សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ចង់ឃើញអ្នកវិនិយោគកម្ពុជាមានវត្តមាននៅក្នុងប្រទេសខ្លួន

(ភ្នំពេញ)៖ ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ឯកឧត្តម អើម៉ីនីហ្គីដូ គូប៉ា ឡូប៉េស ( Ermenegildo “ Kupa” Lopes ) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានលើកឡើងថា ទីម័រខាងកើត ចង់ឃើញវត្តមានអ្នកយោគកម្ពុជាទៅ បណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសខ្លួន ។

ឯកឧត្តមអគ្គរដ្ឋទូតបានមានប្រសាសន៍ថា ទីម័រខាងកើត សម្បូរដោយធនធានធម្មជាតិដែលទាមទារឲ្យមានការវិនិយោគពីបរទេស ដែលបច្ចុប្បន្ននេះ មានអ្នកវិយោគពីឥណ្ឌូណេស៊ី សហរដ្ឋអាមេរិក និងប្រទេសជាច្រើនទៀត មិនទាន់មានអ្នកវិនិយោគពីកម្ពុជានោះទេ។
ឯកឧត្តម ចង់ឃើញវត្តមានធុរជនកម្ពុជាទៅបណ្តាក់ទុននៅទីម័រខាងកើត ក្នុងពេលអនាគត ។ នៅក្នុងឱកាសចូលជួបសម្តែងគួរសមជាមួយ សម្តេចប្រធានរដ្ឋសភានាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០នេះ នៅវិមានរដ្ឋសភា ឯកឧត្តម អើម៉ីនីហ្គីដូ គូប៉ា ឡូប៉េស ក៏បានលើកឡើងផងដែរ ថាប្រជាពលរដ្ឋទីមទីម័រខាងកើតបានគោរពស្រឡាញ់និងកោតសរសើរចំពោះវីរៈស្នេហា បម្រើប្រជាជននិងប្រទេសជាតិ របស់សម្តេចប្រធានរដ្ឋសភា។ សម្តេចជាឥស្សរជនស្នេហាជាតិ ដែលបានចូលរួមរំដោះ បង្រួបបង្រួម និងអភិវឌ្ឍន៍ប្រជាជាតិ រហូតនាំកម្ពុជាទទួលបានសុខសន្តិភាព និងការអភិវឌ្ឍដូចបច្ចុប្បន្ន។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានអបអរសាទរ ចំពោះការបោះពុម្ពផ្សាយសៀវភៅ និយាយពីប្រវត្តិតស៊ូរបស់សម្តេចប្រធាន (សម្តេចជាបុរសរបស់ប្រជាជន) កាលពីឆ្នាំ២០១៨ ទុកសម្រាប់មនុស្សជំនាន់ក្រោយបានសិក្សារៀនសូត្រ ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានចាត់ទុកថាកម្ពុជា ជាគេហដ្ឋានទី២របស់ឯកឧត្តម ទោះបីពេលនេះពិភពលោកមានបញ្ហាកូវីដ១៩ តែកម្ពុជាបានគ្រប់គ្រងស្ថានការណ៍ជំងឺនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងប្រកបដោយភាពកក់ក្តៅយ៉ាងខ្លំាង។
ឯកឧត្តម អើម៉ីនីហ្គីដូ គូប៉ា ឡូប៉េស បានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភាដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅប្រទេសទីម័រខាងកើតតាមពេសសមស្របណាមួយ។ ជាការឆ្លើយតបសម្តេចប្រធាន បានទទួលយកការគោរពអញ្ជើញរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានអញ្ជើញ សម្តេចទៅបំពេញទស្សនកិច្ចនៅប្រទេសទីម័រខាងកើត នៅពេលសមស្របខាងមុខ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយតំលៃខ្ពស់ចំពោះប្រសាសន៍ របស់ឯកឧត្តម ដែលបានឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព នៃទំនាក់ទំនងការទូត ល្អរវាងប្រទេសទំាងពីរកម្ពុជានិងទីម័រខាងកើត។ ក្នុងនាមរដ្ឋសភា រដ្ឋសភាកម្ពុជា សម្តេចពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិ ការរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ និងលើកទឹក ចិត្តបន្តកិច្ចសហប្រតិបត្តិការអោយខ្លាំងក្លាថែមទៀតលើវិស័យ ទេសចរណ៍ កសិកម្ម និង ធនធានមនុស្ស សំដៅនាំមកនូវផលប្រយោជន៍ដល់ប្រជាជាតិទាំងសងខាង ។ សម្តេចប្រធាន មានប្រសាសន៍ថា កន្លងមករដ្ឋសភាកម្ពុជា ធ្លាប់បានគាំទ្ររដ្ឋសភាទីម័រខាងកើត ជាប្រទេសសង្កេតការណ៍របស់អន្តរសភាអាស៊ាន (អាយប៉ា) ហើយនិងបន្តគាំទ្ររដ្ឋសភាទីម័រជាសមាជិកពេញសិទ្ធទី១១ របស់អាយប៉ា និង អាស៊ាន នៅថ្ងៃអនាគត ។

ឯកឧត្តម អើម៉ីនីហ្គីដូ គូប៉ា ឡូប៉េស បានថ្លែងអំណរគុណដល់រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគំាទ្រដល់បេក្ខភាពរបស់ប្រទេសទីម័រខាងកើតនៅក្នុងក្របខណ្ឌអាស៊ាននិងអន្តរសភាអាស៊ាន។ ឯកឧត្តមបានសន្យាថានឹងខិតខំបំពេញបេសកកម្មការទូតឲ្យទទួលបានជោគជ័យនៅក្នុងការពង្រឹងពង្រីកទំនាក់ទំនងប្រទេសទំាងពីរឲ្យកាន់តែរឹងមាំឡើង ៕

Loading...