សហគមន៍ព្រៃឈើចំនួន៣ នៅក្នុងខេត្តព្រះវិហារ នឹងទទួលបានប្រាក់ចំណូល ក្រោយការដាំដុះឫស្សីផ្អែម ក្រោមការផ្តល់ពូជ និងជំនួយបច្ចេកទេស ពីគម្រោងអាស្ប៉ាយ ប្រចាំនៅកម្ពុជា

ខេត្តព្រះវិហារ៖ គម្រោងអាស្ប៉ាយ « ASPIRE » នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចំណាយថវិកាជាង ១ម៉ឺដុល្លារអាមេរិក ដើម្បីផ្តល់សម្ភារៈគាំទ្រផលិតផលកសិកម្ម និងពូជឬស្សីត្រពាំងផ្អែម ដល់សហគមន៍ព្រៃឈើ ចំនួន ៣ នៅក្នុងស្រុកឆែប កាលពីថ្ងៃទី១០សីហា ឆ្នាំ២០២០។

ពិធីប្រគល់ពូជឬស្សីទំពាំងផ្អែម ដល់សហគមន៍ព្រៃឈើឆែបលិចនាពេលនោះ បានធ្វើឡើងក្រោម កិច្ចសហការ រវាងគម្រោងអាស្ប៉ាយ « ASPIRE » នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ខណ្ឌរដ្ឋ បាលព្រៃឈើព្រះវិហារ មន្ទីរបរិស្ថានខេត្ត ដែលមានការចូលរួមពី មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ ការិយាល័យបរិស្ថានស្រុកឆែប និងទីប្រឹក្សាកម្មវិធី « ASPIRE » ដែលបានចុះប្រគល់សម្ភារៈគាំទ្រ ដល់ផលិតកម្មឬស្សីទំពាំងផ្អែម នៅក្នុងភូមិឆែបលិច ឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ ។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ លោក ពឹង ទ្រីដា បានថ្លែងអោយដឹងថា សហគមន៍ព្រៃឈើឆែបលិច ត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាសទទួលស្គាល់ លេខ ៥៥២ ប្រក.កសក ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១០ និងបានចុះកិច្ចព្រមព្រៀងជាមួយខណ្ឌរដ្ឋបាលព្រៃឈើ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៣។ ហើយសហគមន៍មានសមាជិកសរុបចំនួន ៣១៤គ្រួសារ និងសហគមន៍ មានផ្ទៃដីសរុបចំនួន ២ពាន់ ៦២៤ហិកតា។ លោកបានថ្លែងទៀតថា នៅក្នុងឆ្នាំ២០២០នេះ កម្មវិធីផ្សព្វផ្សាយ បច្ចេកទេសថ្មី ដែលមានភាពធននឹងការប្រែប្រួលអាកាសធាតុ (ASPIRE) នៃមន្ទីរកសិកម្មខេត្ត បានគាំទ្រ សហគមន៍ព្រៃឈើ ចំនួន ៣មាន គឺសហគមន៍ព្រៃឈើឆែបក្រសាំង សហគមន៍ព្រៃឈើឆែបលិច និងសហគមន៍ព្រៃឈើសាមគ្គីត្រពាំងទន្ទឹម ដើម្បីដាំដុះដំណាំឬស្សីទំពាំងផ្អែម ហើយសហគមន៍ទាំង ៣នេះ ដោយសហគមន៍នីមួយៗ ទទួលបានស្រះទឹក១ កូនឬស្សីត្រពាំងផ្អែម ៧០០កូន រទេះរុញដៃ២គ្រឿង ម៉ាស៊ីនបូមទឹក១គ្រឿង និងជញ្ជីងថ្លឹង១គ្រឿង ដោយបានចំណាយថវិកា អស់ប្រមាណ ១ម៉ឺន ៨០០ដុល្លារ អាមេរិក។

លោក ពឹង ទ្រីដា បានបន្តថា នៅក្នុងការប្រគល់សម្ភារៈគាំទ្រ ដល់ផលិតកម្មឬស្សីទំពាំងផ្អែម ទៅដល់សហគមន៍ព្រៃឈើទាំង ៣ នៅក្នុងពេលនេះ ប្រជាសហគមន៍ទាំងអស់ ក៏ទទួលបានការបណ្តុះ បណ្តាលពីវគ្គពង្រឹង និងការគាំទ្របច្ចេកទេស ក្នុងដំណើរការផលិតកម្មដាំដុះ ដំណាំឬស្សីទំពាំងផ្អែមនេះ ផងទៀត ដោយប្រជាសហគមន៍ទាំងនោះ បានចុះអនុវត្តដោយផ្ទាល់ លើការងារដាំដុះឬស្សីទំពាំងផ្អែម។ លោកបានបន្តទៀតថា ការនាំយកពូជឬស្សីផ្អែមមួយប្រភេទ មកចែកជូនប្រជាពលរដ្ឋ និងសហគមន៍ ព្រៃឈើឆែបលិចនេះ គឺមានគោលបំណងជួយបង្កើនមុខរបរ និងរកប្រាក់ចំណូលសម្រាប់គ្រួសាររបស់ ពួកគាត់ ក្រៅពីការរកផល អនុផលព្រៃឈើ ។ ហើយដំណាំឬស្សីទំពាំងផ្អែម គឺជាដំណាំមួយប្រភេទ ដែលកំពុងតែមានតម្រូវការខ្ពស់នៅលើទីផ្សារ និងអាចផ្តល់ប្រាក់ចំណូល ដល់អ្នកដាំបានគួរសម និងដោយ មើលឃើញពីតម្រូវការចាំបាច់ គម្រោងអាស្ប៉ាយ នៃមន្ទីរកសិកម្មខេត្ត បានគាំទ្រ និងចំណាយ ថវិកា ១ម៉ឺន ៨០០ដុល្លារ ទៅដល់សហគមន៍ព្រៃឈើចំនួន៣ សម្រាប់ដំណើរការផលិតកម្ម ដំណាំទំពាំងឬស្សីផ្អែម ទុកជា ការលើកទឹកចិត្តដល់ប្រជាសហគមន៍ អោយចាប់ផ្តើមបង្កើតមុខរបរមួយបន្ថែមទៀត ដើម្បីបង្កើនប្រាក់ ចំណូលគ្រួសារ និងការលក់តាមតម្រូវការទីផ្សារ ស្របតាមចក្ខុវិស័យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការបង្វែពីការការពារ និងការអភិរក្សព្រៃឈើ ទៅជាការអភិវឌ្ឍន៍កសិរុក្ខកម្ម ឬប្រព័ន្ធ កសិកម្មចម្រុះ នៅក្នុងដែនព្រៃសហគមន៍ ។

លោក ពឹង ទ្រីដា បានថ្លែងទៀតថា ដំណាំឬស្សីទំពាំងផ្អែម គឺជាដំណាំមួយប្រភេទ ដែលមានភាព ងាយស្រួលក្នុងការដាំដុះ អាចដាំបានស្ទើរគ្រប់ទីកន្លែង មិនរើសសណ្ឋានដី និងងាយស្រួលក្នុងការថែទាំ ។ ហើយដំណាំនេះ អាចចាត់ទុកជាដំណាំមួយទទួលផលច្រើនយ៉ាង ព្រោះត្បិតដំណាំនេះ មានតម្លៃខ្ពស់នៅ លើទីផ្សារ ជាពិសេស នៅក្នុងរដូវប្រាំង ផ្តល់ផលទៅលើផ្នែកចំណីអាហារ អាចចាត់ទុកទៅក្នុងវិស័យ ឧស្សាហកម្មមួយ ដោយយកដើមរបស់វាមកកែច្នៃជាវត្ថុអនុស្សាវរីយ៍ បម្រើអោយវិស័យទេសចរណ៍ និងមួយចំណែកទៀត ធ្វើជាវត្ថុប្រើប្រាស់ប្រចាំគ្រួសារ ហើយមែករបស់វាអាចបំបែកយកមកផ្សាំលក់ ក្នុងតម្លៃថ្លៃថែមទៀតផង។ លោកថា នៅក្នុងរយះពេល២ឆ្នាំទៅមុខទៀត លោករំពឹងថា ប្រជាសហគមន៍ ជាច្រើនរយគ្រួសារ នៅក្នុងសហគមន៍ព្រៃឈើឆែបលិចនេះ នឹងអាចទទួលបានប្រាក់ចំណូលប្រចាំថ្ងៃ បន្ថែមមួយកម្រិតទៀត។
គួរបញ្ជាក់ថា ការផ្តល់នូវប្រភេទពូជឬ្សីទំពាំងផ្អែមនេះ គឺជាការសាកល្បងលើកទី១ ដែលកម្មវិធី អាស្ប៉ាយ ធ្វើការគាំទ្រលើផលិតកម្មដំណាំឬស្សីទំពាំងផ្អែម ដល់សហគមន៍ព្រៃឈើឆែបលិច នៅក្នុងស្រុក ឆែប ខេត្តព្រះវិហារ ៕

Loading...