សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប រៀបចំអបអរសាទរខួបទី១៥៥ឆ្នាំ ប្រមូលថវិកាបានជាង៦៧ម៉ឺនដុល្លារ ពីសប្បុរសជននានា

 

កាលពីព្រឹកថ្ងៃសៅរ៍ ៦រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០១៨នេះ សាខាសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបបានរៀបចំពិធីអបអរសាទរ ខួបទី១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍច័ន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់គ្នា» ក្នុងនោះ ប្រមូលថវិកាពីសប្បុរសជនបាន ៦៧៥,៨០ ០ ដុល្លារ ។

ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងមានការចូលរួមពី ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាល ខេត្តសៀមរាប និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមនឹងព្រះវត្តមាន និងវត្តមាន ចូលរួមរបស់ព្រះសង្ឃ លោក លោកស្រី ជាសមាជិក សមាជិកា សាខាកាកបាទក្រហមកម្ពុជា ខេត្ត និងអនុសាខាក្រុង ស្រុក សិស្ស និស្សិត យុវជន ស្ម័គ្រចិត្ត ព្រមទាំងសប្បុរសជនជាច្រើនរយនាក់ផងដែរ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានលើកឡើងថា បច្ចុប្បន្ននេះក្រោមការដឹកនាំ របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចតែងយកចិត្តទុកដាក់ប្រារព្ធទិវាពិភពលោក ៨ ឧសភា ដ៏មានអត្ថន័យឧត្តុង្គឧត្តមនេះ ជារៀងរាល់ឆ្នាំទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់សាខាផងដែរ ។ ចំពោះឆ្នាំ២០១៨ នេះ ប្រធានបទ ៨ ឧសភាគឺ «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់គ្នា មិនទុកនរណាម្នាក់ចោល»។

យោងតាមឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ជាក់ស្ដែងសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាឆ្នាំ២០១៧-២០១៨ នេះបានជួយជនរងគ្រោះ ដោយគ្រោះមហន្តរាយ និងឧបទ្ទវហេតុផ្សេងៗ ដែលបានកើតទ្បើង ធ្វើឲ្យពលរដ្ឋរងគ្រោះចំនួន ៩,៣៤៧ គ្រួសារ ដែលមានមនុស្សប្រមាណជិត ៥០,០០០នាក់ និងមនុស្សរងគ្រោះ ៤៨ នាក់ (ស្លាប់ ៣៦ នាក់ របួស ១២ នាក់ )។

ជាមួយគ្នានេះដែរ​ សម្ដេចពិជ័យសេនា ទៀ បាញ់ និងឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះវត្តមាន ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងវត្តមាន លោកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងក្មួយៗយុវជនទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ព្រមទាំងការបរិចា្ចគនូវធនធានផ្ទាល់ខ្លួន រួមទាំងកម្លាំងកាយចិត្ត ចូលរួមក្នុងចលនាមនុស្សធម៌នេះ។

ក្នុងឆ្នាំ២០១៨នេះ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានទទួលការបរិច្ចាគពីសប្បុរសជនបានថវិកាចំនួន​ ៦៧៥.៨០០$៕

 

Loading...