សាលាដំបូងខេត្តព្រះវិហារបានសំរេចឃុំខ្លួនបុរសម្នាក់ជាប់ពាក់ព័ន្ធនឹងអំពើចោរកម្មលួចម៉ូតូអ្នកស្រុកហើយរត់គេចខ្លួនជិត៣ឆ្នាំសមត្ថកិច្ចទើបតាមចាប់ខ្លួនបាន !

ខេត្តព្រះវិហារ៖ បុរសម្នាក់ដែលជាប់ចោទពីបទលួចម៉ូតូអ្នកស្រុក កាលពី៣ឆ្នាំមុន ហើយបានរត់គេចខ្លួនទៅពួនសម្ងំ នៅឯដែនដីខេត្តផ្សេងនោះ បានរងការឃុំខ្លួននោះហើយនៅព្រឹកថ្ងៃ៦មិថុនានេះ បន្ទាប់ពីកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តពីរ បានបើកកិច្ចសហការរួមគ្នាចុះស្រាវជ្រាវ និងចាប់ខ្លួនបានកាលពីរសៀលថ្ងៃ៥មិថុនាម្សិលមិញ នៅក្នុងដែនដីរដ្ឋបាលខេត្តកំពង់ចាម ហើយត្រូវបានបញ្ជូនមកកាន់ ស្នងការដ្ឋាននគរបាល ខេត្តព្រះវិហារ។

ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិស្រាលខេត្ត លោកវរៈសេនីយ៍ឯក ខាត់ ហ៊ុន បានប្រាប់អប្សរាណិត ឲ្យដឹងថា នៅព្រឹកថ្ងៃ៦មិថុនានេះ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះវិហារ លោកស្រេង ម៉េងស៊្រុន បានសំរេចចេញដីកាលេខ អក ១៧ ចុះថ្ងៃ៦មិថុនា២០១៧ ចោទពីបទ «លួចមានស្ថានទម្ងន់»បង្គាប់ឲ្យឃុំខ្លួនជនល្មើស ឈ្មោះហ៊ិន ចាន់ថន អាយុ២៧ឆ្នាំ មានទីលំនៅភូមិជាំជ្រៃ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។ លោកថា ជនល្មើសបានប្រព្រឹត្តការលួចម៉ូតូ១គ្រឿង របស់អ្នកស្រុក នៅភូមិស្រយង់ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ កាលពីថ្ងៃ២៧ឧសភា២០១៤កន្លងទៅ ហើយបើគិតមកទល់នឹងថ្ងៃចាប់ខ្លួន គឺថ្ងៃ៥មិថុនា២០១៧ម្សិលមិញនោះ មានរយះពេលជិត៣ឆ្នាំហើយ ទើបស្វែងរកកន្លែងលាក់ខ្លួននោះឃើញ។

លោកខាត់ ហ៊ុន បានបន្តឲ្យដឹងទៀតថា ក្រោយការធ្វើសកម្មភាពលួចម៉ូតូនោះរួច ជនល្មើសបានរត់គេចខ្លួនរហូត នគរបាលព្រហ្មទណ្ឌខេត្ត បន្ទាប់ពីទទួលបានដីកាបង្គាប់ឲ្យតាមចាប់ខ្លួន ពីចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តនោះមក បានស្វះស្វែងរកទីកន្លែងលាក់ខ្លួនរបស់ជនល្មើស ទើបតែនៅថ្ងៃ៥មិថុនាម្សិលមិញនោះទេ កម្លាំងនគរបាលព្រហ្មទណ្ឌខេត្តព្រះវិហារ និងខេត្តកំពង់ចាម បានសហការរួមគ្នា ចុះស្រាវជ្រាវរកឃើញកន្លែង ហើយបានចាប់ខ្លួនជនល្មើស បញ្ជូនទៅកាន់សាលាដំបូង និងអយ្យការខេត្តព្រះវិហារ សំរេចឃុំខ្លួននៅព្រឹកថ្ងៃ៦មិថុនានេះ។

នៅខេត្តព្រះវិហារដដែលនោះដែរ មន្ត្រីនគរបាលមានឋានៈសក្តិ៣ម្នាក់ និវមានតួនាទីទទួលបន្ទុកផ្នែកសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្ត បានរងការឃាត់ខ្លួននោះហើយ បន្ទាប់ពីបានប្រើកាំបិតខ្វែវ កាប់ទៅលើប្រជាពលរដ្ឋម្នាក់ ដែលជាជនរងគ្រោះ នៅក្នុងជម្លោះពាក្យសម្តីគ្នា បណ្តាលឲ្យស្លាប់នៅក្នុងថ្លុកឈាមភ្លាមៗ។

ការផ្ទុះអំពើហឹង្សា ហើយឈានដល់ការកាប់សម្លាប់ជនរងគ្រោះនោះ ត្រូវមន្ត្រីនគរបា លជំនាញខេត្ត និយាយថា គឺបានកើតឡើងកាលពីម៉ោង៥ និង៤៥នាទីល្ងាច ថ្ងៃ៤មិថុនា២០១៧ ត្រូវនឹងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤នេះ ស្ថិតនៅភូមិពោធិ៍ខឿន ឃុំពោធិ៍ ស្រុកត្បែងមានជ័យ។

មន្ត្រីនគរបាលជំនាញព្រហ្មទណ្ឌខេត្ត បានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួននោះ មានឈ្មោះ ជឹង ម៉ុន ភេទប្រុស អាយុ៤៨ឆ្នាំ ជាមន្ត្រីនគរបាល មានឋានៈសក្តិ៣ មានតួនាទី នៅផ្នែកសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្ត។ ចំណែក ជនរងគ្រោះមានឈ្មោះ យុទ្ធ អូន ភេទប្រុស អាយុ៣០ឆ្នាំ ជនសង្ស័យ និងជនរងគ្រោះ រស់នៅភូមិស្រឡៅទូង ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

មន្ត្រីដដែលបញ្ជាក់ថា អំពើឃាតកម្មនេះ បានផ្តើមឡើងពីទាស់ពាក្យសម្តីគ្នា ធ្វើឲ្យជនសង្ស័យទប់ចិត្តមិនបាន ក៏ស្ទុះទៅយកកាំបិតខ្វែវមកកាប់ជនរងគ្រោះ បណ្តាលឲ្យដាច់ស្មាខាងឆ្វេង ប្រកាច់ដាច់ខ្យល់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។ លោកបញ្ជាក់ទៀតថា នៅគ្រានោះ កម្លាំងនគរបាលស្រុកត្បែងមានជ័យ បានចុះទៅឃាត់ខ្លួនជនសង្ស័យ ហើយនៅព្រឹកថ្ងៃ៦មិថុនានេះ ជនសង្ស័យត្រូវបានបញ្ជូនមកដល់ ស្នងការដ្ឋាននគរបាលខេត្តហើយដែរ កម្លាំងនគរបាលព្រហ្មទណ្ឌខេត្ត នឹងបញ្ជូនជនសង្ស័យជាមន្ត្រីនគរបាលនោះ ទៅកាន់តុលា ការខេត្តព្រះវិហារ នារសៀលថ្ងៃ៦មិថុនានេះ ដើម្បីចាត់ការតាមច្បាប់៕

Loading...