រា លោក ស្រាង ចូល មានប្រសាសន៍ថា ជនល្មើសបានរំដោះគោយន្តចាកចេញពីកន្លែងកើតហេតុមុនពេលប៉ូលិសទៅដល់។ លោកកត់សំគាល់ថា ជនល្មើសបន្សល់ឈើចោល ខណៈសហគមន៍ឃាត់រទេះ គោយន្ត ហើយផ្ទុះអាវុធគំរាមសហគមន៍មុនរំដោះគោយន្តគេចខ្លួន៖ «ខ្ញុំមកអត់ទាន់គេដែរ គេរត់បាត់ហើយ ឃើញតែវត្ថុតាងជាក់ស្ដែង។ ព្រៃឈើច្រើនមែនទែន ខ្ញុំឲ្យសហគមន៍រកកន្លែងគេបាញ់ហ្នឹងក្រែងឃើញសំបកគ្រាប់កាំភ្លើង»។

ចំណែកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី លោក កែប តក់ មានប្រសាសន៍បញ្ជាក់ថា លោកមិនទទួលបានព័ត៌មានទាក់ទិនបទល្មើសព្រៃឈើនេះនៅឡើយ។ លោកថា តំបន់ព្រៃនោះជាតំបន់អភិរក្សសត្វព្រៃភ្នំណាំលា ក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថាន។

ទោះជាយ៉ាងនេះក្តី មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា កត់សំគាល់ថា ជនល្មើសប្រើប្រាស់អាវុធ ហេតុនេះ សមត្ថកិច្ចពាក់ព័ន្ធមានតួនាទីស៊ើបអង្កេតរកមុខសញ្ញាប្រើប្រាស់អាវុធខុសច្បាប់ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ ជាពិសេសជាការរួមចំណែកការពារបទល្មើសព្រៃឈើក្នុងតំបន់សហគមន៍អភិរក្ស។

លោកកត់សំគាល់ដែរថា កន្លងទៅសហគមន៍ធ្លាប់រងការគំរាមបាញ់ប្រហារពីក្រុមជនជាតិចាម ចំណាកស្រុកដែលមានទីលំនៅនៅតំបន់ដីសម្បទានសង្គមកិច្ចនៅក្បែរព្រៃសហគមន៍។ ហេតុនេះមុខសញ្ញាជនល្មើសអាចទាក់ទិនសហគមន៍ចាម នៅតំបន់នោះ៖ «កន្លងទៅប្រជាពលរដ្ឋគាត់អះអាងថា តំបន់សម្បទានសង្គមកិច្ចដែលបងប្អូនចាមគាត់នៅហ្នឹងមានកាន់អាវុធខ្លះដែរ។ ពួកគាត់ធ្លាប់បានរាយការណ៍ទៅសមត្ថកិច្ចដែរ គាត់បានប្រាប់ទៅចៅហ្វាយស្រុកដែរ ប៉ុន្តែធ្វើយ៉ាងណាអន្តរាគមន៍ ហើយចាត់វិធានការ»។

រហូតមកទល់នឹងរសៀលថ្ងៃដដែល សហគមន៍បានវិលត្រឡប់មកភូមិវិញហើយ ដោយសារគ្មានលទ្ធភាពដឹកជញ្ជូនឈើដែលរឹបអូសនោះបាន។ សហគមន៍គ្រោងប្រជុំគ្នានៅយប់នេះដើម្បីធ្វើរបាយការណ៍ជូនអាជ្ញាធរមូលដ្ឋានពីករណីបាញ់គំរាម និងការរកឃើញឈើខុសច្បាប់នេះ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *