សារសម្តេចតេជោហ៊ុន សែន ជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អ ចៀសផុតពីជំងឺឆ្លងកូវីដ​១៩គ្រប់ៗគ្នា

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងសារនៅលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការ​កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ជូនពរបងប្អូនជនរួមជាតិ​ជួបតែសំណាងល្អ ចៀសផុតពីជំងឺឆ្លងកូវីដ​១៩គ្រប់ៗគ្នា ។

សម្តេចតេជោបានថ្លែងដូច្នេះថា៖

«សុខសប្បាយជាទេបងប្អូនជនរួមជាតិ?

មកទល់ថ្ងៃនេះស្ថានភាពការឆ្លងរាលរាតត្បាតជំងឺកូវីដ-១៩ ក្នុងពិភពលោកបានកើនឡើងដល់ 11,500,302 នាក់ ហើយចំនួនអ្នកស្លាប់បានកើនឡើងដល់ 535,759 នាក់តាមការបញ្ជាក់របស់​ WHO។

សូមបងប្អូនបន្តយកចិត្តទុកដាក់ថែរក្សាសុវត្ថិភាពអោយបានល្អ ជាពិសេសកុំអោយឆ្លងជំងឺកូវីដ-១៩។ ត្រូវក្រើនរំលឹកដល់កូនចៅតូចៗនៅក្នុងបន្ទុកអោយចេះការពារខ្លួន ហើយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ឬទឹកអាល់កុល និងពាក់ម៉ាសការពារខ្លួន។ នៅផ្សាររដ្ឋនិងឯកជន តូបឬហាងលក់ឥវ៉ាន់ ភោជនីយដ្ឋាន ហាងកាហ្វេ ផ្ទះសំណាក់ សណ្ឋាគារ ជាពិសេសក្លីនិក និងមន្ទីរពេទ្យរដ្ឋ និងឯកជនត្រូវមានចឹលឬអាល់កុល និងម៉ាសសម្រាប់អតិថិជនប្រើប្រាស់ចៀសវាងការឆ្លងជំងឺកូវីដ-១៩ ពីម្នាក់ទៅម្នាក់។

ចំពោះបងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរមកពីក្រៅប្រទេស ក្រោយពីបានពិនិត្យសុខភាពមានលទ្ធផលអវិជ្ជមានហើយបានអនុញ្ញាត្តិអោយទៅរស់នៅដាច់ដោយឡែកនៅតាមផ្ទះ ចំនួន​ ១៤ថ្ងៃ​ សូមធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ ហាមដើរចេញមានទំនាក់ទំនងក្រៅផ្ទះ ទោះបីគ្មានមន្រ្តីសុខាភិបាលនៅជាមួយជាប់ក៏ដោយ។

ជូនពរបងប្អូនជួបតែសំណាងល្អ នឹងបានចៀសផុតពីជំងឺឆ្លងកូវីដ១៩ គ្រប់ៗគ្នា» ៕

Loading...