សាច់សត្វព្រៃគ្រប់ប្រភេទដាក់លក់នៅផ្សារបានលុងសង្ស័យសមត្ថកិច្ចជំនាញមិនបង្ក្រាបខ្លាចប៉ះពាល់លាភសក្ការៈ

ខេត្តរតនគិរី÷ ប្រជាពលរដ្ឋ នៅក្នុងខេត្តរតនគិរីកំពុងតែដាក់ការរិះគន់ទៅលើផ្នែករដ្ឋបាលព្រៃឈើ ស្រុកលំផាត់ សង្កាត់រដ្ឋបាលព្រៃឈើក្រុងបានលុងនិងលោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី ថា ជារៀងរាល់ថ្ងៃ សត្វព្រៃដែលនៅក្នុងដែនជម្រកកាពារនោះ ច្បាស់ជារលាយផុតពូជអស់ទៅហើយ ព្រោះក្នុងផ្សារក្រុងបានលុង ក្រុមឈ្មួញកំពុងតែបន្តលក់យ៉ាងអាណាធិបតេយ្យ។ ប្រហែលនឹងគេដាក់លក់ត្រកួននិងព្រលិតទៅហើយ ដោយសមត្ថកិច្ចជំនាញពាក់ព័ន្ធគ្មានវិធានការទប់ស្កាត់និងបង្ក្រាបក្រុមឈ្មួញលក់សត្វព្រៃ។

សាច់សត្វព្រៃទាំងអស់នេះមានដូចជា÷ សាច់ព្រើសជ្រូកព្រៃ ត្រកួត អណ្ដើក ឈ្លុស និងសាច់ព្រៃជាច្រើនផ្សេងទៀតផងដែរ។

ហើយជារៀងរាល់ថ្ងៃនេះ កំពុងតែមានការស្ងាត់ស្ងៀម ដែលអ្នកសារព័ត៌មានបានធ្វើការផ្សព្វផ្សាយ អោយមហាជនមើលនោះ នៅក្នុងក្រុងបានលុងគឺអស់ក្រុមសមត្ថកិច្ចជំនាញចាំតែហៃអើៗតែប៉ុណ្ណោះ។

បើយោងតាមប្រភពពីប្រជាពលរដ្ឋនៅក្នុងផ្សារបានលុងបង្ហើបថា មេឈ្មួញនិងម្ចាស់អាជីវករលក់ដូរសាច់សត្វព្រៃទាំងអស់ នៅក្នុងផ្សារបានលុង ពួកគេមិនខ្វល់ទេ ព្រោះបានបង់លុយទៅឲ្យសមត្ថកិច្ច គ្រប់ស្ថាប័នជំនាញ នៅក្នុងក្រុងបានលុងអស់ទៅហើយ។ ខ្លះទើបបង់បានមួយខែ ខ្លះទៀតបង់មួយខែរាប់សិបម៉ឺនរៀល តើពួកគេខ្វល់អីទៀត? បើគេមិនលក់សាច់ព្រៃ បើមិនខំប្រឹងលក់នោះ មានលុយឯណាបង់ឲ្យសមត្ថកិច្ច និងជំនាញ។

ទាក់ទិនទៅនិងការលក់សាច់ព្រៃខាងលើនេះ លោក ផុន ខេមរិន្ទ និងលោក លី សុផាន សារព័ត៌មានយើងព្យាយាមធ្វើការទំនាក់ទំនងតាមទូរស័ព្ទចូល បានត្រឹមតែនិយាយថា ជាប់រវល់ប្រជុំ ។

មជ្ឈដ្ឋានប្រជាពលរដ្ឋ នៅក្នុងផ្សារក្រុងបានលុង កំពុងតែដាក់សំណួរសួរ ទៅលើសមត្ថកិច្ច និងជំនាញពាក់ព័ន្ធថា តើបើពុំមានស៊ីសំណូក ពីអាជីវករ និងមេឈ្មួញលក់សាច់ព្រៃទាំងអស់នេះ ប្រហែលជាជំនាញនិងសមត្ថកិច្ចធ្វើការចុះបង្ក្រាប បាត់អស់ទៅហើយ ប៉ុន្តែប្រហែលជាអស់លោក បានសំណែនសែន ពីក្រុមអាជីវករ ឬបានសាច់ ក្លែមទៅហើយ បានជាអស់លោក មិនធ្វើការចុះបង្ក្រាប។ ជាចុងក្រោយ ប្រជាពលរដ្ឋ សូមសំណូមពរ ទៅដល់ លោកសយសូណាប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញនិងនេសាទខេត្តរតនគិរី និងឯកឧត្តម ថង សាវុន អភិបាលខេត្ត រួមទាំងលោក ងិន ណែល អភិបាលក្រុងបានលុង ជួយមានវិធានការផង បើនៅតែបណ្ដែតបណ្ដោយ សត្វព្រៃកម្រទាំងអស់នេះ ពិតជារលាយហិនហោច ដោយសារក្រុមឈ្មួញទុច្ចរិតអស់ទាំងនេះជាក់ជាពុំខានឡើយ៕

Loading...