សាខាកាំកុងត្រូលបានរកឃើញផលិតផលខូចគុណភាពជាង៧០គីឡូក្រាមដែលអាជីវករថៃនាំយកមកលក់តាមស្តង់ក្នុងពិធីប្រណាំងទូកនៅខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ ផលិតផលប្រហិត មឹក និងភ្លៅមាន់ជាង៧០គីឡូក្រាម ដែលខូចគុណភាពហួសថ្ងៃកំណត់លក់ដូរ ដែលអាជីវករថៃនាំយកមកលក់ នៅក្នុងពិធីប្រណាំងទូកនៅខេត្តស្ទឹងត្រែង កាលពីរសៀលថ្ងៃ៣០តុលាម្សិលមិញនេះ ត្រូវបានមន្ត្រីសាខាកាំកុងត្រូលខេត្តរកឃើញ គ្រាពួកគេបានដាក់នៅក្នុងធុងធំៗ ទុកសំរាប់យកមកចំណិនលក់ឲ្យពលរដ្ឋខ្មែរបរិភោគ ។

ប្រធានសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង លោក គឹម ប្រុស បានប្រាប់ឲ្យដឹងថា សាខាកាំកុងត្រូល បានសហការជាមួយមន្ទីរពាណិជ្ជកម្ម និងកម្លាំងនគរបាលប្រឆាំងបទល្មើសខេត្ត បានចុះត្រួតពិនិត្យទៅលើផលិតផល ដែលអាជីវករថៃបាននាំយកមកលក់ នៅតាមស្តង់ពិ ពណ៌លក់ផលិតផល នៅខាងមុខផ្សារខេត្តស្ទឹងត្រែង ។ នៅខណៈនោះមន្ត្រីជំនាញបានបើកប្រតិបត្តិការត្រួតពិនិត្យ ហើយបានរកឃើញ ផលិតផលចំណីអាហារមួយចំនួនដែលខូចគុណភាព និងផ្ទុកដោយសារធាតុម្យ៉ាង ដែលមានជាតិគីមី គឺសារធាតុហ្វមមីលីន«ថ្នាំចាក់ខ្មោច» ធ្វើឲ្យប៉ះពាលដល់សុខភាពប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ មានដូចជា ភ្លៅមាន់៣៥គីឡូក្រាម ប្រហិតហតដក៤គីឡូក្រាមកន្លះ មឹក៣០,៣៥គីឡូក្រាម និងប្រហិតសាច់ត្រីមានចំនួន៥គីឡូក្រាម ចំណែក ប្រហិតសាច់គោ១ថង់ មានទម្ងន់ប្រហែល២គីឡូក្រាម គឺមានផ្ទុកទៅដោយសារធាតុគីមី ហ្វមមីលីន សរុបជាង៧០គីឡូក្រាម ។

លោកគឹម ប្រុស បានបញ្ជាក់ថា ផលិតផលដែលខូចគុណភាពទាំងនេះ មន្ត្រីជំនាញកាំកុងត្រូល មិនអាចអនុញ្ញាតឲ្យអាជីវករថៃទាំងនោះ ដាក់លក់បន្តទៀតបានទេ ព្រោះអ្នកដែលរងគ្រោះពីការបរិភោគចំណីអាហារនេះ គឺជាប្រជាពលរដ្ឋកម្ពុជា ។ ក្រោយពិនិត្យ និងរកឃើញទំនិញខូចគុណភាព ដែលហួសកាលបរិច្ឆេទប្រើប្រាស់នោះរួចមក មន្ត្រីកាំកុងត្រូលបានធ្វើការដកហូត ហើយបាននាំយកទៅដុតកំទេចចោល នៅគ្រានោះផងដែរ ៕

Loading...