សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង​ខេត្ត​មណ្ឌលគិរី​ដាក់​ញត្តិ​សុំ​ដក​តំណែង​អភិបាល​ខេត្ត

ខេត្តសៀមរាប៖តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង មក​ពី​ស្រុក និង​ក្រុង​ចំនួន​៥ ក្នុង​ខេត្ត​មណ្ឌលគិរី ទាមទារ​ឲ្យ​ស្ថាប័ន​កំពូលៗ​ថ្នាក់​ជាតិ ដក​ហូត​តំណែង​អភិបាល​ខេត្ត ដោយសារ​តែ​អ្នក​ភូមិ​អះអាង​ថា មន្ត្រី​ដឹក​នាំ​ខេត្ត​រូប​នេះ ប្រើ​អំណាច​ដឹក​នាំ​មន្ត្រី​មូលដ្ឋាន​ឲ្យ​រំលោភ​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច។

តំណាង​សហគមន៍​ព្នង ចំនួន ៥​នាក់​មក​ពី​ខេត្ត​មណ្ឌលគិរី បាន​នាំ​យក​ញត្តិ​មាន​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ជិត ៩០០​នាក់ ជូន​ស្ថាប័ន​សំខាន់ៗ​មួយ​ចំនួន ដើម្បី​ទាមទារ​ដក​អភិបាល​ខេត្ត​មណ្ឌលគិរី ពី​តំណែង។

ស្ថាប័ន​ទាំង​នោះ​រួម​មាន រដ្ឋសភា ព្រឹទ្ធសភា ទីស្ដីការ​គណៈរដ្ឋមន្ត្រី ក្រសួង​មហាផ្ទៃ ក្រសួង​អភិវឌ្ឍន៍​ជនបទ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា និង​តំណាង​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា សុំ​ឲ្យ​ស្ថាប័ន​ទាំងអស់​នោះ ជួយ​អន្តរាគមន៍​ផ្តល់​យុត្តិធម៌​ដល់​ជនជាតិ​ដើម​ភាគ​តិច ដែល​កំពុង​រង​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​មាន​ការ​រើសអើង​ពួក​គាត់។

ការ​ដាក់​ញត្តិ​នេះ ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៥ ខែ​តុលា បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​បាន​ដាក់​កង​កម្លាំង​រារាំង មិន​ឲ្យ​សហគមន៍​សង់​វេទិកា​ប្រារព្ធ​ទិវា​ជនជាតិ​ដើម​ភាគ​តិច​ពិភពលោក សម្រាប់​ឆ្នាំ​២០១៥ នៅ​ភូមិ​ពូតាង ឃុំ​ពូជ្រៃ ស្រុក​ពេជ្រាដា កាល​ពី​ថ្ងៃ​ទី​៨ ខែ​សីហា ក្រោម​ហេតុផល​ថា ការ​រៀបចំ​ពិធី​នេះ​គ្មាន​ច្បាប់​អនុញ្ញាត ខណៈ​សហគមន៍​បាន​ធ្វើ​លិខិត​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​មន្ទីរ​ពាក់ព័ន្ធ ស្រប​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ ស្ដីពី​ការ​រៀបចំ​វេទិកា​បញ្ចេញ​មតិ និង​ការ​ប្រារព្ធ​មេទីញ​រំឭក​ខួប​ផ្សេងៗ។

តំណាង​មួយ​រូប គឺ​លោក គ្រើង តុលា បញ្ជាក់​ឲ្យ​ដឹង​ថា ការ​រើសអើង មើល​ងាយ​ជនជាតិ​ដើម​ភាគ​តិច ការ​បំបិទ​សេរីភាព​សហគមន៍​មិន​ឲ្យ​ជួប​ប្រាស្រ័យ​ទទួល​ការ​ផ្សព្វផ្សាយ​ អប់រំ​ពី​ច្បាប់ និង​សិទ្ធិ​មនុស្ស​ពី​អង្គការ​សង្គម​ស៊ីវិល រួម​ទាំង​ការ​អនុវត្ត​គោល​នយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព​របស់​ក្រសួង​ មហាផ្ទៃ មិន​បាន​ល្អ គឺ​ជា​កត្តា​សំខាន់​ដែល​ត្រូវ​បាន​រំលោភ​បំពាន​ជា​ញឹកញាប់​ពី​អាជ្ញាធរ​ ខេត្ត។ លើស​ពី​នេះ​ទៀត លោក​កត់​សម្គាល់​ថា បទល្មើស​ព្រៃ​ឈើ ដីធ្លី ការ​ទន្ទ្រាន​កាន់​កាប់​ដី​សហគមន៍​ជនជាតិ​ដើម ការ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច និង​វិវាទ​ដីធ្លី​រវាង​សហគមន៍ និង​ក្រុមហ៊ុន​សម្បទាន កើន​ច្រើន ហើយ​អាជ្ញាធរ​មិន​អាច​ដោះស្រាយ​បាន៖ «អ្វី ​ជា​ខ្លឹមសារ​របស់​ប្រជាពលរដ្ឋ​មាន​តែ​ពីរ​ទេ សុំ​ឲ្យ​ទាមទារ​សិទ្ធិ​ឡើង​វិញ និង​សុំ​ទម្លាក់​អភិបាល​ខេត្ត ចៀសវាង​លទ្ធិប្រជាធិបតេយ្យ។ ពួក​គាត់​ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ​យូរ​ហើយ។ គាត់​សង្ឃឹម​ថា ត្រី​មួយ​កន្ត្រក​ស្អុយ​តែ​មួយ​ហ្នឹង សម្ដេច​នឹង​បោះ​ចោល ហើយ​សម្ដេច​នឹង​លាង​ឲ្យ​ស្អាត ហើយ​គាត់​នឹង​យក​ត្រី​ដែល​នៅ​ល្អ»។

កាល​ពី​ខែ​មីនា អាជ្ញាធរ​ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី បាន​ព្រមាន​ចាប់​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខណៈ​មន្ត្រី​សមាគម​នេះ​បើក​វគ្គ​អប់រំ​ច្បាប់ និង​សិទ្ធិ​មនុស្ស ជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ក្មូម ឃុំ​ស្រែឈូក។ ភ្លាមៗ​នោះ​ដែរ ស្នាក់ការ​កណ្ដាល​សមាគម​អាដហុក នៅ​ទីក្រុង​ភ្នំពេញ ចេញ​ប្រកាស​ព័ត៌មាន​ថ្កោលទោស​អភិបាល​ស្រុក​កែវសីមា និង​អំពាវនាវ​សុំ​ឲ្យ​ថ្នាក់​ដឹក​នាំ​កំពូល​ទាំង​បី​នៃ​ប្រទេស​កម្ពុជា អន្តរាគមន៍​បញ្ឈប់​ការ​គំរាម​កំហែង​នេះ។

ទាក់ទិន​ករណី​នេះ តំណាង​សហគមន៍​ម្នាក់​ទៀត គឺ​លោក ក្រើត ឡាក់ ចាត់​ទុក​សកម្មភាព​រឹត​បន្តឹង​របស់​មន្ត្រី​អាជ្ញាធរ​ខេត្ត​ទៅ​លើ​មន្ត្រី​ សង្គម​ស៊ីវិល ថា​ជា​ការ​បិទ​សេរីភាព​សហគមន៍​មិន​ឲ្យ​ជួប​ប្រាស្រ័យ​ទទួល​យក​ចំណេះ​ដឹង​ពី​ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល រំលោភ​ទៅ​លើ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ជាពិសេស​អាជ្ញាធរ​មិន​បាន​លើក​កម្ពស់​សិទ្ធិ​ជនជាតិ​ដើម ស្រប​តាម​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​ស្រប​តាម​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា ឡើយ។ លោក​គិត​ថា បញ្ហា​ដែល​កើត​ឡើង​នេះ កើត​មក​ពី​ការ​ដឹក​នាំ​របស់​អភិបាល​ខេត្ត​ដែល​មិន​បាន​គោរព​សិទ្ធិ​មនុស្ស និង​ច្បាប់​ជា​មូលដ្ឋាន៖ «អភិបាល​ខេត្ត​រំខាន​ទិវា​បុណ្យ​ជាតិ​ពិភពលោក ឲ្យ​សម្ដេច​តេជោ និង​ឯកឧត្តម ស ខេង គាត់​ជួយ​ដោះស្រាយ ពីព្រោះ​ជនជាតិ​អត់​មាន​សិទ្ធិ​សេរីភាព ហើយ​និង​ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច​ដូច​គេ​ឯង»។

សេចក្ដី​ប្រកាស​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​ជនជាតិ​ដើម​ភាគ​តិច​មាត្រា​១ ចែង​ថា ជនជាតិ​ដើម​ភាគ​តិច​ជា​សមូហភាព ជា​បុគ្គល​មាន​សិទ្ធិ​ទទួល​បាន​យ៉ាង​ពេញលេញ​នូវ​សិទ្ធិ​មនុស្ស និង​សេរីភាព​ជា​មូលដ្ឋាន ទទួល​ស្គាល់​ដោយ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ។ មាត្រា​២ វិញ​បញ្ជាក់​ថា ជនជាតិ​ដើម​ភាគ​តិច និង​បុគ្គល​ជនជាតិ​ដើម​ភាគ​តិច មាន​សេរីភាព និង​សមភាព​ដូច​ប្រជាពលរដ្ឋ និង​បុគ្គល​ដទៃ​ទៀត ព្រម​ទាំង​មាន​សិទ្ធិ​រួច​ផុត​ពី​ការ​រើសអើង​គ្រប់​រូបភាព​ក្នុង​ការ​ អនុវត្ត​សិទ្ធិ ជាពិសេស​ដោយ​ផ្អែក​លើ​មូលហេតុ​នៃ​ដើម​កំណើត ឬ​អត្តសញ្ញាណ​របស់​ខ្លួន​ជា​ជនជាតិ​ដើម​ភាគ​តិច។

វិទ្យុ​អាស៊ីសេរី មិន​អាច​ស្វែងរក​ការ​ឆ្លើយ​តប​ពី​អភិបាល​ខេត្ត​មណ្ឌលគិរី លោក អេង ប៊ុនហ៊ាង ជុំវិញ​ញត្តិ​ទាមទារ​សុំ​ដក​តំណែង​លោក​បាន​ទេ នៅ​ថ្ងៃ​ទី​៦ ខែ​តុលា ក៏ប៉ុន្តែ​ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី កាល​ពី​ខែ​សីហា លោក​ធ្លាប់​បាន​បដិសេធ​ថា អាជ្ញាធរ​មិន​បាន​ហាម​ឃាត់​ការ​ប្រារព្ធ​ទិវា​នេះ​ទេ ក៏ប៉ុន្តែ​សហគមន៍​ត្រូវ​សុំ​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ មុន​ប្រារព្ធ​ពិធី​នេះ។ លើស​ពី​នេះ​ទៀត លោក​ទទួល​ស្គាល់​ថា ការ​ចាប់​ខ្លួន​អ្នក​ដឹក​នាំ​សហគមន៍ នឹង​ត្រូវ​ធ្វើ​ឡើង ប្រសិន​សហគមន៍​រឹងរូស​មិន​ធ្វើ​តាម​ការ​ណែនាំ​ពី​អាជ្ញាធរ​មូលដ្ឋាន៖ «ខ្ញុំ ​ប្រាប់​ថា ឲ្យ​ធ្វើ​ច្បាប់​មក ពី​ឃុំ​ពី​ស្រុក​មក។ អា​ហ្នឹង​អ៊ីចឹង មិន​មែន​ថា​មិន​ឲ្យ​គាត់​ធ្វើ​ទេ ឲ្យ​គាត់​សុំ​ច្បាប់ ឲ្យ​តែ​មាន​ច្បាប់ អ្នក​ណា​ហាម​ឃាត់! ទេ ធ្វើ​ត្រូវ​ធ្វើ បើ​អត់​ច្បាប់​អត់​ធ្វើ​អា​ហ្នឹង»។

ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា ដែល​ធ្លាប់​បាន​ឃ្លាំ​មើល​ករណី​នេះ ថ្លែង​កត់​សម្គាល់​ថា ការ​បំពេញ​ការងារ​របស់​អភិបាល​ខេត្ត បាន​ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​ធ្ងន់ធ្ងរ ជាពិសេស​សិទ្ធិ​ប្រារព្ធ​ទិវា​សិទ្ធិ​ជនជាតិ​ដើម​ពិភពលោក ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​រដ្ឋាភិបាល​នានា​ទាក់ទិន​ការ​ប្រារព្ធ​ទិវា​ នេះ។ ម្យ៉ាង​វិញ​ទៀត អាជ្ញាធរ​ខេត្ត​ក៏​ឋិត​ក្នុង​ការ​ដក​សេចក្តី​ទុក​ចិត្ត ចំពោះ​ការ​ខកខាន​បង្ក្រាប​សកម្មភាព​ការពារ​ធនធាន​ធម្មជាតិ ដីធ្លី ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​រស់នៅ និង​ប្រពៃណី​វប្បធម៌​ជនជាតិ​ដើម​ភាគ​តិច ជា​ម្ចាស់​ឆ្នោត៖ «អភិបាល​ខេត្ត ​រូប​ហ្នឹង​ប្រហែល​ជា​មិន​ចាត់​ទុក​ជនជាតិ​ដើម​ភាគ​តិច ជា​ប្រជាពលរដ្ឋ​របស់​ខ្លួន​ទេ។ ចំណុច​ហ្នឹង​បាន​ជា​គាត់​លែង​ចង់​ឲ្យ​គាត់​បម្រើ​ប្រជាពលរដ្ឋ​ទៀត​ហើយ។ ប្រជាពលរដ្ឋ​គាត់​ធ្វើ​អ៊ីចឹង ដើម្បី​រក​អ្នក​ណា​ដែល​បម្រើ​គាត់​បាន​ត្រឹមត្រូវ ហើយ​គោរព​គោលការណ៍​ច្បាប់។ ជនជាតិ​ដើម​ភាគ​តិច គាត់​មាន​សិទ្ធិ​មួយ​ដែល​មាន​ចែង​ក្នុង​សេចក្តី​ប្រកាស​ជា​សកល ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច។ អ៊ីចឹង​សិទ្ធិ​នេះ​ត្រូវ​បាន​ប្រើ​ជា​សកល មិន​មែន​ប្រើ​តែ​ក្នុង​ខេត្ត​មណ្ឌលគិរី មួយ​ទេ ប៉ុន្តែ​ឆ្នាំ​នេះ​មិន​ដឹង​អភិបាល​ខេត្ត​លោក​គិត​ឃើញ​យ៉ាង​ណា​ទេ? គាត់​បាន​ទៅ​រារាំង​គំរាម​កំហែង​មិន​ឲ្យ​ពួក​គាត់ ធ្វើ​ពិធី​នេះ​បាន​ងាយ​ស្រួល។ អ៊ីចឹង ទង្វើ​ទាំងអស់​នេះ​ហើយ ដែល​គាត់​មើល​ឃើញ​ថា អភិបាល​ខេត្ត​កំពុង​រំលោភ​សិទ្ធិ​ពួក​គាត់»។

ខួប​ទិវា​ជនជាតិ​ដើម​ពិភពលោក ត្រូវ​បាន​បណ្ដា​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ក្នុង​ពិភពលោក ប្រារព្ធ​ធ្វើ​រៀង​រាល់​ឆ្នាំ ដើម្បី​លើក​កម្ពស់​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច ស្រប​តាម​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច។ ឆ្នាំ​នេះ គឺ​ជា​ខួប​លើក​ទី​២១ នៃ​ការ​ប្រារព្ធ​ទិវា​ជនជាតិ​ដើម​ភាគ​តិច​ពិភពលោក និង​ជា​ខួប​លើក​ទី​១១ ប្រារព្ធ​នៅ​ប្រទេស​កម្ពុជា។

យ៉ាង​ណា​មិញ នៅ​ខេត្ត​មណ្ឌលគិរី ជនជាតិ​ដើម​ភាគ​តិច​ព្នង រាប់​រយ​នាក់ បាន​ប្រារព្ធ​ពិធី​នេះ​ជា​លើក​ទី​៥ ក្រោម​កម្ដៅ​ថ្ងៃ ខណៈ​កង​កម្លាំង​ព្យាយាម​ហាម​ឃាត់ និង​គំរាម​កំហែង​ចាប់​ខ្លួន​មេ​ដឹក​នាំ​សហគមន៍ ដែល​ប្រារព្ធ​ពិធី​ដោយ​មិន​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ស្រុក កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា។ តាម​ការ​គ្រោង​ទុក តំណាង​សហគមន៍​ទាំង ៥​នាក់ នឹង​ដាក់​ញត្តិ​ដូច​គ្នា​នេះ​ជូន​តំណាង​រាស្ត្រ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ខេត្ត​មណ្ឌលគិរី នៅ​ចុង​សប្ដាហ៍ ដើម្បី​ជួយ​អន្តរាគមន៍​ទៅ​ស្ថាប័ន​កំពូល​ថ្នាក់​ជាតិ ដោះស្រាយ​សំណូមពរ​សហគមន៍​បន្ថែម​ទៀត៕

image2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *