សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ បាននាំយកអំណោយ ទៅផ្តល់ជូនប្រជាពលរដ្ឋ ១០០គ្រួសារ ដែលកំពុងជួបប្រទះការខ្វះខាតជីវភាព ស្របពេលដែលកម្ពុជា កំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ១៩

ខេត្តកំពង់ធំ៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងជាសមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ លោក ជា វ៉ាន់ចាន់ បានដឹកនាំមន្ត្រីក្រោមឧិវាទ និងក្រុមការងារ នាំយកស្បៀងអាហារ ជាគ្រឿងឧបភោគ បរិភោគ ទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋ ១០០គ្រួសារ ដែលកំពុងប្រឈមនឹងការខ្វះខាតជីភាព កាលពីថ្ងៃទី២៥ សីហាឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិពាមគ្រែង ស្រុកកំពង់ស្វាយ និងនៅក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

លោក ជា វ៉ាន់ចាន់ បានថ្លែងថា អំណោយជាគ្រឿងឧបភោគ បរិភោគទាំងនេះ បានមកពីការចូលរួម បរិច្ចាគរបស់សប្បុរសជន ជាពិសេស គឺជាការបរិច្ចាគដ៏ធំធេងរបស់ លោក ខាន់ ខុន ទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងជានាយកសមាគមបេសកកម្មដំណឹង ព្រមទាំងនាយកក្រុមហ៊ុន ប៊ីម៉ារៀលអ៊ីស្ទេត (BemaReal Estate co.Ltd) ដែលតែងតែជួយដល់ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ធំ ដើម្បីឲ្យមានសកម្មភាពជាមនុស្សធម៌ និងនាំយកអំណោយសប្បុរធម៌ទាំងនេះ មកចែកជូនប្រជាពលរដ្ឋ ងាយរងគ្រោះ ជនចាស់ជរា ស្រ្ដីមេម៉ាយ ជនពិការ និងប្រជាពលរដ្ឋជួបបញ្ហាការខ្វះខាត លើជីវភាពប្រចាំ ថ្ងៃផងដែរ។ លោកបានដាស់តឿនដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តការប្រុងប្រយ័ត្ន ចំពោះជំងឺកូវីដ១៩ ខណៈដែលជំងឺដ៏កាចសាហាវនេះ កំពុងរាលដាលយ៉ាងខ្លាំងពាសពេញពិភពលោក និងប្រទេសកម្ពុជា ក៏មានអ្នកឆ្លងជំងឺនេះ ពីក្រៅប្រទេសជាបន្តបន្ទាប់ ផងទៀត។ លោកបានផ្តាំផ្ញើប្រជាពលរដ្ឋ ឲ្យទៅពិនិត្យ សុខភាពឲ្យបានគ្រប់ៗគ្នា ហើយត្រូវរួមគ្នាអនុវត្តនូវអនុសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ដូចជាសារអប់រំ ណែនាំនានារបស់ ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និងបង្ការទប់ស្កាត់ការរីក រាលដាល នៃជំងឺកូវីដ១៩ ទាំងអស់គ្នា ។

លោក ជា វ៉ាន់ចាន់ បានជម្រុញអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ត្រូវរួមគ្នាអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្តិភាព ហើយត្រូវបន្តផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋមានការយល់ដឹងកាន់ តែច្បាស់ ពីអំពើហឹង្សាក្នុងគ្រួសារ និងការរំលោភបំពានផ្សេងៗទៀត ដែលបញ្ហាទាំងអស់នេះ រាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់បំផុត។ ហើយប្រជាពលរដ្ឋទាំងអស់ ក៏ត្រូវខិតខំបង្កបង្កើនផល ត្រូវចេះជ្រើសរើស យកពូជដំណាំណា ដែលបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ផងដែរ ។ អំណោយបានផ្តល់ជូន ប្រជាពលរដ្ឋទាំង ១០០គ្រួសារ ដោយក្នុង ១គ្រួសារៗ ទទួលបាន អង្ករ មី ទឹកត្រី និងអាហារបំប៉នផងទៀត៕

Loading...