សហព័ន្ធបាល់ទាត់អាមេរិកខាងត្បូងអនុញ្ញាតឲ្យ Messi លេងក្នុងការប្រកួតវគ្គជម្រុះ World Cup

សហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង (CONMEBOL) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កីឡាករ Lionel Messi នឹងមានសេរីភាពដើម្បីលេងក្នុងការប្រកួតជម្រុះ World Cup ឆ្នាំ២០២២ របស់ប្រទេសអាហ្សង់ទីនជាមួយនឹងប្រទេសអេក្វាទ័រនៅខែក្រោយនេះ បន្ទាប់ពីសហព័ន្ធព្យួរខ្សែប្រយុទ្ធរូបនេះ។

Messi ទទួលបានការហាមឃាត់មួយប្រកួត ក្រោយពីមានការទាស់ទែងគ្នាជាមួយកីឡាករសញ្ជាតិឈីលី Gary Medel ក្នុងការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣នៃព្រឹត្តិការណ៍ Copa America កាលពីខែកក្កដា ឆ្នាំមុនដែលអាហ្សង់ទីនបានយកឈ្នះក្នុងលទ្ធផល ២-១ ។

សហព័ន្ធបាល់ទាត់ប្រចាំតំបន់អាមេរិកខាងត្បូងបានឲ្យដឹងនៅលើបណ្តាញសង្គម Twitter ថា “ប្រធានសមាគមបាល់ទាត់អាហ្សង់ទីនលោក Claudio Tapia បានផ្ញើសំណួរទៅសហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង (CONMEBOL) អំពីការព្យួរប្រធានក្រុមអាហ្សង់ទីនគឺ Lionel Messi ហើយសហព័ន្ធបានឯកភាពគ្នា និងយល់ព្រមឲ្យកីឡាកររូបនេះចូលរួមប្រកួតឡើងវិញជាមួយក្រុមជម្រើសជាតិ”។

លោក Alejandro Domingo ប្រធានសហព័ន្ធ CONMEBOL បានបញ្ជាក់ថា បន្ទាប់ពីការបញ្ចប់រយៈពេលមួយឆ្នាំមកនេះការព្យួរមិនឲ្យប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនចូលរួមការប្រកួតបានផុតកំណត់ហើយៗគាត់អាចរកចូលប្រកួតវគ្គជម្រុះ World Cup ជាមួយប្រទេសរបស់គាត់ក្នុងតំបន់បាន ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ FIFA World Cup នឹងត្រូវលេងនៅប្រទេសកាតារចាប់ពីថ្ងៃទី២១ ខែវិច្ឆិកាដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ហើយប្រទេសនៅក្នុងតំបន់អាមេរិកខាងត្បូងនឹងត្រូវប្រកួតវគ្គជម្រុះតាមទ្វីបនៅខែតុលាក្រោយនេះហើយ ក្រោយពីការពន្យារពេលដោយសារជំងឺរាតត្បាតកូវីដ-១៩តាំងពីខែមីនាមក ៕

Loading...