សិក្ខាកាមយោធាកម្ពុជា៧រូបទទួលចំណាត់ថ្នាក់លេខ៣ ក្នុងចំណោម៧ប្រទេស ក្នុងការប្រកួតកីឡាយោធាអន្តរជាតិនៅប្រទេសរុស្ស៊ី

ភ្នំពេញ៖ យោងតាមរបាយការណ៍ដែលផ្តល់ដោយ ការិយាល័យអនុព័ន្ធយោធារបស់ ព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងមូស្គូ បានឲ្យដឹងថា សិក្ខាកាមយោធាកម្ពុជា៧រូប ដែលកំពុងសិក្សានៅសាលាបញ្ជាការជាន់ខ្ពស់ទ័ពអាកាសឆត្រយោង ទីក្រុង Ryazan សហព័ន្ធរុស្ស៊ី បានចំណាត់ថ្នាក់លេខ៣ ក្នុងចំណោម៧ប្រទេស ក្នុងកម្មវិធីប្រកួតកីឡាយោធាអន្តរជាតិលើកទី៦ International Army’s Game 2020 លើវិញ្ញាសាទ័ពឆត្រយោង ( Airborne platoon)។ សមិទ្ធិផលទាំងនោះ ត្រូវគេរាយការណ៍ថា កើតចេញពីស្មារតីស្រលាញ់ជាតិ មាតុភូមិ និងគោរពវិន័យខ្ពស់ របស់សិក្ខាកាមយោធាកម្ពុជា។

សិក្ខាកាមទាំង៧រូបមាន ១- នាយចំណង់ ថ្លៃ សំរិទ្ធ ជាប្រធានក្រុម, ២- នាយចំណង់ ច័ន្ទ សុវណ្ណតារា, ៣-នាយចំណង់ ខឹម សុខខុម, ៤-នាយចំណង់ មាស ឡាអុល, ៥- នាយចំណង់ អា វិចិត្ត, ៦-នាយចំណង់ រុំ សារ៉ាត និង៧ នាយចំណង់ រឿន សុថុន។ ប្រទេសចូលរួមប្រកួតមានចំនួន១១ប្រទេស គឺរុស្សី, ចិន, អាល់ហ្សេរី, ប៊ែលឡារុស, កម្ពុជា, កុងហ្គោ, ណាមីប៊ី, ស៊ូដង់, ម៉ាលី, តាជីគីស្ថាន និងអេក្វាឌ័រ។

គួររំលឹកជូនថា ការប្រកួតកីឡាកងទ័ពអន្តរជាតិលើកទី៦ ឆ្នាំ២០២០នេះ ត្រូវបានប្រារព្ធពិធីបើកតាំងពី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ និងបញ្ចប់នៅថ្ងៃទី០១ ខែកញ្ញាឆ្នាំ២០២០។ នេះជាលើកទីពីរហើយដែល និស្សិតយោធាកម្ពុជាបានចូលរួមប្រកួតប្រជែងដណ្តើមយកលទ្ធផលល្អក្នុងការប្រកួតកីឡាយោធាអន្តរជាតិនេះ៕

 

Loading...