សហគមន៍​នេសាទ​ខេត្ត​កំពត​បន្ត​ស្នើ​ចាត់​វិធានការ​លើ​វៀតណាម​សម្លាប់​កម្មករ​ទូក​នេសាទ

ខេត្ត​កំពត៖ប្រជា​សហគមន៍​នេសាទ​ត្រើយ​កោះ នៅ​ខេត្ត​កំពត នៅ​តែ​ទន្ទឹង​រង់ចាំ​ចំណាត់​ការ​ផ្លូវ​ច្បាប់​ពី​សំណាក់​អាជ្ញាធរ ទៅ​លើ​អ្នក​នេសាទ​ជនជាតិ​វៀតណាម ដែល​បាន​សម្លាប់​កម្មករ​ទូក​នេសាទ​របស់​សហគមន៍​ខ្មែរ​ម្នាក់ កាល​ពី​ចុង​ខែ​កក្កដា កន្លង​ទៅ។

ប្រជា​សហគមន៍​អះអាង​ថា នេះ​ជា​ករណី​ធ្ងន់ធ្ងរ​ជាង​គេ ដែល​អ្នក​នេសាទ​ជនជាតិ​វៀតណាម បាន​ចូល​មក​ក្នុង​ដែន​សមុទ្រ​ខ្មែរ ហើយ​វាយ​សម្លាប់​កម្មករ​ទូក​នេសាទ​ខ្មែរ​ជា​សមាជិក​សហគមន៍​របស់​ពួក​គាត់។

អស់​រយៈពេល​ជាង ១​ខែ​មក​ហើយ​ដែល​ប្រជា​សហគមន៍​នេសាទ​ត្រើយ​កោះ ក្រុង​កំពត ទន្ទឹង​រង់ចាំ​អន្តរាគមន៍​ជាក់លាក់​ពី​សំណាក់​អាជ្ញាធរ​មាន​សមត្ថកិច្ច ក្នុង​ការ​វែក​មុខ​ចាប់​ឃាតក​ជា​ជនជាតិ​វៀតណាម ដែល​បាន​សម្លាប់​កម្មករ​ទូក​នេសាទ​ម្នាក់​ជា​សមាជិក​របស់​សហគមន៍ មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់។

តំណាង​សហគមន៍​នេសាទ​ត្រើយ​កោះ លោក នាក់ ស្រេម បាន​ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែ​សីហា ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​ហាក់​មិន​មាន​ជំនឿ​លើ​អាជ្ញាធរ ថា​នឹង​អាច​នាំ​ខ្លួន​ឃាតក​មក​ផ្ដន្ទាទោស​បាន​ឡើយ។ ម្យ៉ាង​វិញ​ទៀត អាជ្ញាធរ​ក៏​មិន​បាន​ជម្រាប​ជូន​ពលរដ្ឋ​ក្នុង​សហគមន៍ អំពី​ដំណើរ​ការ​ស្វែងរក​ចាប់​ខ្លួន​ជនល្មើស​ដែរ៖ «គាត់​ថា បើ​រក​ទៅ​អត់​មាន​ឃើញ អត់​មាន​ដឹង​ឮ ហើយ​ស្ងាត់​ជ្រាប​អ៊ីចឹង គាត់​អត់​មាន​ជំនឿ​ទៅ​លើ​អាជ្ញាធរ​ទេ»

កាល​ពី​យប់​ថ្ងៃ​ទី​២៦ កក្កដា កន្លង​ទៅ បុរស​ម្នាក់​ជា​កម្មករ​ទូក​នេសាទ​នៃ​សហគមន៍​នេសាទ​ត្រើយ​កោះ ត្រូវ​បាន​អ្នក​នេសាទ​ជនជាតិ​វៀតណាម សម្លាប់ រួច​បោះ​សព​ចោល​ទៅ​ក្នុង​ទឹក​សមុទ្រ។ សមាជិក​សហគមន៍​ម្នាក់ គឺ​លោក សឿ រិន ដែល​ស្ថិត​នៅ​ក្នុង​ហេតុការណ៍ និង​ដែល​បាន​ជួយ​ស្រង់​សាកសព​ជន​រងគ្រោះ​ពី​ក្នុង​ទឹក​សមុទ្រ បាន​រៀបរាប់​ពី​ព្រឹត្តិការណ៍​ដ៏​រន្ធត់​នោះ​ថា ទូក​នេសាទ​របស់​ជនជាតិ​វៀតណាម ពីរ​គ្រឿង បាន​ធ្វើ​សកម្មភាព​ខុស​ច្បាប់​ក្នុង​ដែន​ទឹក​កម្ពុជា ខណៈ​ដែល​ទូក​នេសាទ​របស់​ខ្មែរ​កំពុង​នេសាទ​ក្នុង​ដែន​ទឹក​របស់​ខ្លួន៖ «វា ​អូស​មង​ជាប់​គ្នា វា​ខឹង​ខ្លាំង វា​កាត់​ពូ​មក​បុក​ពន្លិច​តែ​ម្តង។ តែ​ដល់​ពេល​បុក​អត់​លិច កូន​ដៃ (កម្មករ) ក៏​ធ្លាក់​ទឹក ហើយ​វា​ក៏​ស្រង់​កូន​ដៃ​ឡើង រួច​សម្លាប់​ចោល។ បន្ទាប់​មក​វា​តេ​អូ​ហៅ​ពួក​ខ្ញុំ​ថា ឲ្យ​ទៅ​យក​ខ្មោច​ពួក​គ្នា​ឯង​វិញ​ទៅ។ វា​មិន​គួរ​សោះ អូស​នៅ​ទឹក​ដី​ខ្មែរ​សោះ វា​មាន​កម្លាំង​ដល់​ថ្នាក់​ហ្នឹង ដល់​ធ្វើ​បាប​ខ្មែរ»

ហេតុការណ៍​នេះ បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​ជា ៨​យប់ ស្ថិត​នៅ​ចម្ងាយ​ប្រហែល ២​គីឡូ​ម៉ែត្រ​ពី​ឆ្នេរ​សង្កាត់​ត្រើយ​កោះ។ កម្មករ​ទូក​នេសាទ​ដែល​ត្រូវ​បាន​សម្លាប់​នោះ មាន​ឈ្មោះ អៃ យ៉ូប អាយុ ៤២​ឆ្នាំ ជា​ជនជាតិ​ចាម រស់នៅ​ភូមិ​ដូនតោក សង្កាត់​ត្រើយកោះ ក្រុង​កំពត ខេត្ត​កំពត។ ជន​រងគ្រោះ​មាន​ប្រពន្ធ​អាយុ ៣៥​ឆ្នាំ មាន​ជំងឺ​រ៉ាំរ៉ៃ​ជាប់​ខ្លួន និង​មាន​កូន ២​នាក់​ក្នុង​បន្ទុក ជា​ពលរដ្ឋ​ក្រីក្រ​រស់នៅ​ពឹង​ផ្អែក​លើ​ការ​ចុះ​ទូក​របស់​ប្ដី ដើម្បី​យក​ប្រាក់​មក​ផ្គត់ផ្គង់​គ្រួសារ។

ក្រោយ​ហេតុការណ៍​កើត​ឡើង សហគមន៍​បាន​ដាក់​ពាក្យ​បណ្ដឹង ២​ផ្សេង​គ្នា​ទៅ​កាន់​នាយកដ្ឋាន​ប៉ូលិស​ការពារ​ព្រំដែន​ទឹក និង​អធិការដ្ឋាន​នគរបាល​ក្រុង​កំពត ដើម្បី​ជួយ​អន្តរាគមន៍។ លោក នាក់ ស្រេម ដែល​ជា​ប្រធាន​សហគមន៍​បាន​បញ្ជាក់​ថា ប៉ូលិស​ការពារ​ព្រំដែន​ទឹក​បាន​រក​ឃើញ​តម្រុយ​ខ្លះ​ទាក់ទង​ឃាតកម្ម​នេះ ប៉ុន្តែ​មិន​មាន​លក្ខណៈ​ច្បាស់លាស់ ដែល​អាច​ចោទ​ប្រកាន់​ជន​សង្ស័យ​បាន​នៅ​ឡើយ៖ «ថ្ងៃ​មុន​គាត់​ថា ដឹង​ហេតុ​ខ្លះៗ អត់​ហ៊ាន​ចោទ​គេ ព្រោះ​អត់​មាន​ភស្តុតាង​អ្វី​ច្បាស់លាស់។ ណា​មួយ​ទៀត យើង​អត់​បាន​ដឹង​លេខ​ទូក​របស់​គេ​ប៉ុន្មាន​ទៀត»

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​នាយកដ្ឋាន​ប៉ូលិស​ការពារ​ព្រំដែន​ទឹក និង​អធិការដ្ឋាន​នគរបាល​ក្រុង​កំពត បាន​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​៣១ សីហា ដើម្បី​សុំ​ការ​អធិប្បាយ​បន្ថែម​អំពី​ដំណើរ​ការ​នៃ​ការ​ស៊ើប​អង្កេត។

ទាក់ទង​នឹង​ករណី​ឃាតកម្ម​នេះ លោក ហេង ភារៈ មន្ត្រី​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​កំពត បាន​ថ្លែង​ថា វា​ជា​ករណី​ដែល​ពិបាក​ដោះស្រាយ ដោយសារ​តែ​ជនល្មើស​ជា​ជនជាតិ​វៀតណាម មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ។ ក្រៅ​ពី​នេះ ក្រុម​គ្រួសារ​ជន​រងគ្រោះ​ក៏​មិន​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ ដើម្បី​ជួយ​រក​យុត្តិធម៌ និង​ទាមទារ​សំណង ហើយ​ពួក​គេ​ក៏​មិន​បាន​ស្វះ​ស្វែងរក​ការ​ជួយ​អន្តរាគមន៍​ពី​អង្គការ​សិទ្ធិ​ មនុស្ស​ណា​មួយ​ដែរ។ យ៉ាង​នេះ​ក្តី លោក​បាន​រិះគន់​ភាព​ឆកល្វែង​របស់​សមត្ថកិច្ច និង​ជំរុញ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ច្បាស់លាស់ ដើម្បី​ឈាន​ដល់​ការ​វែក​មុខ​ចាប់​ជន​ដៃ​ដល់​មក​ផ្ដន្ទាទោស​តាម​ច្បាប់៖ «ការ ​យឺតយ៉ាវ​មិន​ចាត់​វិធានការ​ណា​មួយ​ពី​សំណាក់​ប៉ូលិស​យុត្តិធម៌​ហ្នឹង វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ជន​រងគ្រោះ​ធ្ងន់ធ្ងរ​ណាស់។ រហូត​ដល់​ប្រជាពលរដ្ឋ​បាត់បង់​ជីវិត​ហើយ មិន​រក​យុត្តិធម៌​ជូន​ពលរដ្ឋ ចំណុច​នេះ​ធ្វើ​ឲ្យ​ជន​រងគ្រោះ​ប៉ះពាល់​សិទ្ធិ»

ក្រៅ​ពី​ការ​អំពាវនាវ​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ ពលរដ្ឋ​នៃ​សហគមន៍​នេសាទ​ត្រើយ​កោះ ក៏​ស្នើ​ឲ្យ​អាជ្ញាធរ​ជួយ​ទប់ស្កាត់​បទល្មើស​នេសាទ ដែល​កំពុង​កើត​មាន​នៅ​ដែន​សមុទ្រ​ខ្មែរ​នៅ​ខេត្ត​កំពត ដែរ។ ប្រជា​សហគមន៍​នេសាទ​ត្រើយ​កោះ អះអាង​ថា អ្នក​នេសាទ​ជនជាតិ​វៀតណាម ដែល​ភាគ​ច្រើន​មាន​មូលដ្ឋាន​នៅ​កោះត្រល់ តែង​លួច​នេសាទ​ចូល​ដែន​ទឹក​កម្ពុជា ដោយ​មិន​ញញើត​អាជ្ញាធរ ហើយ​ជា​ញឹកញាប់ តែង​ប៉ះ​ទង្គិច​ជាមួយ​ពួក​គាត់។ ចំណុច​ដែន​ទឹក​ដែល​វៀតណាម តែង​បំពាន​នោះ ស្ថិត​នៅ​ទីតាំង​ជង្ហុក​ក្រមយ ដែល​ស្ថិត​នៅ​ចន្លោះ​សង្កាត់​ត្រើយ​កោះ និង​ស្រុក​ទឹកឈូ ខេត្ត​កំពត៕

22

Loading...

Leave a Reply

Your email address will not be published. Required fields are marked *