សាលាដំបូងសម្រេចបញ្ជូនលោក ហុង សុខហួរ ទៅឃុំនៅស្នងការដ្ឋានរាជធានី

ភ្នំពេញ ៖សាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៥ ខែសីហា សម្រេចបញ្ជូនសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ត្រឡប់ទៅឃុំខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ វិញ ដើម្បីបន្តការសាកសួរនៅថ្ងៃស្អែក។ ការសម្រេចនេះបន្ទាប់ពីតុលាការបានសាកសួរលោក ហុង សុខហួរ អស់រយៈពេលជាង ៤ម៉ោងរួចមក។

សមត្ថកិច្ចបានបញ្ជូនសមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ ដោយមានដៃជាប់ខ្នោះ មកដល់សាលាដំបូងរាជធានីភ្នំពេញ កាលពីម៉ោងជិត ៣រសៀលថ្ងៃទី១៥ សីហា ដើម្បីធ្វើការសាកសួររហូតដល់ម៉ោងជាង ៧ល្ងាច។ លោក ហុង សុខហួរ ត្រូវបានបញ្ជូនមកតាមរថយន្តរបស់សមត្ថកិច្ច និងត្រូវបានបញ្ជូនចូលបន្ទប់សាកសួរយ៉ាងប្រញាប់ប្រញាល់ជាទីបំផុត។ ចំណែកនៅខាងក្រៅតុលាការវិញ មានសកម្មជនគណបក្សប្រឆាំងប្រមាណជាង ២០នាក់ និងភរិយារបស់លោក ហុង សុខហួរ ផង ឈរទាមទារឲ្យមានការដោះលែង។ ភរិយារបស់លោក ហុង សុខហួរ មានប្រសាសន៍ថា ការចាប់ខ្លួនស្វាមីរបស់អ្នកស្រី គឺជារឿងនយោបាយសុទ្ធសាធ។

សមាជិកព្រឹទ្ធសភាមកពីខាងគណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃទី១៥ ខែសីហា នាគេហដ្ឋានតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក យន្ត ថារូ ក្នុងរាជធានីភ្នំពេញ។

មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានឲ្យដឹងថា លោក ហុង សុខហួរ ត្រូវបានបញ្ជូនទៅឃុំខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មុនបញ្ជូនមកកាន់តុលាការ។ គណបក្សសង្គ្រោះជាតិ បានរៀបចំមេធាវីចំនួន ២នាក់ ដើម្បីកាន់រឿងក្ដីនេះ គឺលោកមេធាវី ជូង ជូងី និងមេធាវី ម៉េង សុធារី។

លោក អេង ឆៃអ៊ាង បានឲ្យដឹងទៀតថា ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលគ្រោងនឹងមកដល់កម្ពុជា ពីបរទេសនៅថ្ងៃអាទិត្យ នេះ បានទូរស័ព្ទទាក់ទងទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីពិភាក្សារកដំណោះស្រាយជុំវិញបញ្ហានេះ ប៉ុន្តែពុំមានលទ្ធផលនោះទេ។ លោកបន្តថា ស្ថានទូតបារាំង ប្រចាំនៅកម្ពុជា បានធានាចំពោះក្រុមគ្រួសារលោក ហុង សុខហួរ ថា ស្ថានទូតនឹងផ្ដល់ការការពារផ្លូវច្បាប់ចំពោះលោក ហុង សុខហួរ ដោយសារលោកមានសញ្ជាតិបារាំង។

លោក ហ៊ុន សែន កាលពីថ្ងៃទី១៣ ខែសីហា បានចេញបញ្ជាឲ្យសមត្ថកិច្ចចាប់ខ្លួន លោក ហុង សុខហួរ ចោទថា ក្បត់ជាតិ ដោយបានក្លែងឯកសារជាតិពាក់ព័ន្ធនឹងសន្ធិសញ្ញាសន្តិភាពមិត្តភាព និងសហប្រតិបត្តិការរវាងសាធារណរដ្ឋប្រជាមានិតកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំ១៩៧៩៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *