សាច់សត្វព្រៃ និងសត្វព្រៃរស់ជិត១០០គីឡូក្រាមត្រូវបានបង្ក្រាបនៅផ្សារក្រុងស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ ក្រុមអន្តរាគមន៍បង្រ្កាបបទល្មើសសត្វព្រៃសហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើខេត្តនៅព្រឹកថ្ងៃទី២៨មិថុនា២០១៨នេះបានធ្វើការបង្ក្រាបសត្វព្រៃរស់ និងសាច់សត្វព្រៃជាច្រើនប្រភេទ ដែលមានប្រមាណជិត១០០គីឡូក្រាម ។ ករណីបង្ក្រាបនោះត្រូវគេសង្គេតឃើញនៅបន្ទាប់ពីប្រភពបណ្តាញសង្គមហ្វេសបុកមួយចំនួនបានបង្ហោះពីភាពអសកម្មរបស់មន្ត្រីជំនាញក្នុងខេត្តក្នុងការបង្ក្រាប ។ ការបង្ក្រាបសត្វព្រៃដាក់លក់នៅលើទីផ្សារកណ្តាលក្រុងស្ទឹងត្រែង ។

សមត្ថកិច្ចចុះបង្ក្រាបឲ្យដឹងថាសត្វព្រៃរស់ និងសាច់សត្វព្រៃ ដែលមត្ថកិច្ចដកហូតមានចំនួន៦មុខដោយសាច់ជ្រូកព្រៃស្រស់មានទំងន់៥២,៥០គីឡូក្រាម សាច់ប្រើសស្រស់ទំងន់២៣,៥០គីឡូក្រាម ងៀតជ្រូកព្រៃទំងន់៥គីឡូក្រាម អណ្តើក៣ក្បាលទម្ងន់៨,១០គីឡូក្រាម ។ សមត្ថកិច្ចបញ្ចាក់ថាអ្នកលក់សត្វព្រៃមិនត្រូវបានឃាត់ខ្លួននោះទេព្រោះខណៈចុះបង្ក្រាបពួកគេបានរត់គេចខ្លួន ។ នៅក្រោយការបង្ក្រាបសមត្ថកិច្ចដកហូតបានវត្ថុតាងសត្វព្រៃរស់ និងសាច់សត្វព្រៃទម្ងន់សរុប៨៩,១០គីឡូក្រាមនាំយកទៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែងរួចជីករណ្តៅចាក់ប្រេងដុតបំផ្លាញចោលថែមទៀតផង ។

រីឯសត្វព្រៃរស់ត្រូវកម្លាំងក្រុមអន្តរាគមន៍នាំយកទៅសួនសត្វភ្នំតាម៉ៅនៅខេត្តតាកែវដើម្បីចិញ្ចឹមឲ្យរស់រៀនមានជីវិត ។ ឡុងកាន់សំនៀង

 

 

 

Loading...