សហរដ្ឋអាមេរិកបញ្ជូននាវាចម្បាំងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជាលើកដំបូងនៅក្រោមលោកបៃដិន

(Hong Kong CNN ថ្ងៃព្រហស្បតិ៍ទី៤កុម្ភៈ២០២១)៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានបញ្ជូននាវាពិឃាតបំពាក់ដោយគ្រាប់មីស៊ីល(Guided-missile destroyer) ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់(Taiwan Strait) នៅថ្ងៃព្រហស្បតិ៍(ទី៤កុម្ភៈ) ជាលើកដំបូងដែលនាវាចម្បាំងអាមេរិកបានឆ្លងកាត់ផ្លូវទឹកដែលខណ្ឌញែកចិនដីគោក និងកោះតៃវ៉ាន់ ក្នុងអំឡុងរដ្ឋការលោកបៃដិន(Biden administration)។

លោកJoe Keiley អ្នកនាំពាក្យនៃកងនាវាទី៧អាមេរិក(US Navy’s 7th Fleet) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាUSS John S McCain ដែលមានមូលដ្ឋាននៅប្រទេស ជប៉ុននោះ បានធ្វើដំណើរឆ្លងកាត់ជាទម្លាប់ស្របតាមច្បាប់អន្តរជាតិ។

លោកKeiley បានបន្តថា “ការឆ្លងកាត់នៃនាវាតាមច្រកសមុទ្រតៃវ៉ាន់នោះ បង្ហាញអំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកមួយ ដែលសេរី និងបើកចំហ។ យោធាសហរដ្ឋអាមេរិកនឹងបន្តការហោះហើរ, ការធ្វើនាវាចរណ៍ និងធ្វើប្រតិបត្តិការ នៅកន្លែងណាដែលច្បាប់អន្តរជាតិអនុញ្ញាត”។

បញ្ហាស្វ័យគ្រប់គ្រងនៃកោះតៃវ៉ាន់ គឺជាបញ្ហាប្រឈមផ្នែកនយោបាយការបរទេសដ៏ធំដំបូង បង្អស់របស់លោកប្រធានាធិបតីអាមេរិកJoe Biden។

ក្រុងប៉េកាំងទាមទារអធិបតេយ្យភាពពេញលេញលើកោះតៃវ៉ាន់ដែលកាន់លទ្ធិប្រជាធិបតេយ្យនិងមានប្រជាជនជិត២៤លាននាក់ ស្ថិតនៅឆ្នេរភាគអាគ្នេយ៍នៃប្រទេសចិនដីគោក ទោះបីជា ទឹកដីទាំងពីរភាគនេះ ត្រូវបានគ្រប់គ្រងដាច់ដោយឡែកពីគ្នា អស់រយៈពេលជាង៧ទសវត្សរ៍ ហើយក៏ដោយ។

នៅចុងសប្តាហ៍ដំបូងនៃតំណែងប្រធានាធិបតីបៃដិននោះ ប្រទេសចិនបានបញ្ជូនយន្តហោះចម្បាំងទ្រង់ទ្រាយធំចំនួនពីរទៅជិតកោះនេះ ដែលជំរុញឲ្យក្រុងតៃប៉ិចាត់វិធានការការពារ មានទាំងយន្តហោះប្រតិកម្មប្រយុទ្ធដើម្បីតាមដានការហោះហើររបស់ចិនដីគោក។

នាវាចម្បាំងរបស់អាមេរិកដែលឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់នោះ ត្រូវបានក្រុងប៉េកាំងមើលឃើញថា ជាការបង្កហេតុដែលគំរាមកំហែងដល់ស្ថិរភាពនៅក្នុងតំបន់ តាមរយៈការលើកទឹក ចិត្តដល់អ្នកគាំទ្រចំពោះឯករាជ្យតៃវ៉ាន់។

ការឆ្លងកាត់ចុងក្រោយបានកើតឡើងនៅជិតថ្ងៃចូលឆ្នាំសកលនៅពេលដែលនាវាMcCain និង
នាវាពិឃាតទី២ឈ្មោះUSS Curtis Wilbur ឆ្លងកាត់តាមច្រកនេះ។

នាវាចម្បាំងអាមេរិកបានឆ្លងកាត់ផ្លូវទឹកនេះចំនួន១៣ដងក្នុងឆ្នាំ២០២០ ដែលនៅឆ្នាំ២០១៦
ជាឆ្នាំចុងក្រោយនៃរដ្ឋការរបស់អតីតប្រធានាធិបតីបារ៉ាក់អូបាម៉ានោះ មានតែ១២ដងប៉ុណ្ណោះ។
“US sends warship through Taiwan Strait for first time under Biden”,
By CNN staff, Thursday February 4, 2021- (SN 48: 5-02-21)

Loading...