សហគមន៍​ក្នុង​ស្រុក​ចំនួន​៣​នៃ​ខេត្ត​ព្រះវិហារ​លើក​គ្នា​ដើរ​ល្បាត​ការពារ​ព្រៃ​ព្រះ​រកា

ខេត្ត​ព្រះវិហារ​៖ព្រៃ​ព្រះ​រកា ដែល​ជា​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ដ៏​សំខាន់ និង​សម្បូរ​ទៅ​ដោយ​ដើម​ឈើ​ធំៗ​ប្រណីតៗ នៅ​ក្នុង​ភូមិសាស្ត្រ ៣​ស្រុក គឺ​ស្រុក​ជាំក្សាន្ត ស្រុក​ឆែប និង​ស្រុក​ត្បែងមានជ័យ របស់​ខេត្ត​ព្រះវិហារ កំពុង​ទទួល​រង​ការ​កាប់​បំផ្លាញ​ដើម្បី​រុក​រាន​យក​ដី​ធ្វើ​កម្មសិទ្ធិ និង​កាប់​ឈើ​អារ​ច្រៀក​យក​ទៅ​លក់​ដូរ​ខុស​ច្បាប់​យ៉ាង​អនាធិបតេយ្យ។

ដោយសារ​មាន​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ព្រៃ​ការពារ​ដ៏​ ធំធេង ហើយ​គ្មាន​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ណា​ពុំ​សូវ​យក​ចិត្ត​ទុក​ដាក់​​បង្ក្រាប​ផង​នោះ ធ្វើ​ឲ្យ​សហគមន៍​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ ហើយ​តែង​ពឹង​ផ្អែក​អាស្រ័យ​ផល​ពី​ព្រៃ​ឈើ​នោះ​ផង កំពុង​សម្ដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ទៅ​លើ​មហន្តរាយ​ព្រៃ​ឈើ​នៅ​ពេល​ ខាង​មុខ​ដ៏​ខ្លី។

ក្រុម​ប្រជាពលរដ្ឋ និង​ជនជាតិ​ដើម​ភាគ​តិច​កួយ ប្រមាណ​ពី ៣០​នាក់ ទៅ ៤០​នាក់ ដែល​រស់នៅ​ក្នុង​ស្រុក​ចំនួន​៣ របស់​ខេត្ត​ព្រះវិហារ បាន​ប្រមូល​ផ្ដុំ​គ្នា​ដើរ​ល្បាត​ការពារ​ព្រៃ​ព្រះ​រកា​ជាច្រើន​ថ្ងៃ​មក​ហើយ ចាប់​តាំង​តែ​ពី​ថ្ងៃ​ទី​២២ ខែ​តុលា រហូត​មក​ដល់​ពេល​នេះ។

ការ​ដែល​ប្រជា​សហគមន៍ និង​ជនជាតិ​ដើម​ភាគ​តិច​កួយ ប្រមូល​ផ្ដុំ​គ្នា​ដើរ​ល្បាត​នេះ ដោយសារ​តែ​គេ​ឃើញ​ថា បច្ចុប្បន្ន​តំបន់​ព្រៃ​ព្រះ​រកា ដែល​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ប្រជុំ​ស្រុក​ចំនួន​៣ នៃ​ខេត្ត​ព្រះវិហារ គឺ​ស្រុក​ជាំក្សាន្ត ស្រុក​ឆែប និង​ស្រុក​ត្បែងមានជ័យ កំពុង​ទទួល​រង​ការ​កាប់​ឈើ​យក​ទៅ​ជួញ​ដូរ​ខុស​ច្បាប់ និង​ការ​កាប់​រាន​ព្រៃ​ដើម្បី​យក​ដី​ពី​ក្រុម​ជន​ចំណាក​ស្រុក​យ៉ាង​ អនាធិបតេយ្យ ប៉ុន្តែ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​របស់​រដ្ឋាភិបាល បែរ​ជា​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​បង្ក្រាប​មក។

សមាជិក​សហគមន៍​ជនជាតិ​កួយ ដែល​រស់នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ក្នុង​ចំណោម​សមាជិក​សហគមន៍​ជាច្រើន​ទៀត គឺ​អ្នកស្រី នួន ម៉ុន។ អ្នកស្រី​មាន​ប្រសាសន៍​ថា ជា​រៀង​រាល់​ថ្ងៃ ក្រុម​ជន​ដែល​រក​ស៊ី​កាប់​ឈើ​យក​ទៅ​លក់​ដូរ​ខុស​ច្បាប់ តែង​ចូល​ទៅ​កាប់​បំផ្លាញ​ដើម​ឈើ​ធំៗ​ប្រណីតៗ ព្រម​ទាំង​ដើម​ជ័រ​ច្បោះ​របស់​ក្រុម​ជនជាតិ​ដើម​ភាគ​តិច​នៅ​ក្នុង​តំបន់​ ព្រះ​រកា។ ក្រុម​អ្នក​កាប់​ឈើ​ទាំង​នោះ តែង​ប្រើ​រណារ​យន្ត​កាប់​ផ្ដួល​រំលំ និង​អារ​ច្រៀក​ឈើ​ដោយ​គ្មាន​កោត​ញញើត​មន្ត្រី​ជំនាញ ឬ​ក៏​សមត្ថកិច្ច​រដ្ឋាភិបាល​ទេ។ អ្នកស្រី នួន ម៉ុន បញ្ជាក់​ថា ដោយសារ​តែ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​យក​ទៅ​ជួញ​ដូរ​ខុស​ច្បាប់ កើត​មាន​យ៉ាង​គគ្រឹកគគ្រេង ហើយ​គ្មាន​ការ​បង្ក្រាប​នេះ ទើប​សហគមន៍​ប្រជាពលរដ្ឋ​ប្រមូល​ផ្ដុំ​គ្នា ដើម្បី​ដើរ​ល្បាត​ការពារ​ព្រៃ​ព្រះ​រកា​ដោយ​ខ្លួន​ឯង​ជាច្រើន​ថ្ងៃ​មក​ហើយ ចាប់​តាំង​តែ​ពី​ថ្ងៃ​ទី​២២ ខែ​តុលា រហូត​មក។ ក្រុម​សហគមន៍​ដែល​ដើរ​ល្បាត​ការពារ​ព្រៃ​ព្រះ​រកា​ទាំង​នោះ ក៏​ទទួល​រង​ការ​គំរាម​កំហែង​ពី​ក្រុម​អ្នក​កាប់​ឈើ​ខុស​ច្បាប់​ជា​ញឹកញាប់​ ដែរ៖ «កន្លែង​មួយ​នោះ​ខាង​អ្នក​កំពត ពួក​គេ​ទៅ​បោះ​ទីតាំង​ដាក់​តង់​ដាក់​អី​ដេក​ធ្វើ​អាជីវកម្ម​អារ​ឈើ គំរាម​កំហែង​សហគមន៍​មិន​ឲ្យ​ដេញ​ពួក​គេ​ចេញ​ទេ»

ក្រុម​ប្រជាពលរដ្ឋ និង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កួយ បាន​រិះគន់​ថា នៅ​ជុំវិញ​តំបន់​ព្រៃ​ព្រះ​រកា បច្ចុប្បន្ន គឺ​មាន​ទីស្នាក់ការ​រដ្ឋបាល​ព្រៃ​ឈើ មាន​មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​រដ្ឋាភិបាល​ជាច្រើន​ស្ថាប័ន ក៏ប៉ុន្តែ​គេ​មិន​សូវ​ឃើញ​សមត្ថកិច្ច​ទាំង​នោះ​មាន​វិធានការ​បង្ក្រាប​ទៅ​លើ ​សកម្មភាព​កាប់​ឈើ ដើម្បី​ជួញ​ដូរ​ខុស​ច្បាប់​នោះ​ទេ។

ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ព្រះវិហារ លោក អ៊ិត ភូមិរ៉ា និង​នាយ​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​ត្បែងមានជ័យ លោក ឆិញ សេង ដើម្បី​សុំ​ការ​អធិប្បាយ​ជុំវិញ​ការ​រិះគន់​របស់​ប្រជាពលរដ្ឋ​នេះ​បាន​ថា​ យ៉ាង​ណា​នៅ​ឡើយ នៅ​ថ្ងៃ​ទី​២៥ តុលា។

ចំណែក​មេ​ឃុំ​ប្រមេរ លោក ណែម ថាំង ទទួល​ស្គាល់​ថា បច្ចុប្បន្ន ព្រៃ​ព្រះ​រកា​ដែល​នៅ​ជិត​តំបន់​ពួក​លោក​រស់នៅ គឺ​ពិត​ជា​កំពុង​ទទួល​រង​ការ​កាប់​យក​ទៅ​ជួញ​ដូរ​ខុស​ច្បាប់​មែន។ លោក​មេ​ឃុំ​ប្រមេរ បញ្ជាក់​ថា ជា​យូរ​លង់​មក​ហើយ ក្រុម​ជនជាតិ​កួយ​ពួក​លោក គឺ​រស់នៅ​ពឹង​ផ្នែក​ទៅ​លើ​មុខ​របរ​ដង​ជ័រ​ទឹក និង​អនុផល​ព្រៃ​ឈើ ប៉ុន្តែ​នៅ​ពេល​ដែល​ព្រៃ​ព្រះ​រកា កំពុង​ទទួល​រង​ការ​កាប់​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​នេះ គឺ​លោក​ដែល​ជា​អាជ្ញាធរ​មូលដ្ឋាន បែរ​ជា​មិន​មាន​អំណាច​បង្ក្រាប បាន​ត្រឹម​តែ​អប់រំ និង​ពន្យល់​ពួក​អ្នក​កាប់​ឈើ​ទាំង​នោះ​តិចតួច​ប៉ុណ្ណោះ៖ «វា​ពិបាក​ដែរ​រឿង​នេះ ជា​សមត្ថកិច្ច​របស់​មេ​ព្រៃ ដូច​ខ្ញុំ​ដូច​អី​គ្រាន់​តែ​ថា អប់រំ​ណែនាំ​ឲ្យ​បង​ប្អូន​ចាប់​អារម្មណ៍​ពី​រឿង​ខុស​ច្បាប់ ប៉ុន្តែ​ឲ្យ​ខ្ញុំ​ចុះ​ទៅ​ចាប់​ដល់​ទីកន្លែង​នោះ​វា​មិន​អាច​ទេ»

មន្ត្រី​ផ្នែក​តស៊ូ​មតិ​របស់​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ ក៏​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​បាត់បង់​តំបន់​ព្រៃ​ព្រះ​រកា ដោយសារ​តែ​មាន​អ្នក​កាប់​ឈើ​យក​ទៅ​ជួញ​ដូរ​ខុស​ច្បាប់​ដែរ។ លោក ប៉ិក សោភ័ណ បញ្ជាក់​ថា បច្ចុប្បន្ន សកម្មភាព​កាប់​បំផ្លាញ​ឈើ​នៅ​ក្នុង​ព្រៃ​ព្រះ​រកា គឺ​មិន​មាន​ការ​ថយ​ចុះ​ទេ។ ក្រុម​អ្នក​កាប់​ឈើ​យក​ទៅ​ជួញ​ដូរ​ខុស​ច្បាប់​ខ្លះ មាន​អ្នក​មាន​អំណាច​នៅ​ពី​ក្រោយ​ខ្នង ដោយ​ហ៊ាន​គំរាម​កំហែង​ទៅ​លើ​ប្រជា​សហគមន៍​ដែល​តែង​តែ​ដើរ​ល្បាត​ការពារ​ព្រៃ ​នោះ​ទៀត​ផង៖ «វា​អត់​មាន​ការ​ស្ងប់ស្ងាត់​អី​ទេ​នៅ​ក្នុង​ព្រៃ​ព្រះ​រកា គឺ​វា​មាន​ការ​គំរាម​កំហែង​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ»

កាល​ពី​ថ្ងៃ​ទី​១៣ ខែ​តុលា កន្លង​ទៅ មន្ត្រី​បណ្ដាញ​សកម្មភាព​ដើម្បី​សហគមន៍​នៅ​ខេត្ត​ព្រះវិហារ លោក ពេជ្រ ព័ន្ធ ធ្លាប់​អះអាង​ថា មាន​ជន​ចំណាក​ស្រុក​ជាច្រើន ព្រម​ទាំង​ទាហាន រួម​ជាមួយ​នឹង​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ខ្លះ​ផង តែង​នាំ​គ្នា​ចូល​ទៅ​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ព្រៃ​ព្រះ​រកា ដែល​ជា​ព្រៃ​ការពារ​នេះ។

បណ្ដាញ​សហគមន៍​ការពារ​ព្រៃ​ឈើ បាន​រិះគន់​ថា ពេល​បច្ចុប្បន្ន​មាន​​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន ដូចជា​ខាង​រដ្ឋបាល​ព្រៃ​ឈើ កង​រាជ​អាវុធហត្ថ និង​ប៉ូលិស​សេដ្ឋកិច្ច​ជាដើម បាន​រាយ​បណ្ដាក់​គ្នា​នៅ​តាម​ដង​ផ្លូវ​សំខាន់ៗ​ដែល​ចេញ​ចូល​ទៅ​កាន់​តំបន់​ ព្រៃ​ព្រះ​រកា ប៉ុន្តែ​សមត្ថកិច្ច​ទាំង​នោះ មិន​បង្ក្រាប​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​ខុស​ច្បាប់​ទេ គឺ​រង់ចាំ​តែ​ទារ​លុយ​ពី​អ្នក​ដឹក​ឈើ​ប៉ុណ្ណោះ។

ព្រៃ​ព្រះ​រកា គឺ​ជា​ព្រៃ​ធម្មជាតិ​សំខាន់​ទី​២ ដែល​មាន​ទំហំ​ប្រមាណ ៩​ម៉ឺន ៨​ពាន់​ហិកតារ បន្ទាប់​ពី​តំបន់​ព្រៃ​ឡង់​ដ៏​ធំ នៅ​ជាប់​ភូមិសាស្ត្រ​ខេត្ត​កំពង់ធំ ខេត្ត​ព្រះវិហារ និង​ខេត្ត​ស្ទឹងត្រែង។ បច្ចុប្បន្ន ព្រៃ​ព្រះ​រកា កំពុង​ទទួល​រង​ការ​កាប់​ឈើ​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ បន្ទាប់​ពី​តំបន់​ព្រៃ​ឡង់​ដ៏​ធំ បាន​រលាយ​បាត់​ព្រៃ​ឈើ​ស្ទើរ​ទាំង​ស្រុង​នៅ​តំបន់​ខ្លះ ដោយសារ​រដ្ឋាភិបាល​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​ ដំណាំ​កសិឧស្សាហកម្ម ក្នុង​រយៈពេល ៤-៥​ឆ្នាំ​កន្លង​ទៅ​នេះ៕

 

image5

Loading...

Leave a Reply

Your email address will not be published. Required fields are marked *