សាខាកាំកុងត្រូលបានចុះពិនិត្យ និងទប់ស្កាត់ការនាំចូលចំណីអាហារ និងផលិតផលដែលគ្មានគុណភាព នៅក្នុងផ្សារសាមគ្គីខេត្តស្ទឹងត្រែង !

ខេត្តស្ទឹងត្រែង៖ ការចុះពិនិត្យ និងទប់ស្កាត់ការនាំចូល នូវមុខទំនិញ ផលិតផល និងចំណីអាហារ ដែលគ្មានគុណភាពនោះ បានធ្វើឡើងនៅល្ងាចថ្ងៃទី១៤មិថុនាម្សិលមិញ របស់សាខាកាំកុងត្រូល សហការណ៍ជាមួយ មន្ទីរពាណិជ្ជកម្មខេត្តស្ទឹងត្រែង។ រីឯការចុះពិនិត្យនោះ គឺដើម្បីពង្រឹង និងបញ្ជៀសបាន ពីការប្រើប្រាស់ទំនិញ និងចំណីអាហារណា ដែលគ្មានគុណភាព ធ្វើឲ្យប៉ះពាល់ដល់សុខមាលភាពប្រជាពលរដ្ឋ។

នៅក្នុងសកម្មភាពចុះពិនិត្យចំណីអាហារនោះផងដែរ មន្ត្រីជំនាញទាំងពីរស្ថាប័ន បានធ្វើការត្រួតពិនិត្យ នៅតាមបណ្តាស្តង់ និងតូបលក់ដូរនានាជាច្រើន នៅតាមលំនៅដ្ឋាន និងនៅក្នុងផ្សារសាមគ្គីស្ទឹងត្រែង ដើម្បីស្រាវជ្រាវរកមើលថាតើ ចំណីអាហាណាមួយ ដែលមានផ្ទុកសារជាតិគីមី ឬសារធាតុបូរ៉ាក់ ដើម្បីជួយលើកកំពស់សុខភាពអ្នកបរិភាគ។

អនុប្រធានសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង លោក ពៅ ណារិទ្ធ បានបញ្ជាក់ថា បងប្អូនអាជីវករ ក៏ដូចជាអ្នកទិញទំនិញ ផលិតផល ឬចំណីអាហារ ត្រូវរួមគ្នាលើកកំពស់សុខភាពទាំងអស់គ្នា សូមកុំយកចំណីអាហារណា ដែលហួសកាលបរិច្ឆេទប្រើប្រាស់មកលក់ដូរ ហើយអ្នកទិញក៏ត្រូវតែពិនិត្យមើលឲ្យបានច្បាស់លាស់ ដើម្បីពេលបរិភោគកុំឲ្យប៉ះពាល់សុខភាព។ លោកបញ្ជាក់ទៀតថា មន្ត្រីជំនាញតែងបានចុះណែនាំ និងបិទរូបសញ្ញាផ្សព្វផ្សាយ ពន្យល់ដល់បងប្អូអាជីវករទាំងអស់ ឲ្យយកចិត្តទុកដាក់ព្យាយាមពិនិត្យមើលគ្រប់មុខទំនិញ នៅមុនពេលនាំចូលយកមកលក់ ទាំងស្លាកសញ្ញា និងទាំងគុណភាពនោះហើយដែរ។

អាជីវករផ្សារសាមគ្គីស្ទឹងត្រែង លោកស្រី ចេង នីតា លោកស្រីបានសាទរ ចំពោះសកម្មភាព ចុះធ្វើកោសល្យវិច័្ចយ របស់មន្ត្រីសាខាកាំកុងត្រូល រួមជាមួយមន្ត្រី នៃមន្ទីរពាណិជ្ជកម្មខេត្ត ព្រោះថា កាលណាបើយើងបានត្រួតពិនិត្យ ហាក់ដូចជាបានជួយបង្កើនការប្រុងប្រយ័ត្ន និងលើកកម្ពស់ការថែរក្សាសុខភាពទាំងអស់គ្នា។ ហើយលោកស្រី បានស្នើដល់មន្ត្រីសាខាកាំកុងត្រូល ក៏ដូចជាជំនាញពាក់ពន្ធ័ទាំងអស់ ជួយចុះពិនិតឲ្យបានញឹកញាប់ និងធ្វើឡើងឲ្យបានគ្រប់ទីកន្លែង ព្រោះត្បិត បច្ចុប្បន្ននេះ មានទំនិញនាំចូលពីប្រទេសជិតខាងយើងជាច្រើន ហើយទំនិញខ្លះមិនមានបិទស្លាកសញ្ញានោះទេ។ លោកស្រី ចេង នីតា បានចាត់ទុកថា ការចុះមកពិនិត្យ នូវរាល់មុខទំនិញ ផលិតផល ប្រហិត សាច់ក្រក ត្រីសាច់ ផ្អកប្រហុក និងចំណីអាហារ របស់មន្ត្រីជំនាញនៅពេលនេះ គឺបានធ្វើឲ្យប្រជាពលរដ្ឋ បានយល់ដឹងកាន់តែច្បាស់ ពីវិធីសាស្ត្រការពារសុខភាព ព្រោះរយះពេលកន្លងមក បងប្អូនអាជីវករទិញទំនិញ ចំណីអាហារយកមកលក់បន្ត តែងតែជឿលើម្ចាស់ក្រុមហ៊ុន និងម្ចាស់ផលិតតែប៉ុណ្ណោះ មិនដែលចេះត្រួតពីនិត្យ និងដឹងថា ទំនិញណាជាទំនិញគ្មានគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់នោះឡើយ៕

Loading...