សហជីព​មាន​និន្នាការ​ផ្ទុយ​គ្នា​បង្ហាញ​ជំហរ​រួម​លើ​កិច្ច​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​ជូន​កម្មករ

ភ្នំពេញ៖ក្រុម​សហជីព​ដែល​មាន​និន្នាការ​ផ្ទុយ​គ្នា ទាំង​ប្រឆាំង និង​សហជីព​ដែល​មាន​និន្នាការ​ស្រប នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា បាន​ឯកភាព​គ្នា​ជាឯកច្ឆន្ទ កំណត់​យក​ប្រាក់​ឈ្នួល​ចំនួន ១៦៨​ដុល្លារ​ក្នុង​មួយ​ខែ​ដាក់​បញ្ចូល​ក្នុង​កិច្ច​ចរចា​ប្រាក់​ឈ្នួល​ អប្បបរមា​ជូន​កម្មករ​សម្រាប់​ឆ្នាំ​២០១៦។ តំណាង​សហជីព​អះអាង​ថា តួលេខ ១៦៨​ដុល្លារ ជា​តួលេខ​ថ្មី និង​ជា​មូលដ្ឋាន​ដើម្បី​បន្ត​ពិភាក្សា​ជាមួយ​ភាគី​និយោជក និង​ក្រសួង​ការងារ នៅ​ដើម​ខែ​តុលា ខាង​មុខ។

សហជីព​ដែល​មាន​និន្នាការ​ផ្ទុយ​គ្នា ទាំង​ប្រឆាំង និង​និន្នាការ​ស្រប​លើក​ឡើង​ថា នេះ​ជា​ប្រវត្តិសាស្ត្រ​ថ្មី​ដែល​សហជីព​មាន​និន្នាការ​ផ្ទុយ​គ្នា បាន​សម្រេច​យក​ប្រាក់​ឈ្នួល​ចំនួន ១៦៨​ដុល្លារ ដែល​សហជីព​មួយ​ចំនួន​បាន​ទាមទារ​លើស​ពី​នេះ​កន្លង​មក។

ការ​កំណត់​យក​ចំនួន ១៦៨​ដុល្លារ ជា​ការ​ដាក់​ពិភាក្សា​ជាមួយ​និយោជក​នៅ​ពេល​ខាង​មុខ​នោះ ដោយសារ​ខាង​សហជីព​អះអាង​ថា ជា​តួលេខ​ដែល​ឆ្លុះ​បញ្ចាំង​ពី​កម្រិត​អតិផរណា​នៃ​ទំនិញ​លើ​ទីផ្សារ​កាន់តែ​ ឡើង​ថ្លៃ និង​ការ​ចំណាយ​ចាំបាច់​ក្នុង​សង្គម។

ការ​លើក​ឡើង​របស់​ក្រុម​សហជីព​ទាំង​ពីរ​និន្នាការ​នៅ​ពេល​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ក្រុម​ការងារ​បច្ចេកទេស​ត្រី​ភាគី ដើម្បី​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយនភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែក​ជើង​សម្រាប់​ឆ្នាំ​២០១៦ នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ដែល​គេ​ធ្វើ​ឡើង​នៅ​ក្រសួង​ការងារ។

​ប្រធាន​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា លោក សោម អូន បាន​ឲ្យ​ដឹង​ថា មាន​សហជីព ១៤ ដែល​បាន​ចូល​រួម​កិច្ចប្រជុំ បាន​ឯកភាព​គ្នា​យក​ចំនួន ១៦៨​ដុល្លារ​នេះ ដោយ​ផ្អែក​តាម​ការ​ស្រាវជ្រាវ និង​ការ​ផ្ដល់​រូបមន្ត​របស់​សហជីព​អន្តរជាតិ និង​អង្គការ​ពលកម្ម​ខាង​ការងារ (ILO)។ លោក​ថា ក្រុម​សហជីព​នឹង​យក​តួលេខ​នេះ​ដាក់​បញ្ចូល​ក្នុង​ការ​ចរចា​ជា​ត្រីភាគី នៅ​ដើម​ខែ​តុលា ខាង​មុខ។

លោក​បញ្ជាក់​ទៀត​ថា ក្រុម​សហជីព​រំពឹង​ថា កម្មករ​កម្ពុជា នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​សមរម្យ​ចាប់​ពី​ឆ្នាំ​២០១៦ ខាង​មុខ៖ «អ្វី ​ដែល​ជា​តួលេខ​នេះ យើង​បាន​សិក្សា​ច្រើន ហើយ​ខ្ញុំ​គិត​ថា នឹង​អាច​ឡើង បើ​ផ្អែក​លើ​អតិផរណា ការ​ចំណាយ​ផ្សេងៗ ក៏​ដូចជា​តម្រូវ​ការ​សង្គម​របស់​កម្មករ នឹង​អាច​កើន​ឡើង​សមរម្យ»

​ចំណែក​ឯ​ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា មាន​ប្រសាសន៍​ដែរ​ថា តួលេខ ១៦៨​ដុល្លារ​ក្នុង​មួយ​ខែ​នេះ ផ្ដោត​លើ​កត្តា​ពីរ គឺ​ការ​ចំណាយ​លើ​ម្ហូប​អាហារ និង​ការ​ចំណាយ​ក្រៅ​ពី​អាហារ។ លោក​បន្ត​ថា ការ​ថយ​ចុះ​ពី ១៧៧​ដុល្លារ​ដែល​សហជីព​ទាមទារ​កាល​ពី​ឆ្នាំ​២០១៣ កន្លង​ទៅ មក​នៅ​ត្រឹម ១៦៨​ដុល្លារ​នៅ​ពេល​នេះ ដោយសារ​សហជីព​បាន​ដក​​ការ​ចំណាយ​របស់​កម្មករ​មួយ​ចំនួន​ដែល​មិន​ចាំបាច់ ដូចជា ការ​ចំណាយ​លើ​ទូរស័ព្ទ និង​ការ​ចំណាយ​លើ​កម្មវិធី​សង្គម​ជាដើម៖ «តួលេខ​ដែល​យើង​មើល​ឃើញ​ថា ការ​ចំណាយ​មាន​រហូត ១៦៨​ដុល្លារ​នៅ​ពេល​នេះ គឺ​ជា​ចំណាយ​ដែល​ចាំបាច់​ចំពោះ​កម្មករ​នៅ​កម្ពុជា»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​និយោជក លោក វ៉ាន់ ស៊ូអៀង និង​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ ដើម្បី​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​ជំហរ​លើ​ការ​កំណត់​ប្រាក់​ឈ្នួល​ជូន​ កម្មករ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា។

ប្រធាន​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា លោក សោម អូន បាន​ឲ្យ​ដឹង​ថា ភាគី​និយោជក​មិន​ទាន់​ឯកភាព​តាម​ការ​ស្នើ​សុំ​របស់​សហជីព​លើ​តួលេខ ១៦៨​ដុល្លារ នេះ​នៅ​ឡើយ។ ប៉ុន្តែ​លោក​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ការងារ​បច្ចេកទេស​ត្រី​ភាគី​នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ភាគី​និយោជក​បាន​បង្ហាញ​តួលេខ​របស់​ខ្លួន​ត្រឹម​ចំនួន ១៣៣​ដុល្លារ ដើម្បី​ដាក់​បញ្ចូល​ក្នុង​ការ​ចរចា​ប្រាក់​ឈ្នួល​កម្មករ។

កាល​ពី​ឆ្នាំ​២០១៥ កន្លង​ទៅ រដ្ឋាភិបាល​បាន​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ផ្នែក​ វាយនភណ្ឌ​កាត់​ដេរ និង​ផលិត​ស្បែក​ជើង​ពី ១០០​ដុល្លារ ទៅ ១២៨​ដុល្លារ​ក្នុង​មួយ​ខែ ហើយ​បើ​គិត​រួម​ទាំង​អត្ថប្រយោជន៍​ផ្សេងៗ​ដែល​មាន​ស្រាប់ ជា​មធ្យម​កម្មករ​និយោជិត​ម្នាក់ៗ​ទទួល​បាន​ប្រាក់​ចំណូល​យ៉ាង​តិច​ពី ១៤៧​ដុល្លារ ដល់ ១៥៦​ដុល្លារ​ក្នុង​មួយ​ខែ។

​សម្រាប់​ឆ្នាំ​២០១៦ កិច្ច​ចរចា​ប្រាក់​ឈ្នួល​ត្រី​ភាគី​មិន​ទាន់​ឯកភាព​គ្នា​ចេញ​ជា​តួលេខ​ ច្បាស់​នៅ​ឡើយ ប៉ុន្តែ​នៅ​ដើម​ខែ​តុលា ខាង​មុខ​នេះ ភាគី​ទាំង​បី គឺ​រាជរដ្ឋាភិបាល​តំណាង​ដោយ​ក្រសួង​ការងារ ភាគី​ថៅកែ​រោងចក្រ និង​ភាគី​សហជីព​កម្មករ នឹង​ជួប​ប្រជុំ​គ្នា​ជា​ថ្មី​ទៀត ដើម្បី​សម្រេច​លើ​ការ​កំណត់​ដំឡើង​ប្រាក់​ខែ​អប្បបរមា​សម្រាប់​កម្មករ​ រោងចក្រ​កាត់ដេរ​ឆ្នាំ​២០១៦។ ជាង​នេះ​ទៀត ភាគី​ទាំង​បី​រំពឹង​ថា នៅ​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៦ នឹង​អាច​អនុវត្ត​ការ​ដំឡើង​ប្រាក់​ឈ្នួល​ជូន​កម្មករ​នៅ​ក្រោយ​ពេល​គ្រប់​ ភាគី​បាន​ឯកភាព​គ្នា៕

image3

Loading...

Leave a Reply

Your email address will not be published. Required fields are marked *