សាលាដំបូងរាជធានីភ្នំពេញឃុំខ្លួនជនសង្ស័យម្នាក់ដែលជាបក្ខពួករបស់មេក្លោងជួញដូរថ្នាំញៀនមានទម្ងន់ជាង៥០គីឡូក្រាមជាម្ចាស់សណ្ឋាគារមួយដ៏ធំនៅខេត្តរតនគីរី

ខេត្តស្ទឹងត្រែង៖ ជនសង្ស័យម្នាក់ទៀត ដែលជាបក្ខពួកមេក្លោងជួញដូរថ្នាំញៀន មានទម្ងន់ជាង៥០គីឡូក្រាម ដែលសមត្ថកិច្ចចាប់ខ្លួននៅរាជធានីភ្នំពេញម្នាក់ និងក្រោយមកចាប់ខ្លួនបុរសម្នាក់ទៀត ជាម្ចាស់សណ្ឋាគារដ៏ធំមួយ នៅខេត្តរតនគិរី កាលពីជាងពាក់កណ្តាលខែឧសភាកន្លងមកនោះ នៅម៉ោងជាង៧យប់ ថ្ងៃ១៥សីហាកន្លងទៅនេះ បក្ខពួកម្នាក់ទៀត ជាថៅកែរថយន្តតាក់ស៊ី ជាប់ពាក់ព័ន្ធនឹងការជួញដូរ និងរក្សាទុកសារធាតុខុសច្បាប់ បានរងការចាប់ខ្លួនពីកម្លាំង នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ សហការណ៍ជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តស្ទឹងត្រែង នៅនឹងលំនៅដ្ឋាន ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង បញ្ជូនទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ក្រោមការអនុវត្តដីការបស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ។

ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ ដែលចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ន និងនៅក្រោយការបង្គាប់ឲ្យចាប់ខ្លួនកាលពីយប់ថ្ងៃ១៥សីហាកន្លងទៅនោះ ត្រូវមន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនខេត្តស្ទឹងត្រែង បង្ហើបឲ្យដឹងថា មានឈ្មោះ ថង វ៉ាង អាយុ៣៦ឆ្នាំ មុខរបរជាថៅកែរថយន្តតាក់ស៊ី ស្ទឹងត្រែង-ភ្នំពេញ រស់នៅភូមិឃុំឃាត់ខ្លួនខាងលើ។ មន្ត្រីដដែលបានបង្ហើបទៀតថា ការចាប់ខ្លួនជនសង្ស័យរូបនោះ គឺអនុវត្តតាមដីកាបង្គាប់ឲ្យនាំខ្លួន របស់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃ១៥សីហាកន្លងទៅ ដោយពាក់ព័ន្ធការដឹកជញ្ជូនគ្រឿងញៀនពី ខេត្តស្ទឹងត្រែង មកឲ្យមេក្លោងជួញដូរគ្រឿននៅភ្នំពេញ។ ហើយមេក្លោងជួញដូរថ្នាំញៀនទាំងពីរនាក់នោះ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ជាមួយថ្នាំញៀនមេតំហ្វេតាមីន Ice ម៉ាទឹកកក ហេរ៉ូអ៊ីន និងមេតំហ្វេតាមីនគ្រាប់ មានទម្ងន់ជាង៥០គីឡូក្រាម កាលពីថ្ងៃ១៨ឧសភា២០១៧កន្លងទៅ គឺម្នាក់ឈ្មោះ លួន សុផា អាយុ៣០ឆ្នាំ ឃាត់ខ្លួននៅភ្នំពេញ និងម្នាក់ទៀត ឈ្មោះ ស៊ី ឡាឡយ ហៅខាំឡយ អាយុ៤២ឆ្នាំ ជាម្ចាស់សណ្ឋាគារដ៏ធំមួយ នៅខេត្តរតនគិរី និងត្រូវបានចាប់ខ្លួននៅខេត្តរតនគិរី។

នៅថ្ងៃ១៦សីហាម្សិលមិញ ជនសង្ស័យថង វ៉ាង ត្រូវបានចៅក្រមស៊ើបសួរ របស់សាលាដំបូងរាជធានីភ្នំពេញ លោក ធាម ច័ន្ទពិសិដ្ឋ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ន នៅក្នុងពន្ធធនាគារព្រៃសនោះហើយ។ ចំណែក ជនសង្ស័យជាមេក្លោងជួញដូរថ្នាំញៀន ពីរនាក់ ឈ្មោះ លួន សុផា អាយុ៣០ឆ្នាំ និងឈ្មោះ ស៊ី ឡាឡយ ហៅខាំឡយ អាយុ៤២ឆ្នាំ កាលពីរសៀលថ្ងៃ២៣ឧសភា២០១៧កន្លងទៅ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោកស្រី ថ្លាង ផាណែត បានចេញដីកាឃុំខ្លួននោះហើយដែរ ក្រោមការចោទប្រកាន់ពីបទ «រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន»៕

Loading...