សាលារាជធានីភ្នំពេញចេញសេចក្តីសម្រេច​​កំណត់កម្រិតទឹកប្រាក់ពិន័យអន្តរការណ៍ ទៅតាមវិធានការរដ្ឋបាលនីមួយៗ

ភ្នំពេញ៖ សាលារាជធានីភ្នំពេញកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចពិន័យអន្តរការណ៍​ចំពោះបុគ្គល​ដែលមិនគោរពដោយចេតនា​វិធានការរដ្ឋបាលក្នុងការទប់ស្កាត់ ការឆ្លងរាលដាលជំងឺ​កូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត​ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។

សេចក្តីសម្រេចបានកំណត់កម្រិតទឹកប្រាក់ពិន័យអន្តរការណ៍ ទៅតាមវិធានការរដ្ឋបាលនីមួយៗ ចំពោះបុគ្គលដែលមិនគោរពដោយចេតនានូវវិធានការរដ្ឋបាល ដែលរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញបានដាក់ចេញក្នុងគោលបំណងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ។

១- បុគ្គលដែលមិនគោរពដោយចេតនានូវវិធានការរឹតត្បិតការឬការហាមឃាត់ការធ្វើដំណើរដូចមានចែងក្នុងមាត្រា ៤ នៃអនុក្រឹត្យលេខ ៥៧ អនក្រ.បក ចុះថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ ពិន័យអន្តរការណ៍ ២លាន៥ ពាន់រៀល រយៈពេលត្រូវបង់ប្រាក់ពិន័យអន្តរការណ៍ ៣០ថ្ងៃ ។

២- បុគ្គលដែលមិនគោរពដោយចេតនានូវវិធានការរឹតត្បិត ឬការប្រមូលផ្ដុំមនុស្សដូចមានចែងក្នុងមាត្រា៥នៃអនុក្រឹត្យលេខ ៥៧ អនក្រ.បក ចុះថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ ត្រូវពិន័យទឹកប្រាក់អន្តរការណ៍ ២លានរៀល រយៈពេលត្រូវបង់ប្រាក់ពិន័យអន្តរការណ៍ ៣០ថ្ងៃ ។

៣- បុគ្គលដែលមិនគោរពដោយចេតនានូវវិធានការហាមឃាត់សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដូចមានចែងក្នុងមាត្រា៦នៃអនុក្រឹត្យលេខ ៥៧ អនក្រ.បក ចុះថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ ត្រូវពិន័យទឹកប្រាក់អន្តរការណ៍ ចំនួន៣លានរៀល និងរយៈពេលត្រូវបង់ប្រាក់ពិន័យអន្តរការណ៍ ចំនួន៣០ថ្ងៃ ។

៤- បុគ្គលដែលមិនគោរពដោយចេតនានូវវិធានការរឹតត្បិត ឬការហាមឃាត់ការធ្វើចរាចរណ៍ ចេញ-ចូល តំបន់ ឬទីកន្លែងដែលមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ដូចមានចែងក្នុងមាត្រា៧ នៃអនុក្រឹត្យលេខ ៥៧ អនក្រ.បក ចុះថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ ពិន័យទឹកប្រាក់អន្តរការណ៍ ចំនួន៣លានរៀល រយៈពេលត្រូវបង់ប្រាក់ពិន័យអន្តរការណ៍ ៣០ថ្ងៃ ។

៥- បុគ្គលដែលមិនគោរពដោយចេតនានូវវិធានការបម្រាមគោចរដូចមានចែងក្នុងមាត្រា៨ នៃអនុក្រឹត្យលេខ ៥៧ អនក្រ.បក ចុះថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ ត្រូវពិន័យអន្តរការណ៍ ៣លានរៀល រយៈពេលត្រូវបង់ប្រាក់ពិន័យអន្តរការណ៍ ៣០ថ្ងៃ ។

៦- បុគ្គលដែលមិនគោរពដោយចេតនានូវវិធានការបិទខ្ទប់តំបន់ ឬទីកន្លែងដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដូចមានចែងក្នុងមាត្រា៩ នៃអនុក្រឹត្យលេខ ៥៧ អនក្រ.បក ចុះថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ ត្រូវពិន័យអន្តរការណ៍ ៤លានរៀល រយៈពេលត្រូវបង់ប្រាក់ពិន័យអន្តរការណ៍ ៣០ថ្ងៃ ។

៧- បុគ្គលដែលមិនគោរពដោយចេតនានូវវិធានការរឹតត្បិត ឬការហាមឃាត់ការធ្វើពាណិជ្ជកម្មលើទំនិញដែលជាហានិភ័យ ឬក៏ជាប្រភពនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដូចមានចែងក្នុងមាត្រា១០ នៃអនុក្រឹត្យលេខ ៥៧ អនក្រ.បក ចុះថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ ត្រូវពិន័យទឹកប្រាក់អន្តរការណ៍ ៥លានរៀល រយៈពេលត្រូវបង់ប្រាក់ពិន័យអន្តរការណ៍ ៣០ថ្ងៃ ។

៨-បុគ្គលដែលមិនគោរពដោយចេតនានូវវិធានការរដ្ឋបាលផ្សេងទៀតដែលមានភាពចាំបាច់ដើម្បីឆ្លើយតបនឹងការទប់ស្កាត់ ជំងឺកូវីដ-១៩ ត្រូវពិន័យជាប្រាក់អន្តរការណ៍ចំនួន ២លាន៥ ពាន់រៀល រយៈពេលត្រូវបង់ប្រាក់ពិន័យអន្តរការណ៍ ៣០ថ្ងៃ ៕ ថាច់ យ៉ាត

Loading...