សាលាដំបូងខេត្តស្ទឹងត្រែង សំរេចឃុំខ្លួនឧក្រិដ្ឋជនជាតិឡាវម្នាក់ ជួញដូរគ្រឿងញៀនជិត៣០គីឡូក្រាម រត់ពន្ធឆ្លងដែនពីប្រទេសឡាវចូលមកកម្ពុជា

ខេត្តស្ទឹងត្រែង៖ បុរសជាតិឡាវម្នាក់ ដែលគេដឹងថា បានរត់ពន្ធគ្រឿងញៀន ដ៏ច្រើនសន្ធឹកសន្ធាប់ មានរហូតដល់ទៅជិត៣០គីឡូក្រាម នាំឆ្លងដែនពីប្រទេសឡាវ ចូលមកកម្ពុជា ហើយត្រូវបានកម្លាំងនគរបាលការិយាល័យទី៥ នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ សហការជាមួយនគរបាល « BLO » ប្រចាំច្រកទ្វារអន្តរជាតិត្រពាំងក្រៀល រួមជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បើកប្រតិបត្តិការស្ទាក់ចាប់បាន នៅម៉ោង ៩និង៤៥នាទីព្រឹក ថ្ងៃទី៣មិនា២០១៨ នៅចំណុចស្ពានទី២ ផ្លូវចូលទៅវ៉ឺនខាមតាមច្រកផ្លូវទឹក ស្ថិតក្នុងភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។ ក្រោយការចាប់ខ្លួន និងរឹបអូសសារធាតុញៀន៣០កញ្ចប់នោះរួច ជនសង្ស័យ រួមជាមួយវត្ថុតាងបទល្មើស ត្រូវបានបញ្ជូនមកកាន់ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង។

នាយករងមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ទោសាន សុទ្ធី បានថ្លែងឲ្យដឹងថា ជនសង្ស័យជាតិឡាវម្នាក់ ជួញដូរគ្រឿងញៀនឆ្លងដែន ដែលត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះ អាំងណូយស័ក្ខ សិរីស័ក្ខ ហៅ កុប អាយុ៤៣ឆ្នាំ កន្លែងកំណើត ភូមិសានអេ ស្រុកចំប៉ាសាក់ ខេត្តចំប៉ាសាក់ ប្រទេសឡាវ និងបច្ចុប្បន្ន រស់នៅភូមិវៀងសៃ ស្រុកហ្លួងផាបាង ខេត្តហ្លួងផាបាង ប្រទេសឡាវ។ ចំណែក វត្ថុតាងបទល្មើសដែលរឹបអូសបាននោះ មានសារធាតុញៀនម្សៅក្រាមពណ៌សថ្លា ចំនួន៣០កញ្ចប់ធំ តាមការប៉ានប្រមាណ មានទម្ងន់ប្រហែល៣០គីឡូក្រាម។

លោកឧត្តមសេនីយ៍ទោ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន បានថ្លែងទៀតថា នៅក្នុងប្រតិបត្តិការបង្ក្រាប ការរត់ពន្ធគ្រឿងញៀនឆ្លងដែននេះ គឺកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បានធ្វើឡើងតាមវិធានញុះញង់ និងក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៣ សម្តេចក្រឡាហោម ស ខេង អគ្គស្នងការនគរបាលជាតិ និងជាប្រធានលេខាធិការដ្ឋាន នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនលើកទី៣ នាយឧត្តមសេនីយ៍ នេត សាវឿន និងដោយមានការបញ្ជាដឹកនាំដោយផ្ទាល់ពី អគ្គស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ នោះផងទៀត ទើបធ្វើឲ្យកម្លាំងប្របត្តិការ ការិយាល័យទី៥ នៃមន្ទីរប្រឆាំងគ្រឿងញៀន ឈានទៅសំរេចបានលទ្ធផលមួយគួរជាទីមោទនៈ ដែលខេត្តស្ទឹងត្រែង ដែនដីភាគឥសាន្តមួយនេះពីមុនមក មិនធ្លាប់បង្ក្រាបបានទាល់តែសោះ នូវគ្រឿងញៀនដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ ដែលក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀន តែងតែធ្វើសកម្មភាពនាំឆ្លងដែន ចូលមកកម្ពុជា តាមច្រករបៀងនានា នៃខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ។

ប្រធានការិយាល័យប្រឆាំងគ្រឿង ខេត្តស្ទឹងត្រែង លោកវរៈសេនីយ៍ទោ ចែម ផានិត បានប្រាប់ឲ្យដឹងថា សារធាតុញៀនដែលកម្លាំងប្រតិបត្តិការបង្ក្រាប និងរឹបអូសបានពីជនសង្ស័យជាតិឡាវម្នាក់ ឈ្មោះ អាំងណូយស័ក្ខ សិរីស័ក្ខ ហៅ កុប នោះ មានចំនួន៣០កញ្ចប់ធំ និងនៅក្រោយពីធ្វើតេស្ត និងថ្លឹងនោះរួច ឃើញថា សារធាតុញៀននោះ គឺជាថ្នាំញៀនប្រភេទមេតំហ្វេតាមីន ice ម៉ាទឹកកក មានទម្ងន់២៩.៨៨៥,១ក្រាម «២៩គីឡូក្រាម និង៨៨៥,១ខាំ» គឺជិតស្មើនឹង៣០គីឡូក្រាម។ លោកថា ការធ្វើតេស្តរកសារធាតុញៀននោះ ក៏មានការចូលរួមពីតំណាងចៅក្រមស៊ើបសួរ និងពីតំណាងអយ្យការ នៃសាលាដំបូងខេត្តស្ទឹងត្រែងនោះផងដែរ។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានផ្តល់ចម្លើយថា រូបគេមិនមែនជាម្ចាស់ នៃគ្រឿងញៀនទាំងនេះទេ រូបគេគ្រាន់តែជាអ្នកស៊ីឈ្នួល យួរគ្រឿងញៀនឆ្លងដែនឲ្យគេ បានប្រាក់ក្នុងតម្លៃជា២សែនបាតតែប៉ុណ្ណោះ ពេលនាំឆ្លងដែនពីខេត្តចំប៉ាសាក់ ប្រទេសឡាវ ចូលមកខេត្តស្ទឹងត្រែងកម្ពុជា ក៏ត្រូវសមត្ថកិច្ចកម្ពុជា ឃាត់ខ្លួនតែម្តង។

លោក ចែម ផានិត បានបា្រប់ទៀតថា នៅល្ងាចថ្ងៃអាទិត្យទី៤មីនាម្សិលមិញនោះ ជនសង្ស័យជាឧក្រិដ្ឋជន ជួញដូរគ្រឿងញៀនឆ្លងដែនជាតិឡាវ អាំងណូយស័ក្ខ សិរីស័ក្ខ ហៅ កុប នោះ ត្រូវបានតំណាងអយ្យការ និងចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តស្ទឹងត្រែង បានសំរេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្តោះអាសន្ននោះហើយ ក្រោមបទចោទ «ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន» អំពើល្មើសនេះមានចែង និងផ្តន្ទាទោសតាមមាត្រា៤០ នៃច្បាប់ស្តីពីគ្រឿងញៀន។ ដីកាសំរេចបានបញ្ជាឲ្យភ្នាក់ងារមានសមត្ថកិច្ច នៃកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទ ទៅពន្ធនាគារខេត្តស្ទឹងត្រែង ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់។ ច្បាប់គ្រឿងញៀនប្រទេសកម្ពុជាបានចែងថា ជនណាជួញដូរគ្រឿងញៀន មានទម្ងន់ចាប់ពី៣០ក្រាមឡើងទៅ នឹងត្រូវប្រឈមផ្តន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត៕

Loading...