សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ទទួល​អំណោយ ចំនួន​១​ម៉ឺន​កញ្ចប់ ពី​កូ​កា​-​កូ​ឡា សម្រាប់​ចែកជូន​ដល់ កម្មករ កម្មការិនី រោងចក្រ នៅ​តំបន់​បិទ​ខ្ទប់ ក្នុង​រាជធានី​ភ្នំពេញ

ភ្នំពេញ ៖ ថ្ងៃនេះ ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា (​កូ​កា​-​កូ​ឡា​) បាន​ផ្តល់ជំនួយ ១០.០០០ កញ្ចប់ ដល់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​សស​យក​) សម្រាប់​ចែកជូន​ដល់ កម្មករ កម្ម​រិ​នី​រោងចក្រ ដែល​រស់នៅក្នុង​តំបន់​ក្រហម ក្នុង​រាជធានី​ភ្នំពេញ ដែល​ត្រូវបាន បិទ​ខ្ទប់ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល ជំងឺ​កូ​វីដ​-១៩ ។​

​ពិធី​ប្រគល់​ទទួល​ធ្វើ នៅ​សាលាខណ្ឌ​ឫស្សីកែវ ក្រោម​អធិបតីភាព លោក​បណ្ឌិត សាយ សំ​អាល់ អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា លោក ដេវីដ វី​ង​ហ្គ​ល់​វើត នាយក​ប្រតិបត្តិ ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា (​កូ​កា​-​កូ​ឡា​) និង​លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការរង នៃ​សមាគម​រោងចក្រ កាត់ដេរ​កម្ពុជា (GMAC) ។​

​កញ្ចប់​ស្បៀង នឹងត្រូវ​ដឹកជញ្ជូន​ទៅ​តំបន់​ក្រហម ក្នុង​ខណ្ឌមានជ័យ ខណ្ឌ​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌ​ឬ​ស្សី​កែវ និង​ខណ្ឌ​សែន​សុខ ដែល​កម្មករ កម្មការិនី ត្រូវបាន​បង្គាប់ មិនឱ្យ​ចេញ​ក្រៅ ហើយ​អាជីវកម្ម​ទាំងអស់ រួមទាំង​ហាង​លក់​អាហារ ត្រូវបាន​ផ្អាក​មិនឱ្យ​ដំណើរការ​។​

​កញ្ចប់​ស្បៀង​ជំនួយ រួមមាន​៖ កូ​កា​-​កូ​ឡា កាហ្វេ ១០.០០០ កេស​, អង្ករ ១៥០ តោន​, ត្រីខកំប៉ុង ១០.០០០ យួរ​, ទឹកត្រី ទឹក​ស៊ី​អុ​ី​វ ៣.៣៤៦ ដប ,​ម៉ាស ១០.០០០ ប្រអប់​, សាប៊ូ ១០.០០០ ដុំ​។ កញ្ចប់​នីមួយៗ រួមមាន កូ​កា​-​កូ​ឡា​កាហ្វេ ១​កេស អង្ករ ១៥​គីឡូក្រាម ត្រីខ ១០​កំប៉ុង ទឹកត្រី ១​ដប ទឹក​ស៊ី​អុ​ី​វ ១​ដប​ម៉ាស ១​ប្រអប់ និង​សាប៊ូ ១​ដុំ​។ ស្បៀង ១០.០០០ កញ្ចប់​នេះ ត្រូវបាន​បាន​រំពឹងទុក​ថា នឹង​អាចជួយ​ដោះស្រាយ ការលំបាក​របស់​កម្ម​ករ កម្មការិនី ដែល​កំពុង​ជាប់គាំង នៅក្នុង​តំបន់​បិទ​ខ្ទប់ ក្នុង​ខណ្ឌ​ទាំង ៥ ក្នុង​រាជធានី​ភ្នំពេញ​។​

​នៅក្នុង​ពិធី​ប្រគល់​ទទួល លោក ដេវីដ វី​ង​ហ្គ​ល់​វើត នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ភេសជ្ជៈ កម្ពុជា (​កូ​កា​-​កូ​ឡា​) បាន​មានប្រសាសន៍ថាៈ ” សហគមន៍​យើង ឥឡូវនេះ​កំពុង​ជួប​ការ លំបាក​ខ្លាំង ជាង​ពេលណាៗ​ទាំងអស់ ដោយសារ​ចំនួន​នៃ ការឆ្លង​ជំងឺ​កូ​វីដ​-១៩ បាន​កើនឡើង​យ៉ាងខ្លាំង ក្នុង​រយៈពេល​ដ៏​ខ្លី បង្ខំ​ឱ្យមាន​ការបិទ​ខ្ទប់ ដើម្បី​ទប់ស្កាត់ ការឆ្លង​រីក​ដាល នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។ ផលប៉ះពាល់​នៃ​ការបិទ​ខ្ទប់ មាន​ភាពខុសគ្នា អាស្រ័យ​តាម​កម្រិតជីវភាព របស់​ប្រជាជន​។ ក្នុងនោះ កម្មករ​ស្ថិតនៅក្នុង​ក្រុម​ងាយ រងគ្រោះ​បំផុត ដែល​នេះ ជា​មូលហេតុ នាំឱ្យ​យើង​សម្រេចចិត្ត​ចូលរួម​ក្នុង​កិច្ចខិតខំ ប្រឹងប្រែង ដើម្បី​កាត់បន្ថយ ការលំបាក​របស់​ពួកគាត់ ដោយ​សហការ​ជាមួយ សស​យក GMAC និង​អាជ្ញាធរ​មូលដ្ឋាន​”​។​

​លោក​បាន​បន្ថែមថាៈ ” នេះ​គឺជា​សហគមន៍​របស់​យើង ជា​សហគមន៍ ដែល​បាន​គាំទ្រ អាជីវកម្ម​យើង អស់​រយៈពេល ៣០ ឆ្នាំ​កន្លងមកនេះ ហើយ​ដែល​ពេលនេះ សហគមន៍​នេះ កំពុង​ជួប​ការលំបាក និង​ត្រូវការ​ជំនួយ​បំផុត ដូច្នេះហើយ វា​ជា​រឿង​ត្រឹមត្រូវ​ណាស់ ដែល​យើង​ត្រូវ​ចូលរួម​ជួយ តាម​លទ្ធភាព ដែល​អាចធ្វើ​ទៅបាន ដើម្បី​ធានាថា សហគមន៍​នេះ អាច​ទ្រាំទ្រ​រួច ក្នុងកំឡុងពេល​បិទ​ខ្ទប់​។ យើង​សង្ឃឹមថា​ការចូលរួម ចំណែក​របស់​យើង នឹង​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង របស់​រាជរដ្ឋាភិបាល កម្ពុជា ក្នុងការ​ការពារ​សុខុមាលភាព និង​ការរស់នៅ​របស់​ប្រជាជន ឱ្យ​ឆាប់​ត្រឡប់​ទៅរក ជីវភាព​រស់នៅ ធម្មតា​វិញ​តាម​គន្លង​ថ្មី​។

Loading...