សហព័ន្ធកីឡាបាល់ទាត់កម្ពុជា រៀបចំសន្និសីទសារព័ត៌មាន ស្តីពីការព្យួរមុខតំណែងមន្រ្តី៤រូប និងមិនឲ្យធ្វើសកម្មភាពកីឡាអស់មួយជីវិត នៅម៉ោង៤រសៀលថ្ងៃនេះ

(ភ្នំពេញ)៖ នៅម៉ោង៤៖០០នាទីរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងរៀបចំសន្និសីទសារព័ត៌មានបន្ទាន់មួយ ស្តីពីការព្យួរមុខតំណែងមន្រ្តី៤រូប និងមិនឲ្យធ្វើសកម្មភាពកីឡាអស់មួយជីវិត។ នេះបើតាមការប្រកាសលើ Facebook ផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

សូមជម្រាបថា ការធ្វើសន្និសីទសារព័ត៌មានបន្ទាន់នេះ ធ្វើឡើងក្រោយពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ចប់តួនាទីមន្ត្រីរបស់ខ្លួន៤នាក់ ដែលបានប្រព្រឹត្តខុសយ៉ាងធ្ងន់ធ្ងរ ដែលផ្ទុយនឹងក្រមសីលធម៌ និងវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

មន្រ្តីទាំង៤រូបនោះមានដូចជា លោក ម៉ៃ តុលា អគ្គលេខាធិការរងនៃសហព័ន្ធបាល់ទាត់ និងលោក ទុយ វិច្ឆិកា មន្រ្តីអាជ្ញាកណ្តាលរបស់សហព័ន្ធ, លោក ឆាំង ពិសិដ្ឋ និងលោក គល់ សុភារម្យ ជាអតីតមន្រ្តីសហព័ន្ធ។

បើតាមសេចក្តីប្រកាសព័ត៌មាន លោក ម៉ៃ តុលា ក៏ជាអតីតអគ្គលេខាធិការរងនៃសហព័ន្ធកីឡាបាល់ទាត់ ត្រូវបានបញ្ជូនសំណុំរឿងប្រព្រឹត្តអំពើ ពុករលួយទៅតុលាការមានសមត្ថកិច្ច ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ ជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា៕

Loading...