សិក្ខាកាមនគរបាលទើបជាប់ក្របខ័ណ្ឌថ្មី១៧៤នាក់ហ្វឹកហាត់លំហាត់ជាក់ស្តែងវិជ្ជាជីវៈនគរបាលជាតិនិងការណែនាំត្រូវមានភក្តីភាពចពោះរាជរដ្ឋាភិបាលកម្ពុជានិងជាតិ សាសនា ព្រះមហាក្សត្រ

ភ្នំពេញ៖ សិក្ខាកាមនគរបាលទើបតែប្រឡងជាប់ក្របខណ្ឌថ្មី១៧៤នាក់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ បានហ្វឹកហាត់លំហាត់របៀបជាក់ស្តែងជាមូលដ្ឋានគ្រឹះមេរៀនវិជ្ជាជីវៈនគរបាលជាតិនិងការណែនាំត្រូវគោរព អនុវត្ត បទបញ្ជានិងមានភក្តីភាពចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រនិងលះបង់សព្វបែបយ៉ាងដើម្បីបុព្វហេតុជាតិនិងមាតុភូមិ។

សិក្ខាកាមខាងលើទទួលបានបណ្តុះបណ្តាលវគ្គបំប៉នជំនាញនិងលំហាត់របៀបដោយរៀនសូត្ររយៈពេល២សប្តាហ៍ពង្រឹងសមត្ថភាពបន្ថែមក្រោយពីសិក្ខាកាមនគរបាលទាំងនោះ ប្រឡងជាប់ក្របខណ្ឌនគរបាលជាតិហើយទើបតែបញ្ជូនពីការរៀនសូត្រនៅសាលានគរបាលជាតិយោធភូមិភាគ២ខេត្តកំពង់ចាម។

ឯកឧត្តមវរសេនីយ៍ឯក ព្រំ ចាន់ណា ស្នងការរងទទួលការងារជំនួយដឹកនាំការិយាល័យនគរបាលអន្តរាគមនិងតម្រួតបទបញ្ជាជាអ្នកដឹកនាំហ្វឹកហាត់ ក៏បានណែនាំ សិក្ខាកាមនគរបាលត្រូវគោរពវិន័យ នគរបាលជាតិ គោរពច្បាប់ បទបញ្ញត្តិ និងអនុវត្តដោយស្មោះត្រង់ តាមកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល បម្រើផលប្រយោជន៍ប្រជាពលរដ្ឋជាធំនិងមិនធ្វើអ្វីឱ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់នគរបាលជាតិនោះឡើយ។

ឯកឧត្តម ស្នងការរងក៏បានណែនាំថា ក្នុងនាមនគរបាលជាតិ មានអាកប្បកិរិយា សុភាពរាបសារ ថ្លៃថ្នូរ  ស្មារតីទទួលខុសត្រូវ ម៉ឺងម៉ាត់ការងារ និងមានភាពស្មោះត្រង់នឹងវិជ្ជាជីវៈនគរបាលជាតិ។

សូមបញ្ជាក់ថាសិក្ខាកាមនគរបាលជាតិ១៧៤នាក់ ក្នុងនោះស្រី ៣៩នាក់ រៀនសូត្រនូវមេរៀនវិន័យកងកម្លាំងនគរបាលជាតិ០០៦,មេរៀនលំហាត់របៀប,នីតិវិធីព្រហ្មទណ្ឌ, ការពារកន្លែងកើតហេតុ,ការងារគ្រប់គ្រងស្នាក់នៅនិងការងារចរាចរណ៍ផ្លូវគោក។វគ្គសិក្សាចាប់ផ្តើមកាលពីថ្ងៃទី១៥ ខែឧសភា ហើយបញ្ចប់នៅថ្ងៃទី២៨ ខែឧសភា ខាងមុខនេះ៕

Loading...