សាលាក្រុងប្រកាសឲ្យម្ចាស់ក្រុមហ៊ុនឡានក្រុងនិងឡានដឹកទំនិញរកចំណតនៅជាយក្រុង

ភ្នំពេញ ៖អាជ្ញាធររាជធានីភ្នំពេញ បានប្រកាសឲ្យម្ចាស់ក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញទាំងអស់ រកចំណតនៅក្រៅក្រុងចាប់ពីពេលនេះតទៅ ព្រោះអាជ្ញាធរនឹងចាប់ផ្ដើមអនុវត្តរៀបចំសណ្ដាប់ធ្នាប់សាធារណៈក្នុងរាជធានី ដោយលែងឲ្យរថយន្តធំៗទាំងនោះ ចូលក្នុងក្រុងចាប់ពីឆ្នាំ២០១៦ តទៅ។

ម្ចាស់ក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរមួយចំនួន បានទទួលយកសំណើពីអាជ្ញាធររាជធានី ដែលតម្រូវឲ្យពួកគេរៀបចំឲ្យមានចំណតនៅខាងក្រៅក្រុង ដើម្បីបញ្ចៀសនូវការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍។

សមាគមដឹកជញ្ជូន បានគាំទ្រលើគម្រោងរបស់អាជ្ញាធររាជធានី ហើយពួកគេសង្ឃឹមថា គម្រោងនេះនឹងអនុវត្តប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។

ជំនួយការនាយកក្រុមហ៊ុនដឹកជញ្ជូន កាពីតូល (Capitol) លោក ភូ កុកវ៉ាន់ ថ្លែងនៅថ្ងៃទី២៥ សីហា ថា ក្រុមហ៊ុនបានទទួលដំណឹងនេះបន្ទាប់ពីកិច្ចជំនួបជាមួយអាជ្ញាធររាជធានី។ លោកបន្តថា ទោះជាយ៉ាងណា ក្រុមហ៊ុននឹងពិចារណាចំពោះបទបញ្ជារបស់អាជ្ញាធរក្រុង៖ «តាមធម្មតាបើសិនជាអាជ្ញាធរគាត់តម្រូវ យើងត្រូវតែធ្វើ យើងមិនអាចធ្វើផ្ទុយពីច្បាប់បានទេ»។

ការលើកឡើងនេះ នៅបន្ទាប់ពីមានកិច្ចប្រជុំស្ដីពីបញ្ហាក្រុមហ៊ុនដឹកជញ្ជូនធុនធ្ងន់ និងក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ រវាងអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស និងម្ចាស់ក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា គោលបំណងសំខាន់របស់អាជ្ញាធររាជធានីភ្នំពេញ ចង់ឲ្យម្ចាស់ក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញទាំងអស់ រកចំណតនៅក្រៅក្រុង គឺដើម្បីរៀបចំសណ្ដាប់ធ្នាប់ និងទប់ស្កាត់ការកកស្ទះចរាចរណ៍។ លោកថា រថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញ នឹងលែងចូលក្រុងទៀតហើយ ចាប់ពីឆ្នាំក្រោយទៅ គឺតម្រូវឲ្យរកចំណតនៅក្រៅក្រុង។ គម្រោងនេះ ជាវិធានការមួយដែលសាលារាជធានី បានគិតគូរជាយូរមកហើយ ដើម្បីដោះស្រាយ និងកែលំអប្រព័ន្ធដឹកជញ្ជូនក្នុងក្រុង៖ «គម្រោងរបស់យើង គឺយើងអត់ចង់ឲ្យនៅក្នុងរាជធានីភ្នំពេញ ជាពិសេសនៅក្នុងខណ្ឌនៅកណ្ដាលក្រុងទាំងអស់នេះ មិនអាចឲ្យមានការចតរថយន្តក្រុងធំៗនេះ មិនចង់ឲ្យមានចតកណ្ដាលផ្លូវតាមចិញ្ចើមផ្លូវដូចសព្វថ្ងៃ ដែលគាត់ចង់លើកដាក់ក្រុងទាំងអស់ ក្រុមហ៊ុនគួរតែរៀបចំរកកន្លែងលក់សំបុត្រលក់អី រកកន្លែងអ្នកដំណើរ គាត់រៀបចំឡើងចុះមកវិញអីជាដើមនោះ គឺសុំឲ្យគាត់ធ្វើនៅក្រៅក្រុងហើយ មានដូចជា ផ្សារថ្មី ផ្សារអូរឫស្សី ជាដើម»។

ទោះជាយ៉ាងណា អ្នកនាំពាក្យដដែលអះអាងថា សាលារាជធានីភ្នំពេញ នឹងជួយសម្រួលធ្វើការជាមួយម្ចាស់ក្រុមហ៊ុនឯកជនទាំងនោះ ទៅលើកិច្ចការរៀបចំចំណតរបស់ខ្លួននៅតំបន់ជាយក្រុង ដែលជាចំណតថ្មីនោះ។ សាលារាជធានីភ្នំពេញ រំពឹងថា បើគម្រោងជម្លៀសចំណតក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញធំៗនេះបាន អាចនឹងផ្ដល់ឲ្យមានផលល្អចំពោះដំណើរការរថយន្តសាធារណៈរបស់សាលារាជធានី៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *